អភិបាលខេត្តសៀមរាប ៖ ជំងឺកូវីដ ១៩ បានធ្វើអោយតំបន់អង្គរ ធ្លាប់តែមានភ្ញៀវកុះករ បែរក្លាយជាភាពស្ងប់ស្ងាត់ទៅវិញ
នៅក្នុងកិច្ចប្រជុំស្តីពី ការត្រួតពិនិត្យការអនុវត្តបទដ្ឋានគតិយុត្តិ ដាក់ឲ្យអនុវត្តន៍វិធានសុវត្ថិភាពទេសចរណ៍ (ជំហ៊ានទី១) សម្រាប់ដំណាក់កាលវិបត្តិជម្ងឺកូវីដ១៩ នៅថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ២០២០ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានលើកឡើងថា ដោយការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល សំខាន់ការចង្អុលបង្ហាញជាប្រចាំរបស់ក្រសួងទេសចរណ៍ ដោយមានកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន និងមានការគាំទ្រពីក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ជាតិ អន្តរជាតិ ពិសេសការចូលរួមចំណែកគាំទ្រពីប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចជា ភ្ញៀវទេសចរជាតិ អន្តរជាតិ ធ្វើឲ្យវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប មានការអភិវឌ្ឍ និងបានរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ទៀតផងដែរ ។
តែស្ថិតនៅក្នុងស្ថានភាពបច្ចុប្បន្ននេះ លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ ១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋ ជាពិសេសនោះ គឺប្រតិបត្តិករ និងអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ និងបានធ្វើឲ្យខេត្តសៀមរាប ពិសេសនៅតំបន់រមណីយដ្ឋានអង្គរ ធ្លាប់តែទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ បែរក្លាយជាភាពស្ងប់ស្ងាត់ទៅវិញ។
តែយ៉ាងណាក្ដី លោកអភិបាលខេត្តរូបនេះ បន្តថា អាជ្ញាធរខេត្តបានខិតខំកែលម្អសោភណ្ឌភាពក្រុង ដោយផ្តោតទៅលើយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ ក្នុងការជម្រុញឲ្យមានផលិតផលទេសចរណ៍ថ្មី ប្រកបដោយការច្នៃប្រឌិត ស្របតាមនិន្នាការនៃការអភិវឌ្ឍន៍ ទេសចរណ៍នាពេលបច្ចុប្បន្ន និងទៅអនាគត ដោយកំណត់នូវគោលដៅជាយុទ្ធសាស្ត្រសម្រាប់ជម្រុញ និងពង្រឹងការគ្រប់គ្រង អភិវឌ្ឍន៍ គោលដៅទេសចរណ៍សៀមរាបអង្គរ និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ បង្កើនប្រសិទ្ធភាពការងារ សំដៅធ្វើឲ្យផលិតផលទេសចរ និងសេវាកម្មទេសចរមានគុណភាព បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ១៩ ខេត្តសៀមរាបប្រែក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរណ៍ប្រកបដោយគុណភាព ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!