អភិបាលខេត្តសៀមរាប ជួបសំណេះសំណាលជាមួយរដ្ឋបាលក្រុង និងសង្កាត់ ដើម្បីដោះស្រាយបញ្ហាប្រឈម និងសំណូមពរការងារជាក់ស្តែង
អភិបាលខេត្តសៀមរាប ជួបសំណេះសំណាលជាមួយរដ្ឋបាលក្រុង និងសង្កាត់ ដើម្បីដោះស្រាយបញ្ហាប្រឈម និងសំណូមពរការងារជាក់ស្តែង ។
កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា គណៈអភិបាលក្រុង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាសង្កាត់ នៅក្នុងក្រុងសៀមរាប ។
លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត បានលើកឡើងថា ជំនួបនាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងពិភាក្សាលើបញ្ហាមួយចំនួន រួមមាន ១.ការងារសន្តិសុខរួមមាន ការងារបង្ការ បង្ក្រាបបទល្មើសគ្រឿងញៀន លួច ឆក់ ល្បែងស៊ីសង ២.ការផ្ដល់សេវានៅច្រកចេញចូលតែមួយ ៣. ការប្រើប្រាស់មូលនិធិសង្កាត់ និង ៤. ការក្តាប់នូវបញ្ហាប្រឈម និងសំណូមពរនានារបស់អាជ្ញាធរមូលដ្ឋាន។
នៅក្នុងនោះ លោក ទៀ សីហា បានផ្តល់នូវអនុសាសន៍ និងណែនាំដល់មន្ត្រីក្រោមឳវាទ មួយចំនួនដូចខាងក្រោម៖
១. ចំពោះការងារសន្តិសុខ គណៈបញ្ជាការឯកភាពក្រុងត្រូវយកចិត្តទុកដាក់ទៅលើការបង្ក្រាបបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ ល្បែងស៊ីសង ដោយមានផែនការអនុវត្តជាប្រចាំ
២. លើកទឹកចិត្តអោយរដ្ឋបាលក្រុង និង រដ្ឋបាលសង្កាត់ បន្តបើកផ្លូវតាមផែនការគ្រោងទុក
៣. ប្រធានអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្ត និងការិយាល័យច្រកចេញចូលតែមួយរដ្ឋបាលក្រុង ត្រូវសហការស្រង់ស្ថិតិ រឺម៉ក(រ៉ឺម៉កសណ្តោង និងរឺកម៉កកង់បី PassApp) ដើម្បីពិនិត្យលទ្ធភាពជំរុញការប្រើប្រាស់អាវកាក់
៤. រដ្ឋបាលក្រុងត្រូវយកចិត្តទុកដាក់លើការសំអាតដី ឬធូលីតាមថ្នល់ ក្រោយពីទទួលបានរថយន្តបោសសំអាតថ្នល់ពីរដ្ឋបាលខេត្ត
៥. រដ្ឋបាលក្រុង ត្រូវជំរុញការផ្សព្វផ្សាយព័ត៌មានចំពោះសកម្មភាព និងសមិទ្ធផលដែលរដ្ឋបាលក្រុង និងរដ្ឋបាលសង្កាត់បានខិតខំប្រឹងប្រែងអនុវត្ត
៦. បន្តផ្សព្វផ្សាយ និងជំរុញអោយបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតអោយមកដាក់ពាក្យស្នើសុំដើម្បីទទួលការវាយតម្លៃចំណាត់ថ្នាក់គ្រួសារក្រីក្រ។
ក្នុងឪកាសនោះដែរ លោកអភិបាលខេត្ត ក៏បានប្រគល់រថយន្តបោសសំអាតក្រុង ជូនដល់រដ្ឋបាលក្រុងសៀមរាប ចំនួន១គ្រឿងផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!