អគ្គស្នងការរង ៖ ការគ្រប់គ្រងប្រាក់ពិន័យបទល្មើសចរាចរណ៍ មានលក្ខណៈជាក់លាក់ តម្លាភាព
ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យពិភាក្សា ស្ដីពីកិច្ចសហប្រតិបត្តិការប្រមូលប្រាក់ពិន័យចរាចរណ៍ តាមរយៈសេវាធនាគាអេឡិចត្រូនិក ។
នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ លោក ម៉ៅ ប៊ុនណារិន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា ស្ដីពីកិច្ចសហប្រតិបត្តិការប្រមូលប្រាក់ពិន័យចរាចរណ៍ តាមរយៈសេវាធនាគាអេឡិចត្រូនិក របស់ធនាគារជាដៃគូរបម្រើសេវាកម្មប្រតិបត្តិការចំណូល-ចំណាយថវិការដ្ឋ ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋាននានា ព្រមទាំងមន្រ្តីពាក់ព័ន្ធផងដែរ។
លោក ម៉ៅ ប៊ុនណារិន លើកឡើងថា កិច្ចនេះធ្វើឡើងតាមសំណើរបស់ធនាគារអេឡិចត្រូនិក នៃធនាគារដៃគូរ ដើម្បីចូលរួមក្នុងការប្រមូលនូវការផាកពិន័យចរាចរណ៍ ក្នុងការតាមដានការនូវអនុវត្តបានកម្រិតណា និងដើម្បីស្វែងរកគន្លឹះ និងគំនិតយោបល់ផ្សេងៗបន្ថែមទៀត។
ក្នុងកិច្ចប្រជុំនោះដែរ លោក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ លើកឡើងថា ការអនុវត្តនីតិវិធីនៃការគ្រប់គ្រង ការប្រមូល ការបែងចែកប្រាក់ពិន័យ ការប្រើប្រាស់បង្កាន់ដៃពិន័យ គឺមានយន្តការច្បាស់លាស់ និងត្រួតពិនិត្យត្រឹមត្រូវ បើទោះជានីតិវិធីមិនទាន់មានភាពជឿនលឿននៃបច្ចេកទេសក្នុងការគ្រប់គ្រង ប៉ុន្តែមានលក្ខណៈជាក់លាក់ មានតម្លាភាព និងមិនមានបញ្ហាអ្វីដែលធ្វើឲ្យបាត់បង់ប្រាក់ចំណូល ឬកិត្តិយស សេចក្ដីថ្លៃថ្នូររបស់កងកម្លាំងនគរបាលនោះឡើយ។
លោក ហ៊ឹម យ៉ាន បានគូសបញ្ជាក់ថា ស្របតាមជំហររបស់អគ្គស្នងការនគរបាលជាតិ ចំពោះសំណើរបស់ស្ថាប័នហិរញ្ញវត្ថុផ្សេងៗទៅលើបញ្ហាការបង់ប្រាក់ពិន័យនេះ គឺមិនទាន់អាចឆ្លើយតបបាននៅឡើយទេ ព្រោះអគ្គស្នងការដ្ឋាននគរបាលជាតិ ចង់ឲ្យមានការជួបផ្ទាល់រវាងអ្នកល្មើស និងនគរបាលចរាចរណ៍ ដើម្បីធ្វើការផ្សព្វផ្សាយអប់រំអំពីករណីល្មើស និងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។
ជាងនេះទៀត លោក ហ៊ឹម យ៉ាន បញ្ជាក់ដែរថា សភាពការណ៍ នៃការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ក្នុងរយៈពេល ២ខែនេះ មានលក្ខណៈល្អប្រសើរ ដែលបានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាង១១% អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មានការថយចុះជាង២០% និងអ្នករបួសមានការថយចុះជាង២០% ។ ក្នុងនោះដែរ ក្នុងខែ ឧសភាកន្លងទៅ មានការផាកពិន័យចំនួន ៤៤០០០ករណី ក្នុងនោះបទល្មើសម៉ូតូមាន ចំនួន៧៦% និងរថយន្តចំនួន២៤%៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!