ក្រសួងទេសចរណ៍ បើកដំណើរការកញ្ចប់ទស្សនកិច្ចកម្សាន្ត ក្នុងតម្លៃពិសេសទៅកាន់ខេត្តសៀមរាប និងតំបន់ទេសចរណ៍ផ្សេងៗ
ក្រសួងទេសចរណ៍ និងការីទេសចរណ៍ជាច្រើន បានសហការគ្នារៀបចំជាកញ្ចប់ទស្សនកិច្ចកម្សាន្តទៅកាន់ខេត្តសៀមរាប និងតំបន់ទេសចរណ៍ផ្សេងៗទៀត ក្នុងតម្លៃពិសេសដែលមិនធ្លាប់មានពីមុនមក ជាមួយនឹងការស្នាក់នៅក្នុងសណ្ឋាគារដ៏ប្រណិត ការទស្សនាកន្លែងដែលថ្មីៗ ជាមួយនឹងមគ្គុទ្ទេសក៍ទេសចរណ៍ និងការទទួលទានម្ហូបអាហារដ៏មានឱជារស គួរជាទីគាប់ចិត្ត នៅក្នុងបរិយាកាសដ៏ល្អសាកសមបំផុតក្នុងដំណើរកម្សាន្ត ។
នៅរសៀលថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍ ក្នុងសន្និសីទសារព័ត៌មាន ដើម្បីផ្សព្វផ្សាយពីកញ្ចប់ទស្សនកិច្ចកម្សាន្តក្នុងតម្លៃពិសេសនេះ លោក ឈុន មករា ប្រធាននាយកដ្ឋានទីភ្នាក់ងារដឹកជញ្ជូន និងមគ្គុទ្ទេសក៍ទេសចរណ៍ បានបញ្ជាក់ថា គោលដៅសំខាន់នៃកញ្ចប់ទស្សនកិច្ចកម្សាន្តនេះ គឺដើម្បីជំរុញទេសចរណ៍ផ្ទៃក្នុង ធ្វើដំណើរកម្សាន្តតាមរយៈកញ្ចប់ទស្សនកិច្ច ដែលបង្កើតជាតម្លៃនៃដំណើរកម្សាន្ត បទពិសោធន៍ថ្មី និងធានាបាននូវសុវត្ថិភាពជូនទេសចរណ៍ក្នុងដំណាក់កាលជំងឺកូវីដ-១៩ ពិសេសត្រៀមទទួលទេសចរ ក្នុងអំឡុងពេលឈប់សម្រាកការងារពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ ខាងមុខ។
លោក ឈុន មករា បានបន្ថែមថា នៅក្នុងដំណើរការកញ្ចប់ទស្សនកិច្ចកម្សាន្តក្នុងតម្លៃពិសេសនេះ គឺជាដំណើរកញ្ចប់ទស្សនកិច្ចលំដាប់ផ្កាយ៥ ដោយអ្នកទេសចរទាំងអស់ អាចសម្រាកនៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ នៅក្នុងតម្លៃយ៉ាងពិសេសបំផុតដែលមិនធ្លាប់មានពីមុនមក ដែលគោលដៅនៃដំណើរកម្សាន្តនេះ គឺផ្តោតសំខាន់ទៅលើខេត្តសៀមរាបដែលជាតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រដ៏អស្ចារ្យសម្រាប់ប្រទេសកម្ពុជា។
លោក ឈុន មករា បានបន្តទៀតថា កញ្ចប់ទស្សនកិច្ចកម្សាន្តពិសេសនេះ ជាទស្សនកិច្ចដែលបានរៀបចំទុកជាមុន និងជាទីទំនុកចិត្តសម្រាប់អ្នកទេសចរក្នុងការធ្វើដំណើរប្រកបដោយសុវត្ថិភាព ដែលមានទាំងកញ្ចប់ទស្សនកិច្ចរយៈពេល២ថ្ងៃ និងរយៈពេល៣ថ្ងៃ ហើយកញ្ចប់ទស្សនកិច្ចនេះក៏ធ្វើសម្រាប់អ្នកដែលមានចំណូល តិច និងចំណូលមធ្យមក៏អាចចូលរួមបាន ផងដែរ។
ក្នុងនោះដែរ ក្រសួងទេសចរណ៍ ក៏សូមអំពាវនាវឱ្យអាជីវកម្មទេសចរណ៍ទាំងអស់ មេត្តាយោគយល់លើការកំណត់តម្លៃសេវាកម្មឱ្យបានសមរម្យ និងអនុវត្តឱ្យបានត្រឹមត្រូវតាមវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីបង្កើតមុខមាត់ថ្មីដល់វិស័យទេសចរណ៍កម្ពុជាដែលជាគោលដៅមានសុវត្ថិភាព និងប្រកបដោយភាពកក់ក្តៅ ពិសេសត្រូវត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់ដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋក្នុងអំឡុងថ្ងៃឈប់សម្រាកខាងមុខ និងអំពាវនាវដល់ប្រជាពលរដ្ឋគាំទ្រដល់មគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាខ្មែរ នៅខេត្តសៀមរាប ដែលជាមគ្គុទ្ទេសក៍ទេសចរណ៍មិនមែនសម្រាប់តែទេសចរបរទេសនោះទេ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!