កម្ពុជា ផ្ញើកំណត់ទូតតវ៉ាឲ្យឥណ្ឌាបញ្ឈប់ការសាងសង់ប្រាសាទអង្គរវត្ត
សំឡេង៖
ក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិនៃប្រទេសកម្ពុជាបានផ្ញើកំណត់ទូតតវ៉ាទៅក្រសួងការបរទេសឥណ្ឌា ឲ្យក្រុមហ៊ុនមួយឈ្មោ“MAHAVIRMANDIRTRUST” បញ្ឈប់គម្រោងសាងសង់ប្រាសាទអង្គរវត្តរបស់កម្ពុជាដែលប្រទេសឥណ្ឌាបានចម្លងយកគំរូតាមរចនាបថប្រាសាទអង្គរវត្តខ្មែរទាំងស្រុង។
ក្នុងលិខិត ដែលផ្ញើទៅរដ្ឋាភិបាលឥណ្ឌាកាលពីពេលថ្មីៗនេះ លើកឡើងថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកការសាងសង់ ដែលយកគំរូតាមប្រាសាទអង្គវត្តខ្មែរថា ជាការសាងសង់ចម្លងតាមប្រាសាទអង្គរវត្ត ហើយជាការំលោភបំពានយ៉ាងធ្ងន់ធ្ងរ មកដល់សម្បត្តិបេតិកភ័ណ្ឌពិភពលោក ដែលមានតម្លៃសម្រាប់មនុស្សជាតិលេចធ្លោជាសាកល។
នៅក្នុងកំណត់ទូតតវ៉ាដដែលនោះបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកចំពោះការសាងសង់ប្រាសាទអង្គវត្តខ្មែរនេះ គឺជាការទទួលបាននូវផលប្រយោជន៍ផ្នែកពាណិជ្ជកម្ម។
ហេតុដូចនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើក្រសួងការបរទេស ឥណ្ឌា ឲ្យពិចារណាយ៉ាងម៉ត់ចត់ជាបន្ទាន់ឡើងវិញ នូវគម្រោងសាងសង់ចម្លងតាមប្រាសាទអង្គរវត្តខ្មែរ ដើម្បីថែរក្សាទំនាក់ទំនងប្រពៃណីជាប្រវត្តិសាស្រ្តរវាងប្រទេស និងប្រជាជនទាំងពីរ។
ទន្ទឹមនេះលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លើកឡើងថា ភារៈធារីស្តីទីស្ថានទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌា ក៏បានធ្វើការតវ៉ាដូចគ្នានេះ ជាមួយក្រសួងការបរទេសឥណ្ឌា ដែរ។
ទាក់ទងនិងករណីប្រទេសឥណ្ឌាចម្លងសាងសង់ប្រាសាទអង្គរវត្តខ្មែរ នេះ លោក អាំងជូលៀន សាស្ត្រាចារ្យនរៈវិទ្យា បានមានប្រសាន៍ប្រាប់វិទ្យុសំឡេងយុវជន voyថា ការចម្លងប្រាសាទអង្គរវត្តតាមខ្មែរនេះ វាមិនមានជាផលអវិជ្ជមានអ្វីសម្រាប់កម្ពុជានោះទេ ហើយផ្ទុយទៅវិញវាជាការផ្សព្វផ្សាយធ្វើឲ្យមានការរីកសុះសាយពីវប្បធម៌អង្គរ។
យ៉ាងណាក៏ដោយ គណបក្សប្រឆាំងក៏បានជម្រុញដល់រាជរដ្ឋាភិបាលកម្ពុជាឲ្យពិភាក្សាជាមួយអង្គការយូណេស្កូ និងអង្គការសហប្រជាជាតិដើម្បីបញ្ឈប់ប្រទេសឥណ្ឌាសាងសង់ប្រាសាទអង្គរវត្តខ្មែរ និងស្នើសុំឲ្យអង្គការយូណេស្កូ និងអង្គការសហប្រជាជាតិ រួមទាំងរដ្ឋាភិបាលកម្ពុជាដាក់បន្ទុកទៅកាន់ប្រទេសឥណ្ឌាផងដែរ៕
ដោយ កញ្ញា ឡេង ឆលីដា
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!