ភ្ញៀវក្នុងស្រុកជាង ១៥ ម៉ឺននាក់ចេញដេីរទស្សនាទូទាំងប្រទេស ក្នុងរយៈ ១សប្ដាហ៍នៃខែមិថុនា
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បញ្ជាក់ថា សប្ដាហ៍ទី១ នៃខែមិថុនា ភ្ញៀវក្នុងស្រុកជាង ១៥ ម៉ឺននាក់ចេញដេីរទស្សនាទូទាំងប្រទេស ។
ក្នុងសប្ដាហ៍ទី១ នៃខែមិថុនា ឆ្នាំ២០២០នេះ ភ្ញៀវទេសចរក្នុងស្រុកចំនួន ១៥៧,៩៤២ នាក់បានចេញដេីរទស្សនានៅតាមរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍នៅទូទាំងប្រទេស ក្នុងកំណេីន ២៤.២០% ធៀបនឹងសប្តាហ៍មុន។ នេះបេីតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។
លោករដ្ឋមន្ត្រី បញ្ចាក់ថា ក្នុងចំណោមភ្ញៀវទេសចរក្នុងស្រុកទាំងនេះ ភ្ញៀវជាតិមានចំនួន ១៥៤,២៨៦ នាក់ កើនឡើង ២៤.០៧% ចំណែកភ្ញៀវបរទេសក្នុងប្រទេសវិញមានចំនួន ៣,៦៥៦ នាក់ កើនឡើង ៣០.៤៣%។
ជាការកត់សម្គាល់ ក្នុងសប្តាហ៍កន្លងមកនេះ ភ្ញៀវទេសចរផ្ទៃក្នុងបានហក់ឡើងខ្ពស់ជាងសប្តាហ៍មុនៗ ពិសេសខេត្តតំបន់ឆ្នេរនៅតែជាគោលដៅទេសចរណ៍យ៉ាងសំខាន់ ដែលបានទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុងច្រើន (ជាង ៥០% នៃទេសចរផ្ទៃក្នុងសរុប)។
រីឯខេត្តបាត់ដំបង ឃេីញថាកេីនឡេីងជាង ១៣% នៃភ្ញៀវទេសចរផ្ទៃក្នុងសរុប។ ខេត្តសៀមរាបបានបង្ហាញសញ្ញានៃការងើបឡើងខ្លះ បើទោះបីជាចំនួនភ្ញៀវទេសចរនៅមិនទាន់មានចំនួនច្រើនវិញនៅឡេីយ ខណៈដែលសណ្ឋាគារ និងផ្ទះសំណាក់មួយចំនួនបានបើកដំណើរការអាជីវកម្មឡើងវិញ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!