ក្រសួងយុត្តិធម៌ ៖ សំណុំរឿង ៣៤៥៤ ស្មើនឹង២៧% នៃសំណុំរឿងកកស្ទះសរុប ត្រូវបានជំនុំជម្រះរួច
គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត (គ.យ.ក.ស) បានអះអាងថា គិតត្រឹមថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២០ សំណុំរឿងព្រហ្មទណ្ឌនៅតាមសាលាដំបូងរាជធានី ខេត្ត ចំនួន ៣៤៥៤ សំណុំរឿង ស្មើនឹង២៧% នៃសំណុំរឿងកកស្ទះសរុប ត្រូវបានជំនុំជម្រះរួច ដែលប្រើរយៈពេល ៤២ថ្ងៃ ប៉ុណ្ណោះ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពី វឌ្ឍនភាពនៃយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត ។
នៅក្នុងនោះដែរ គ.យ.ក.ស បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់របស់ចៅក្រម ព្រះរាជអាជ្ញាធរ ក្រឡាបញ្ជី អាជ្ញាសាលា មន្ត្រីរាជការនៃអង្គភាបរដ្ឋបាលនៃសាលាជម្រះក្ដីទាំងអស់ ព្រមទាំងក្រុមការងារនៃ គ.យ.ក.ស ក៏ដូចជាស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្ត និងជម្រុញយុទ្ធនាការនេះ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ក៏ដូចជាវិស័យយុត្តិធម៌ ផងដែរ ។
គ.យ.ក.ស សង្ឃឹមយ៉ាងមុតមាំថា តួអង្គពាក់ព័ន្ធទាំងអស់នឹងបន្តចូលរួមកាន់តែសកម្មថែមទៀត ដោយសំដៅរួមចំណែកធ្វើអោយយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្ដី អាចសម្រេចបានលទ្ធផល តាមផែនការដែលបានគ្រោងទុក ។
លើសពីនេះ គ.យ.ក.ស រំពឹងទុកថា សាលាដំបូងរាជធានី ខេត្ត ទូទាំងប្រទេស នឹងបន្តការខិតខំដោះស្រាយសំណុំរឿងកកស្ទះទាំងនេះ ឱ្យបានចប់សព្វគ្រប់នៅត្រឹមដំណាច់ឆ្នាំ២០២០នេះ ដោយប្រកាន់ខ្ជាប់នូវអភិក្រមការងារក្នុងយុទ្ធនាការគឺ លឿន ត្រឹមត្រូវ យុត្តិធម៌ និង មិនពុករលួយ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!