រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ
រដ្ឋាភិបាលជប៉ុន សម្រេចផ្ដល់ជំនួយសង្គ្រោះបន្ទាន់ ដែលរួមមានគ្រឿងបរិក្ខាវេជ្ជសាស្ត្រ និងជំនួយបច្ចេកទេស គិតជាទឹកប្រាក់ចំនួន ៦.៣២០.១៦៧ ដុល្លារអាមេរិក ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ។
បើយោងតាមការប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ បានអោយដឹងថា ដើម្បីចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិក្នុងការដោះស្រាយបញ្ហារាតត្បាតនៃជំងឺកូវីដ-១៩ និងជាពិសេសដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺនេះនៅកម្ពុជា រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដែលរួមមានគ្រឿងបរិក្ខាវេជ្ជសាស្ត្រ និងជំនួយបច្ចេកទេស គិតជាទឹកប្រាក់ចំនួន ៦.៣២០.១៦៧ ដុល្លារអាមេរិក ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដោយការផ្ដល់ជំនួយនេះ តាមរយៈការិយាល័យអង្គការសហប្រជាជាតិ សម្រាប់សេវាកម្មគម្រោង(UNOPS)។
ក្រសួងការបរទេសកម្ពុជា បានទទួលស្គាល់ពីសមានចិត្តគាំទ្ររបស់រដ្ឋាភិបាលជប៉ុន ក្នុងកំឡុងពេល និងកាលៈទេសៈលំបាកមិនធ្លាប់មាននេះ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាប្រើប្រាស់ជំនួយសង្រ្គោះបន្ទាន់ដ៏មានតម្លៃនេះ ដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវគ្រោះមហន្តរាយសុខភាពសកលបណ្តាលពីជំងឺកូវីដ-១៩ និងស្តារឡើងវិញចំពោះផលប៉ះពាល់ទាំងឡាយផ្នែកសេដ្ឋកិច្ចនិងសង្គម ព្រមទាំងធានាបាននូវសុខុមាលភាពរបស់ប្រជាជនកម្ពុជា។
ជាមួយគ្នានេះ ក្រសួងការបរទេស បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយសង្រ្គោះបន្ទាន់ដ៏មានតម្លៃនេះរបស់រដ្ឋាភិបាលជប៉ុន ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!