លោករដ្ឋមន្ត្រី ថោង ខុន អះអាងថា វិស័យទេសចរណ៍កម្ពុជា ទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីវិបត្តិកូវីដ-១៩ តែគិតចាប់ពីដើមខែឧសភាមក សង្កេតឃើញមានសញ្ញាណវិជ្ជមានមួយចំនួនឡើងវិញ
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ទោះបីជាវិស័យទេសចរណ៍កម្ពុជា បាននិងកំពុងទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីវិបត្តិនៃជំងឺកូវីដ-១៩ ក៏ដោយ តែសង្កេតឃើញនូវសញ្ញាណវិជ្ជមានមួយចំនួន គិតចាប់ពីដើមខែឧសភាមក។
លើកឡើងបែបនេះរបស់លោក ថោង ខុន បានធ្វើឡើងក្នុងពិធីប្រកាសដាក់ ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងក្រមប្រតិបត្តិដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំង៦ នៅទៅទាំងប្រទេសរួចមក ក្រសួងទេសទេសចរណ៍ និងរដ្ឋបាលរាជធានីភ្នំពេញ បានរកឃើញមូលដ្ឋានអាជីវកម្មទេសចរណ៍ចំនួន ៣៣ទីតាំង ដែលបានអនុវត្តប្រតិបត្តិតាមយ៉ាងត្រឹមត្រូវចំពោះបទដ្ឋានគតិយុត្ត នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ។
ក្នុងឱកាសនេះដែរ លោក ថោង ខុន បានលើកឡើងថា ក្នុងរយៈពេល០៣សប្តាហ៍ នៃខែមិថុនានេះ មានភ្ញៀវទេសចរជាង ៤៥ម៉ឺននាក់ ចេញដើរទស្សនានៅទូទាំងប្រទេស ក្នុងកំណើនប្រមាណ ៧.២៤% ធៀបនឹងរយៈពេល០៣សប្តាហ៍នៃខែឧសភា កន្លងមក។ កត្តានេះបញ្ជាក់ថា ភ្ញៀវទេសចរក្នុងស្រុកនៅតែបន្តកើនឡើងជាបន្តបន្ទាប់ គិតចាប់ពីចុងខែមេសា មកម៉្លេះ។
ដោយឡែកសម្រាប់រាជធានីភ្នំពេញ ក្នុងរយៈពេល៤ខែដើមឆ្នាំនេះ ទទួលបានទេសចរបរទេសចំនួន ៧៧៥,៧៥០នាក់ ថយចុះ -៤៦.២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។
លោក ថោង ខុន បានបញ្ជាក់ថា ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរនេះ ពិតជាបានបង្ករផលប៉ះពាល់ជាច្រើនដល់ប្រតិបត្តិករទេសចរណ៍ ជាក់ស្តែងគិតត្រឹមថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ មានអាជីវកម្មទេសចរណ៍បិទ និងបិទបណ្ដោះអាសន្នសរុប២ ៩៥៦ទីតាំង និងមានបុគ្គលិកបម្រើការងារផ្ទាល់ សរុប ៤៥,៤០៥នាក់។ តែយ៉ាងណាមិញសង្កេតឃើញថា គោលដៅរាជធានីភ្នំពេញមិនទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំងដូចគោលដៅទេសចរណ៍ធំៗផ្សេងទៀតឡើយ។ មានន័យថា ចំនួនអាជីវកម្មបានបិទ និងផ្អាកបណ្តោះអាសន្នដោយសារបញ្ហាវិបត្តិកូវីដ-១៩ មានតែ ១២៤ទីតាំង ស្មើនឹងប្រមាណ ១០.៤៣% នៃចំនួនសរុបទូទាំងប្រទេស និងប៉ះពាល់ការងារផ្ទាល់ក្នុងវិស័យសរុបចំនួន១,៩៦០នាក់ ស្មើនឹង ៩.៣៣% នៃចំនួនបុគ្គលិកក្នុងវិស័យទេសចរណ៍សរុបទូទាំងប្រទេស (តួលេខនេះមិនគិតបញ្ចូលសេវាកម្មកម្សាន្តទេសចរណ៍មនុស្សពេញវ័យ និងសេវាកម្មស្ប៉ា និងម៉ាស្សាដែលត្រូវបានសម្រេចឱ្យផ្អាកដោយរាជរដ្ឋាភិបាល) ដែលលោក គូសបញ្ជាក់ថា ការបាត់បង់ការងារនេះ បានធ្វើឱ្យមានការជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់វិស័យសេដ្ឋកិច្ច និងសង្គមជារួមតាមរយៈឥទ្ធិពល ដែលលើសពីឥទ្ធិពលអវិជ្ជមាននៅក្នុងវិស័យធ្វើដំណើរ និងទេសចរណ៍ជាសកល។
លោករដ្ឋមន្ត្រី បានសន្និដ្ឋានថា ចលនាទេសចរក្នុងស្រុកនឹងមានកំណើនឡើងវិញលឿនជាង ការត្រឡប់មកវិញ នូវភ្ញៀវទេសចរអន្តរជាតិ ដរាបណាវិធានការរឹតបណ្តឹងដែលពាក់ព័ន្ធនឹងការធ្វើដំណើរនៅតែបន្ត។ បច្ចុប្បន្ននេះ យើងបានទទួលព័ត៌មានអំពីគោលបំណងបើកឱ្យមានការធ្វើដំណើរឆ្លងកាត់ឡើងវិញ នៅតាមបណ្តារប្រទេសមួយចំនួន រីឯប្រទេសខ្លះក៏បានសម្រេចឱ្យបើករួចទៅហើយ តែក៏បានសម្រេចឱ្យបិទទៅវិញភ្លាមៗ បន្ទាប់ពីមានការចម្លងថ្មីកើតឡើងវិញ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!