លោក គន់ គីម ថ្លែងថា ក្រុមប្រតិបត្តិការរុករកសង្គ្រោះ ត្រូវតែមានវិន័យខ្ពស់ សុខភាពមាំមួន និងអភិវឌ្ឍន៍សមត្ថភាពជានិច្ច តាមរយៈការហ្វឹកហ្វឺនជាប្រចាំ
លោក គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងថា ការបើកវគ្គបណ្តុះបណ្តាល និងបំពាក់ឧបករណ៍សម្ភារៈបច្ចេកទេស ស្តីពីប្រព័ន្ធបញ្ជាឧប្បត្តិហេតុដល់ក្រុមប្រតិបត្តិការរុករក និងសង្រ្គោះ គឺជាការគិតគូរមួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការពង្រឹងសមត្ថភាពក្រុមការងារជួយសង្គ្រោះ នៅពេលហេតុការណ៍គ្រោះមហន្តរាយផ្សេងៗ ដូចជាការបាក់រលំអគារ គ្រោះមហន្តរាយបណ្តាលមកពីធម្មជាតិ និងឧប្បត្តិហេតុផ្សេងៗទាំងលើគោក លើទឹក និងលើអាកាស ផងដែរ។
លោក គន់ គីម ថ្លែងបែបនេះ នៅក្នុងពិធីប្រគល់ ទទួលឧបករណ៍ និងបើកវគ្គហ្វឹកហ្វឺនគ្រូបង្គោល ស្តីពីប្រព័ន្ធបញ្ជាឧប្បត្តិហេតុដល់ក្រុមប្រតិបត្តិការរុករក និងសង្រ្គោះ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅទីបញ្ជាការដ្ឋានកងពលតូចទ័ពពិសេសឆ័ត្រយោង ៩១១ នាព្រឹកថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ២០២០ ។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានបន្ថែមថា បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី មើលឃើញតម្រូវការខ្ពស់ចំពោះសមត្ថភាព និងជំនាញ ក៏ដូចជាឧបករណ៍ សម្ភារៈបច្ចេកទេស ដើម្បីបម្រើដល់ប្រតិបត្តិការសង្គ្រោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចាត់ចែងបញ្ជាឱ្យរៀបចំចងក្រងរចនាសម្ព័ន្ធក្រុមការងារសង្គ្រោះឱ្យបានច្បាស់លាស់ និងហ្វឹកហ្វឺនបន្ថែមលើសមត្ថភាពរបស់ពួកគេ។
គួរកត់សម្គាល់ដែរថា ក្រុមអ្នកសង្គ្រោះដែលទទួលវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពនេះ មានចំនួនប្រមាណ ១០០នាក់ មកពីអង្គភាពចំនួន ៦ រួមមាន៖ កងពលតូចលេខ៧០ ចំនួន ១០នាក់, កងពលតូចឆ័ត្រយោងពិសេស ចំនួន ៥០នាក់, កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ១០នាក់, កងវិស្វកម្មអគ្គបញ្ជាការ ចំនួន ១០នាក់, កងពលតូចលេខ១ ចំនួន ១០នាក់ និងបញ្ជាការដ្ឋានកងទ័ពជើងទឹក ចំនួន ១០នាក់។
ការបណ្តុះបណ្តាលនេះ មានចំនួន ៣៧ម៉ោង និង៣០នាទី ក្នុងរយៈពេល៥ថ្ងៃ ដោយបណ្តុះបណ្តាលទៅលើមូលដ្ឋានគ្រឹះស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ យន្តការគ្រប់គ្រងគ្រោះមហន្តរាយ តួនាទី និងការទទួលខុសត្រូវ ជំនាញក្នុងការសម្របសម្រួលឆ្លើយតបគ្រោះមហន្តរាយ មូលដ្ឋានគ្រឹះនៃប្រព័ន្ធបញ្ជាឧប្បត្តិហេតុ ការប៉ាន់ប្រមាណឧប្បត្តិហេតុ ប្រព័ន្ធបញ្ជាឧប្បត្តិហេតុ ធនធានសម្ភារៈនៅក្នុងប្រព័ន្ធបញ្ជាប្រតិបត្តិការ និងការគ្រប់គ្រងធនធានក្នុងឧប្បត្តិហេតុ ។
ក្នុងពិធីនេះដែរ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានស្នើដល់បុគ្គលិកកងប្រតិបត្តិការរុករកសង្គ្រោះ ចងចាំថា ការងាររុករកសង្គ្រោះ គឺជាកិច្ចការប្រកបដោយគ្រោះថ្នាក់បំផុត ដែលតម្រូវឱ្យបុគ្គលិកមានវិន័យខ្ពស់ ថែទាំសុខភាពឱ្យបានមាំមួន អភិវឌ្ឍន៍សមត្ថភាពជំនាញជានិច្ច ធ្វើលំហាត់ និងធ្វើការហ្វឹកហ្វឺនជាប្រចាំ។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី បានបង្ហាញក្តីសង្ឃឹមថា វគ្គបណ្តុះបណ្តាលនឹងផ្តល់នូវចំណេះដឹងថ្មី របៀបប្រើប្រាស់ និងបទពិសោធន៍ ហើយបុគ្គលិករុករកសង្គ្រោះទាំងអស់ និងខិតខំរៀនសូត្របំពេញភារកិច្ចដុះខាត់ច្នៃប្រឌិត បច្ចេកទេស ឱ្យបានល្អប្រសើរថែមទៀត ក្នុងស្មារតីទទួលខុសត្រូវថែរក្សាការពារ ឧបករណ៍ សម្ភារៈប្រកបដោយប្រសិទ្ធិភាពខ្ពស់ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!