តំណាងរាស្រ្ត CNRP នឹងស្នើរអោយរដ្ឋមន្រ្តីការបរទេស ចាត់វិធានការករណីវៀតណាមជីកស្រះ ៥ ក្នុងតំបន់ហាមឃាត់
សូមស្តាប់សេចក្តីរាយការណ៍លំអិត
រហូតមកទល់ពេលនេះ ក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ រួមជាមួយប្រជាពលរដ្ឋ និងបញ្ញវន្តខ្មែរ បានបញ្ជាក់ក្រោយពីបានចុះទៅត្រួតពិនិត្យមើលទីតាំងដែលភាគីវៀតណាមបានជីកស្រះចំនួន ៥នៅក្នុងទឹកដីខេត្តរតនគីរី ស្ថិតក្នុងភូមិលំ ឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ ពិតជាមានការជីកស្រះទាំងនោះពិតប្រាកដមែន។
ជុំវិញបញ្ហាចុះទៅត្រួតពិនិត្យនេះ លោក ម៉ៅ មុនីវណ្ណ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិបានអោយវិទ្យុសំឡេងយុវជន វីអូវ៉ាយដឹងនៅព្រឹកនេះថា វៀតណាមពិតជាបានរំលោភបូរណភាពទឹកដី និងបំពានក្នុងតំបន់ស ដែលជាតំបន់ហាមឃាត់ មិនអោយភាគីទាំងសងខាង កម្ពុជា វៀតណាមធ្វើសកម្មភាពអ្វី នៅក្នុងបរិវេណតំបន់នោះ នោះទេ។ មិនត្រឹមតែប៉ុណ្ណោះ ទង្វើរដែលកាន់តែរំលោភបំពានមួយទៀតនោះ គឺសំណាក់ភាគីវៀតណាមបាន យកកងកម្លាំងរបស់ពួកគេមានប្រដាប់ដោយអាវុធមករារាំងសកម្មភាពចុះត្រួតពិនិត្យមើលទីតាំងជីកស្រះនោះថែមទៀតផង។
យ៉ាងណាក៏ដោយ ចំពោះករណីរំលោភបំពាននេះ តំណាងរាស្រ្តរូបនេះ គ្រោងនិងដាក់របាយការណ៍ជូន ប្រធានរដ្ឋសភា និងស្នើរអោយរដ្ឋមន្ត្រីការបរទេសចាត់វិធានការណ៍ចំពោះភាគីវៀតណាមតាមរយៈ ការធ្វើកំណត់ទូត ចំពោះការរំលោភចូលម្តងហើយម្តងទៀតពីសំណាក់ពួកទាំងនោះ។
ក្នុងដំណើរចុះទៅត្រួតពិនិត្រនោះ លោកម៉ៅ មុនីវណ្ណក៏បានអោយដឹងថា នៅច្រកដាក់ដាំ និងច្រកអូយ៉ាដាវ គឺមិនទាន់មានការកំណត់ព្រំប្រទល់រួចរាល់នៅឡើយទេ នេះបើតាមការបញ្ជាក់ពីលោកនាយករដ្ឋមន្ត្រីនាពេលកន្លងទៅ។ បើតាមអ្នកតំណាងរាស្រ្តរូបនេះ បានអោយដឹងថា វៀតណាមបានរំលោភចូលក្នុងទឹកដីខ្មែរប្រមាណជា ៤០គីឡូវមែត្រ។
គូសបញ្ជាក់ថា ដំណើរទស្សនៈកិច្ចនេះ បន្ទាប់ពីក្រុមតំណាងរាស្ត្រទាំងនោះបានទទួលពាក្យបណ្តឹង ជុំវិញពីការជីកស្រះពីសំណាក់ភាគីវៀតណាមចូលមកក្នុងតំបន់ស ដែលជាតំបន់ហាមឃាត់ទាំងសងខាង។ រហូតមកទល់នឹងពេលនេះ មិនទាន់មានការចេញមុខបកស្រាយពីតំណាងមន្ត្រីអាជ្ញាធរនៃប្រទេសទាំងពីរ ជុំវិញការជីកស្រះ រំលោភចូលតំបន់ស នេះនោះទេ៕
ដោយ ញ៉ែម ប្រសិដ្ឋ
(ប្រភពរូបថតពី លោក ម៉ៅ មុនីវណ្ណ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ)
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!