ក្រុមដំណាងរាស្ត្រសង្គ្រោះជាតិ ដឹកនាំយុវជន ទៅពិនិត្យករណីវៀតណាមជីកស្រះចំនួន៥ចូលដីខ្មែរ
លោក ម៉ៅ មុនីវណ្ណ បានដឹកនាំអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ រួមនិងយុវជន សរុបប្រមាណ ១០០នាក់ទៅកាន់ភូមិលំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនៈគីរី រយៈពេល៣ថ្ងៃ ដើម្បីពិនិត្យ អង្កេត និងស្រាវជ្រាវលើ បញ្ហាដែលវៀតណាម បានមកជីករណ្តៅស្រះធំៗ ចំនួន ៥ រំលោភចូលក្នុងអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា។
លោកម៉ៅ មុនីវណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលកំពង់ចាម ថានឹងធ្វើរបាយការណ៍ដាក់ជូនរដ្ឋសភា ប្រសិនបើពិតជាមានករណីវៀតណាមជីកស្រះចូលទឹកដីកម្ពុជាមែន។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋ និងសង្គមស៊ីវិល អះអាងថា ពលរដ្ឋវៀតណាមពិតជាបាន ជីកស្រះនោះ រួចស្រេចហើយ ក្នុងតំបន់ព្រំដែនហាមឃាត់នៃប្រទេសទាំងពីរ។
នេះមិនមែនជាករណីទីមួយទេ ថ្មីៗនេះ មានព័ត៌មានលើកឡើងថា វៀតណាមបានចូលមកបាញ់ថ្នាំបំផ្លាញដំណាំពលរដ្ឋខ្មែរ នៅខេត្តត្បូងឃ្មុំ តែរដ្ឋាភិបាលកម្ពុជាថាមកពីពលរដ្ឋកម្ពុជាខ្លួនឯង ដែលដាំដំណាំចូលទឹកដីវៀតណាម។ ជាងនេះទៅទៀត មានករណីនៅព្រំប្រទល់កម្ពុជាវៀតណាម ត្រង់ចំនុចច្រក តន់ហន់ ខេត្តកំពត ដែលគណបក្សសង្គ្រោះជាតិថា វៀតណាមបានរំលោភចូលទឹកដីខ្មែ១គីឡូមែត ប៉ុន្តែរដ្ឋាភិបាលកម្ពុជាទាក់ចោលការលើកឡើងនេះ។ បន្ថែមលើនេះ មានករណីវៀតណាមមកតាំងទីសការៈសាសនា នៅលើភ្នំបូកគោខេត្តកំពត នៅកោះកាប៉ិ ខេត្តកោះកុង និងនៅសៀមរៀបជាដើម។
ក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា២ ចែងថា បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានជាដាច់ខាត ក្នុងព្រំដែនរបស់ខ្លួន ដែលមានកំណត់ក្នុងផែនទីខ្នាត ១/១រយពាន់(មួយលើមួយរយពាន់) ធ្វើនៅចន្លោះឆ្នាំ ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិចន្លោះឆ្នាំ១៩៦៣ -១៩៦៩។
ដោយលោក វ៉ាន់ សុខាន់
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!