Commentary: រដ្ឋាភិបាលចម្រុះទួរគី
លោកអ្នកនាងកំពុងស្តាប់ការផ្សាយរបស់វិទ្យុសំឡេងយុវជន VOY FM 91.5MHz ពីរាជធានីភ្នំពេញ វិទ្យុសំឡេងយុវជន VOY FM 92 MHz នៅខេត្តបាត់ដំបង ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ធំ និងវិទ្យុសំឡេងយុវជន VOY FM 94 MHz នៅខេត្ត សៀមរាប និងខេត្តព្រះសីហនុ ជាទីមេត្រី !!! គណបក្សយុត្តិធម៌និងការអភិវឌ្ឍន៏របស់លោក អ៊ែរដូកាន់ បានសម្លេងឆ្នោតច្រើនបំផុត ៤១ ភាគរយ តែនៅតិចជាងលទ្ធផលការបោះឆ្នោតកាលពីឆ្នាំ ២០១១ ហុចផលឲ្យគណបក្សរដ្ឋាភិបាលចាំបាច់បង្កើតរដ្ឋាភិបាលចម្រុះជាលើកដំបូង ។ សូមអញ្ជើញស្តាប់បទបរិយាយព្រឹត្តិការណ៍អន្តរជាតិ ក្រោមប្រធានបទ រដ្ឋាភិបាលចម្រុះទួរគី ជំរាបជូនដោយលោក មុំ រឿន ដូចតទៅ ៖
ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥
លោកប្រធានាធិបតី Recep Tayyip Erdogan នៃប្រទេសទួរគី
គណបក្សយុត្តិធម៌និងការអភិវឌ្ឍន៍ (AKP) ខាងរដ្ឋាភិបាលទួរគី កំពុងប្រឈមមុខនឹងការបង្កើតរដ្ឋាភិបាលចម្រុះជាលើកដំបូងក្នុងរយៈពេល ១៣ ឆ្នាំ ក្រោយពីបាត់បង់តំណែងជាគណបក្សគ្រប់គ្រងសំឡេងភាគច្រើនមករហូត ដោយគណបក្សរដ្ឋាភិបាលទួរគី អស់សង្ឃឹមក្នុងការទទួលបានសំឡេងភាគច្រើននៅក្នុងរដ្ឋសភា ក្រោយពីការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិបញ្ញត្តិកាលពីថ្ងៃអាទិត្យកន្លងទៅ បានបំផ្លាញមហិច្ឆតារបស់លោកប្រធានាធិបតី រីសេហ្វ ធើយិប អ៊ែរដូកាន់ ដែល ចង់បានអំណាចបន្ថែមទៀតឲ្យខ្លួនឯង ។
គណបក្សយុត្តិធម៌និងការអភិវឌ្ឍន៏របស់លោក អ៊ែរដូកាន់ បានសម្លេងឆ្នោតច្រើនបំផុត ៤១ ភាគរយ តែនៅតិចជាងលទ្ធផលការបោះឆ្នោតកាលពីឆ្នាំ ២០១១ ហុចផលឲ្យគណបក្សរដ្ឋាភិបាលចាំបាច់បង្កើតរដ្ឋាភិបាលចម្រុះជាលើកដំបូង ចាប់តាំងពីលោកបានឡើងកាន់អំណាច នៅក្នុងប្រទេសទួរគី ពីឆ្នាំ ២០០២ ស្ថិតក្រោមប្រព័ន្ធសំណាងរាស្រ្តសមាមាត្រនៃប្រទេសទួកគី ធ្វើឲ្យគណបក្ស AKP ត្រូវបង្កើតរដ្ឋាភិបាលចម្រុះ មិនដូច្នោះទេ នឹងក្លាយជារដ្ឋាភិបាលដែលមានសំឡេងភាគតិច ព្រោះគណបក្ស AKP ទទួលបាន 258 អាសនៈពីចំនួនអាសនៈទាំងអស់ 550 អាសនៈ បន្ទាប់មកគឺគណបក្សសាធារណរដ្ឋប្រជាមានិត (CHP) ទទួលបាន 132 អាសនៈ និងគណបក្សជាតិនិយម (MHP) ទទួលបាន 81អាសនៈ ហើយគណបក្ស HDP ដែលស្វាមីភ័ក្តជាមួយជនជាតិឃឺដ ទទួលបានសំឡេង ១៣ ភាគរយ ឬ 79 អាសនៈ ហុចផលឲ្យគណបក្សដូចបានពោលមានតំណាងរាស្រ្តក្នុងសភាជាលើកដំបូង ពីអ្នកចេញទៅបោះឆ្នោតសរុបចំនួន 86 ភាគរយ ។
គណបក្ស AKP មានឥទ្ធិពលលើនយោបាយប្រទេសទួរគី ចាប់តាំងពីឡើងកាន់អំណាចជាលើកដំបូងកាលពីឆ្នាំ ២០០២ ប៉ុន្តែបានទទួលរងនូវបញ្ហាសេដ្ឋកិច្ចនិងរឿងអាស្រូវដែលកើតឡើងក្នុងរដ្ឋាភិបាលលោកប្រធានាធិបតី អ៊ែរដូកាន់ លទ្ធផលនៃការបោះឆ្នោតនាលើកនេះ បានបំផ្លាញក្តីសុបិន្តរបស់លោក អ៊ែរដូកាន់ ដែលចង់ឃើញរដ្ឋធម្មនុញ្ញថ្មី ផ្លាស់ប្តូរប្រទេសតួកគី ពីប្រព័ន្ធរដ្ឋសភា ទៅជាប្រព័ន្ធប្រធានាធិបតី ដែលលោកបានឃោសនាក្នុងយុទ្ធនាការរកសំឡេង តែការផ្លាស់ប្តូរពីប្រព័ន្ធរដ្ឋសភាឲ្យទៅជាប្រព័ន្ធប្រធានាធិបតី តម្រូវឱ្យមានសំឡេងភាគច្រើនដល់ទៅ ២ ភាគ ៣ ក្នុងរដ្ឋសភា។
លោក អ៊ែរដូកាន់ ដែលធ្លាប់ធ្វើជានាយករដ្ឋមន្រ្តីតាំងពីឆ្នាំ ២០០៣ -២០១៤ មុនក្លាយជាប្រធានាធិបតីនៅពេលបចុប្បន្ន ។ លោកចង់បានឲ្យប្រជាជនលើកដំកើងក្នុងឋានៈអ្នកមានអំណាចបំផុតក្នុងប្រទេសទួរគី និងបន្ថែមអំណាចឲ្យប្រធានាធិបតី ដែលមុនពេលលោក អ៊ែរដូកាន់ ឡើងធ្វើជាប្រធានាធិបតី តំណែងនេះបានត្រឹមជាពិធីការ គ្មានអំណាចក្នុងការដឹកនាំប្រទេសឡើយ ។
ទោះជាយ៉ាងណាក្តី គណបក្សប្រឆាំងមានក្តីបារម្ភថា ប្រសិនបើគណបក្ស AKP មានសំឡេងភាគច្រើន ជាចំណុចចាប់ផ្តើមការគ្រប់គ្រងដោយមនុស្សម្នាក់ ហើយលោក អ៊ែរដូកាន់ គួរនឹងស្វែងរកច្រកឲ្យខ្លួនឯងបានធ្វើជាប្រធានាធិបតីរហូតដល់ឆ្នាំ ២០២៤ ។ ក្រុមអ្នកវិភាគបានមើលឃើញថា គណបក្ស MHP គួរនឹងចូលរួមក្នុងរដ្ឋាភិបាលចម្រុះរបស់លោក អ៊ែរដូកាន់ លោក ដេហ្វឡេត បាសេលី មេដឹកនាំគណបក្ស MHP បានឲ្យដឹងថា គណបក្សរបស់លោក នៅមិនទាន់បិទទ្វារការចរចា ចូលរួមរដ្ឋាភិបាលចម្រុះនោះទេ តែលទ្ធផលការបោះឆ្នោតបានបង្ហាញថា ជាការចាប់ផ្តើមនៃទីបញ្ចប់របស់គណបក្ស AKP នោះហើយ ។
ចំណែកគណបក្ស HDP ដែលគាំទ្រជនជាតិឃឺដ បានបដិសេធមិនឱ្យចូលរួមក្នុងរដ្ឋាភិបាលចម្រុះរបស់លោក អ៊ែរដូកាន់ នោះទេ ព្រមទាំងបានអះអាងថា លទ្ធផលការបោះឆ្នោត ស្មើនឹងការបញ្ឈប់ការពិភាក្សាទាក់ទិននឹងប្រព័ន្ធប្រធានាធិបតីនោះហើយ ។ សាឡាហាត់ទីន ដេមីតា មេដឹកនាំគណបក្ស HDP ដែលទទួលបានរហ័សនាមថា អូបាម៉ានៃជនជាតិឃឺដ បានថ្លែងថា ពេលនេះ HDP ជាគណបក្សពិតប្រាកដរបស់ទួកគី សម័យបោះឆ្នោតនាពេលកន្លងទៅ តំណាងរាស្រ្តគណបក្ស HDP បានចូលទៅក្នុងរដ្ឋសភា ដោយសារទទួលបានការជ្រើសតាំងក្នុងឋានៈជាបេក្ខជនឯករាជ្យ និងមិន ចេញពីបញ្ជីគណបក្ស ។
ការបោះឆ្នោតសមាជិករដ្ឋសភាតួកគី កើតមានឡើងចំពេលការប្រើអំពើហិង្សា បន្ទាប់ពីមានមនុស្សស្លាប់បាត់បង់ជីវិតចំនួន២នាក់ និងរាប់សិបនាក់ទៀតរងរបួស ដោយការវាយប្រហារទៅលើក្រុមបាតុករនយោបាយនៃគណបក្ស HDP ក្នុងទីក្រុង ឌីយ៉ាបាគី ។
លោកនាយករដ្ឋមន្រ្តី អាម៉េដ ដាវូតូគ្លូ បានថ្លែងថា ជនជាប់សង្ស័យម្នាក់ដែលចាប់ខ្លួនបន្ទាប់ពីមានហេតុចលាចល និងកំពុងស្រាវជ្រាវថា ជនសង្ស័យម្នាក់នេះ មានជាប់ពាក់ព័ន្ធជាមួយក្រុមប្រដាប់អាវុធឬអត់នោះ ទោះបីលោក ដាវូតូគ្លូ និយាយថា គណបក្ស AKP ជាអ្នកឈ្នះការបោះឆ្នោតក្តី ប៉ុន្តែមិនបានសំឡេងភាគច្រើននៅក្នុងសភា រមែងបង្ហាញឲ្យឃើញថា ប្រជាជនផ្ដើមតវ៉ាប្រឆាំងជាមួយរដ្ឋាភិបាល ដូច យ៉ាង ហ៊ូសេយិន ឌូម៉ាស់ អាយុ ៤៧ឆ្នាំ បាននិយាយថា យើងមិនទុកចិត្តគណបក្សកាន់អំណាចក្នុងរដ្ឋាភិបាលបន្តទៀតទេ ៕
ខ្ញុំ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!