រដ្ឋបាលខេត្តព្រះសីហនុ ត្រៀមសម្ភារៈបរិក្ខារចុះដាក់ថ្នាំអាល់ប៊ែត និងបាញ់ថ្នាំសម្លាប់មូសខ្លា នៅក្នុងខេត្តព្រះសីហនុ
នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំស្តីពីការត្រៀមបម្រុងសម្ភារៈបរិក្ខារ ចុះដាក់ថ្នាំអាល់ប៊ែត និងបាញ់ថ្នាំសម្លាប់មូសខ្លា នៅក្នុងខេត្តព្រះសីហនុ ។
តាមរយៈលោក ទី លីឡេង ប្រធានកម្មវិធីគ្រុនឈាមខេត្តព្រះសីហនុ បានឱ្យដឹងថា ក្រុមការងារបានបញ្ជូនអាល់ប៊ែត និងថ្នាំបាញ់សម្លាប់មូសខ្លា ទៅកាន់មណ្ឌលសុខភាពក្រុង ស្រុក នៃខេត្តព្រះសីហនុ រួចរាល់ហើយ ព្រមទាំងសំណូមពរដល់អាជ្ញាធរក្រុង ស្រុក ត្រូវចុះពិនិត្យកន្លែងជួសជុលរថយន្ត កន្លែងប៉ៈកង់ ពិសេសសំបកកង់រថយន្ត ម៉ូតូ ទុកមិនត្រឹមត្រូវ ដែលបង្កជាជម្រកសត្វមូសខ្លា។
លោកប្រធានកម្មវិធីគ្រុនឈាមខេត្តព្រះសីហនុ បានបញ្ជាក់ថា មកដល់ ២៣សប្តាហ៍ ដើមឆ្នាំ២០២០នេះ ជំងឺគ្រុនឈាមនៅខេត្តព្រះសីហនុ កើតឡើងចំនួន ១២៥ករណី បើប្រៀបធៀបទៅនឹង ២៣សប្តាហ៍ឆ្នាំ២០១៩ កើតមានចំនួន ៤៦៧ករណី បានថយចុះ ៤ដង ដោយសារតែឆ្នាំ២០១៩ នៅទូទាំងប្រទេសកម្ពុជា វាបានផ្ទុះនូវជំងឺគ្រុនឈាម ដោយជំងឺនេះ ក្នុងរយៈពេល ៤ឆ្នាំ វាផ្ទុះម្តង ព្រោះជំងឺគ្រុនឈាម វាកើតឡើងតាមរដូវកាល។
ក្នុងកិច្ចប្រជុំនេះ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានធ្វើការណែនាំដល់អាជ្ញាធរក្រុងស្រុក ក៏ដូចជាមន្ទីរ អប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ ជួយអប់រំផ្សព្វផ្សាយដល់សិស្សានុសិស្ស អាណាព្យាបាល និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវធ្វើអនាម័យនៅតាមលំនៅដ្ឋាន សហគមន៍ កុំឱ្យមានទឹកដក់ក្នុងសំបកកំប៉ុង សំបកកង់ឡាន ម៉ូតូ ដែលជាជម្រកមូសខ្លា ដើម្បីការពារសុខុមាលភាពកូនចៅ និងខ្លួនឯង ហេតុថា ជំងឺគ្រុនឈាមនេះ វាកើតលើកុមារ និងមនុស្សចាស់ ផងដែរ ។
លោកអភិបាលរងខេត្ត ក៏បានជម្រុញឱ្យអាជ្ញាធរ និងសាខាកាកបាទក្រហមខេត្ត បើកយុទ្ធនាការចុះដាក់ថ្នាំអាល់ប៊ែតនៅតាមខ្នងផ្ទះប្រជាពលរដ្ឋនៅតាមភូមិ ឃុំ ក្រុង ស្រុក ឱ្យបានឆាប់កាន់តែល្អ និងបើកវគ្គបណ្តុះបណ្តាលជំងឺគ្រុនឈាមដល់ក្រុមគ្រូពេទ្យ ដើម្បីឆ្លើយតបនឹងជំងឺគ្រុនឈាមបានទាន់ពេលវេលា ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!