រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីការគ្រប់គ្រងតំបន់ការពារធម្មជាតិ
នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើការគ្រប់គ្រងតំបន់ការពារធម្មជាតិ ។ កិច្ចប្រជុំនេះ ក៏មានចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំ និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលខេត្តនានា និងមន្រ្តីពាក់ព័ន្ធមួយចំនួន ក្នុងគោលបំណងពង្រឹងការងារគ្រប់គ្រងធនធានធម្មជាតិនៅព្រះរាជាណាចក្រកម្ពុជាឱ្យមានប្រសិទ្ធភាព។
គួរកត់សម្គាល់ដែរថា រាជរដ្ឋាភិបាល ដែលក្នុងនោះក្រសួងបរិស្ថានជាសេនាធិការ បានរៀបចំប្រព័ន្ធគ្រប់គ្រងធម្មជាតិនៅតាមតំបន់ឧទ្យានជាតិ តំបន់ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសារ តំបន់ស្នូលនៃឋបនីយជីវមណ្ឌល តំបន់បេតិកភណ្ឌធម្មជាតិ តំបន់ឧទ្យានជាតិសមុទ្រ និងរបៀងអភិរក្សជីវៈចម្រុះ សរុបចំនួន ៦៩ កន្លែង គ្របដណ្តប់លើផ្ទៃដី ប្រមាណជាង ៧,២ លានហិកតា ស្មើប្រមាណ ៤១% នៃផ្ទៃដីសរុបរបស់កម្ពុជា។
នៅក្នុងនោះ មានមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានចំនួន ១២៦០នាក់ កំពុងឈរជើងនៅតាមតំបន់ការពារ ធម្មជាតិ នីមួយៗ ដើម្បីល្បាត ការពារ និងអភិរក្សធនធានធម្មជាតិ ដោយមានការចូលរួម និងកិច្ចសហការល្អពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដៃគូសហការ និងសហគមន៍មូលដ្ឋាន៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!