លោកអូបាម៉ាបានបញ្ជូនទីប្រឹក្សាយោធាអាមេរិក៤៥០នាក់បន្ថែមទៀតទៅកាន់ប្រទេសអ៊ីរ៉ាក់
Washinton June 11: សេតវិមានបាននិយាយថា សហរដ្ឋអាមេរិកបានបញ្ជូនទីប្រឹក្សារបស់យោធាអាមេរិកចំនួនជាង ៤៥០នាក់បន្ថែមទៀតទៅកាន់ប្រទេសអ៊ីរ៉ាក់ ដើម្បីជួយបណ្តុះបណ្តាលកងកម្លាំងអ៊ីរ៉ាក់ ក្នុងតំបន់ដែលមានការប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ឋរដ្ឋអ៊ីស្លាម។
សេតវិមានបានថ្លែងបន្តថា លោកប្រធានាធិបតីអូបាម៉ា បានធ្វើការសម្រេចចិត្តបែបនេះ បន្ទាប់ពីមានសំណើរបស់លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់Haider Al-Abadi ។បើតាមប្រភពខាងលើថា កងទ័ពនេះនឹងត្រូវដាក់ពង្រាយនៅមូលដ្ឋានយោធា Taqaddum នៅក្នុងខេត្ត Anbar ។ ហើយពួកIS បានរឹបអូសទីក្រុងរ៉ាម៉ាឌី ដែលជារាជធានីរបស់ខេត្តអានបារនេះកាលពីខែឧសភា។
គេសង្កេតឃើញថា ការបញ្ជូនទីប្រឹក្សាយោធាអាមេរិកបន្ថែមទៀតទៅកាន់ប្រទេស អ៊ីរ៉ាក់នេះ គឺជាការបង្កើនវត្តមានយោធាអាមេរិក នៅទូទាំងតំបន់ប្រកួតប្រជែង ទោះបីជារដ្ឋាភិបាលចម្រុះបានបើកការវាយប្រហារតាមផ្លូវអាកាសដឹកនាំដោយអាមេរិកក៏ដោយ។
សេចក្តីថ្លែងការណ៍របស់សេតវិមានបានបន្ថែមថា ការផ្លាស់ប្តូរនេះមានគោលបំណងធ្វើឱ្យអ៊ីរ៉ាក់មានអ្នកស្ម័គ្រចិត្តជាក្រុមកុលសម្ព័ន្ធភាគច្រើនជានិកាយស៊ុននីបន្ថែម ធ្វើសមាហរណកម្មចូលទៅជាកងទ័ពអ៊ីរ៉ាក់និងដើម្បីដណ្តើមយកទឹកដីពីក្រុមរដ្ឋអ៊ីស្លាមមកវិញផងដែរ។ទីប្រឹក្សាថ្មីទាំងនេះនឹងធ្វើការដើម្បីកសាងសមត្ថភាពរបស់កងកម្លាំងអ៊ីរ៉ាក់រួមមាន ក្រុមយុទ្ឋជនកុលសម្ព័ន្ធក្នុងតំបន់ដើម្បីធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពរបស់ពួកគេក្នុងការរៀបចំផែនការដឹកនាំនិងធ្វើប្រតិបត្ដិការប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាមនៅក្នុងខេត្តអានបារ។
ក្រុមរដ្ឋអ៊ីស្លាមបានវាយដណ្តើមកាន់កាប់ទីក្រុងធំទីពីរ របស់ប្រទេសអ៊ីរ៉ាក់គឺទីក្រុង Mosul កាលពីឆ្នាំមុន។ ហើយក្រុមនេះក៏បានដណ្តើមយកបានទីក្រុង Tadmur និងប្រាសាទបុរាណក្រុងប៉ាលម៉ៃរ៉ាក្នុងប្រទេសស៊ីរីផងដែរ។
សេតវិមានបាននិយាយថា កងទ័ពអ៊ីរ៉ាក់ ជាង៩០០០នាក់ បានទទួលការបណ្តុះបណ្តាលរួចហើយនៅខេត្ត អាល់ អាសាត ខេត្តបេម៉ាយ៉ា ខេត្ត Irbil និងខេត្ត Taji ។
លោកអូបាម៉ានៅតែបន្តការទាមទារឲ្យមានការតបតពីកងទ័ពអ៊ីរ៉ាក់ដែលត្រូវប្រយុទ្ធទាំងអស់ផងដែរ។
ដោយ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!