Commentary:ចារកម្ម FBI
ប្រជាជននៅលើផ្ទៃរាបគ្មានផ្លូវដឹងទេថា ពួកគេកំពុងត្រូវបានតាមឃ្លាំមើលដោយ FBI ព្រោះយន្ដហោះដែលប្រើក្នុងបេសកកម្ម ត្រូវលាក់បាំងស្ថានភាពពិតក្នុងការបង្កើតក្រុមហ៊ុនគ្មានរូបរាងឡើងមកបាំងមុខនោះ ។
ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥
ទីភ្នាក់ងារព័ត៌មាន APបានឲ្យដឹងទិន្នន័យគួរឱ្យចាប់អារម្មណ៍ពាក់ព័ន្ធទៅនឹងកិច្ចប្រតិបត្ដិការចារកម្មរបស់អាជ្ញាធររដ្ឋាភិបាលសហរដ្ឋអាមេរិកថា ការិយាល័យស៊ើបអង្កេតសហព័ន្ធ ឬដែលគេស្គាល់ក្នុងនាម FBI បានប្រើយន្តហោះពាណិជ្ជដែលដំណើរការក្រោមឈ្មោះក្រុមហ៊ុនដែលបង្កើតឡើងមកបាំងមុខ ហោះហើរក្នុងលំដាប់ទាប ដើម្បីប្រមូលទិន្នន័យដោយកាម៉េរ៉ាវីដេអូ និងបំពាក់ឧបករណ៍ដែលអាចត្រួតពិនិត្យទិន្នន័យការប្រើប្រាស់ទូរស័ព្ទដៃក្នុងចំណុចដែលហោះឆ្លងកាត់បានទៀតផង ។
ទោះបី FBI បានអះអាងថា យន្ដហោះចារកម្មទាំងនេះជាផ្នែកមួយនៃការស៊ើបអង្កេតក្នុងក្តីនីមួយៗក៏ដោយ ប៉ុន្តែការអនុវត្តដោយគ្មានការយល់ព្រមពីចៅក្រមតាមអ្វីដែលគួរមាន និងពីការប្រមូលទិន្នន័យក្នុងអំឡុងពេលមួយថ្មីៗកន្លងទៅរយៈពេល 30 ថ្ងៃ រកឃើញថា មានកិច្ចប្រតិបត្តិការហោះហើរធ្វើចារកម្មនៅលើដែនអាកាសសហរដ្ឋអាមេរិក ច្រើនជាង 30 ទីក្រុង នៃរដ្ឋចំនួន 11 នៅទូទាំងប្រទេស ។
ចាប់តាំងពីខែមេសាកន្លងមក ជើងហោះហើរជាង១០០ បានធ្វើប្រតិបត្ដិការទាំងក្នុងទីក្រុងធំៗនិងតំបន់ដាច់ស្រយាល ដែលមានសេចក្តីរាយការណ៍ព័ត៌មានយ៉ាងហោចណាស់ចាប់តាំងពីឆ្នាំ ២០០៣ថា យន្តហោះមានលក្ខណៈគួរឱ្យសង្ស័យហោះឆ្វែលយឺតៗជុំវិញតំបន់ស្នាក់អាស្រ័យ ជាផ្នែកមួយនៃកម្មវិធីឈ្លបយកការណ៍របស់រដ្ឋាភិបាល ។
ប្រជាជននៅលើផ្ទៃរាបគ្មានផ្លូវដឹងទេថា ពួកគេកំពុងត្រូវបានតាមឃ្លាំមើលដោយ FBI ព្រោះយន្ដហោះដែលប្រើក្នុងបេសកកម្ម ត្រូវលាក់បាំងស្ថានភាពពិតក្នុងការបង្កើតក្រុមហ៊ុនគ្មានរូបរាងឡើងមកបាំងមុខនោះ បានទទួលការបកស្រាយថា ធ្វើឡើងដើម្បីការពារសុវត្ថិភាពអាកាសយានិកនិងយន្ដហោះ ។ សេចក្តីរាយការណ៍បានបញ្ជាក់ថា មានក្រុមហ៊ុនក្លែងក្លាយប្រភេទនេះយ៉ាងហោចណាស់ ១៣ ក្រុមហ៊ុន ជាអាទិ៍ FVX Research, KQM Aviation, NBR Aviation, និង PXW Services ។
ទោះបីទិន្នន័យពាក់ព័ន្ធនឹងរឿងចារកម្មតាមផ្លូវអាកាសត្រូវបានលាក់បាំងមិននិយាយដល់ក្នុងឯកសារសំណុំរឿងក្តីនៅតុលាការ តែ គ្រីស្តូហ្វើរ៍ អាល់ឡែន អ្នកនាំពាក្យរបស់ FBI បានអះអាងថាបេសកកម្មទាំងនេះមិនមែនជាការសម្ងាត់នោះឡើយ យន្ដហោះដែលមានការបំពាក់ឧបករណ៍ពិសេសនិងវិសាលភាពនៃការធ្វើការងាររបស់វា ទទួលបានការការពារដោយវត្ថុបំណងផ្នែកសន្តិសុខ ក្រៅពីនេះ នៅត្រូវបានរចនាឡើងដើម្បីប្រើប្រាស់ចំពោះករណីពិសេស មិនមែនប្រើប្រមូលទិន្នន័យបែបមិនរើសមុខនោះឡើយ ។
តែទោះជាយ៉ាងនោះក្តីក៏មិនអាចបដិសេធបានទេថា កាម៉េរ៉ាអាចថតរូបភាពឧក្រិដ្ឋកម្មផ្សេងទៀតដែលមិនទាក់ទង ប៉ុន្តែកើតឡើងក្នុងអំឡុងពេលនោះបាន ហើយទិន្នន័យនោះក៏ជាវត្ថុធាតុដើមដែលនាំយកទៅប្រើប្រាស់ក្នុងតុលាការទៀតផង នៅមានឧបករណ៍ពិសេសដែលអាចកំណត់អត្តសញ្ញាណមនុស្សរាប់ពាន់នាក់ដែលរស់នៅក្នុងតំបន់ដែលយន្តហោះហោះឆ្លងកាត់ ដោយការបញ្ជាក់ទិន្នន័យពីទូរស័ព្ទដៃរបស់ពួកគេ ទោះជាគ្មានការហៅទូរស័ព្ទចេញ ឬទទួលការហៅចូលនៅពេលនោះក៏ដោយ ។
អ្នកនាំពាក្យ FBI បានថ្លែងថា កិច្ចប្រតិបត្តិការនេះដំណើរទៅតាមកំណត់របស់អង្គការ ដោយបញ្ញត្តិទាំងនោះ មានការផ្សព្វផ្សាយជាសាធារណៈ បញ្ជាក់ពីប្រភេទនៃឧបករណ៍និងសំភារៈដែល អាចប្រើក្នុងការធ្វើការងារ ។ រយៈពេលដែលអាចប្រតិបត្តិការឈ្លបយកការណ៍បាន រួមដល់ភាពស្របច្បាប់និងសុចរិតភាពនៃទង្វើទាំងនោះផង ។
លោក Jay Stanley បានអ្នកវិភាគនយោបាយមកពី អាមេរិកា ស៊ីវិល លីប៊ឺធី យូនៀន បានចង្អុលបង្ហាញពីសារៈសំខាន់នៃចំណុចនេះ មិនត្រឹមតែការតាមដាន ដែលគ្របដណ្តប់តំបន់ជាទូទៅនោះទេ ក៏ប៉ុន្តែនៅរួមដល់ការប្រើប្រាស់បច្ចេកវិទ្យាដ៏មានប្រសិទ្ធិភាព ។ កាម៉េរ៉ាវីដេអូគុណភាពខ្ពស់ដែលអាចផ្តិតយករូបភាពពីចម្ងាយ ឬសូម្បីតែនៅពេលយប់ ។ លើសពីនេះទៀតនៅអាចបង្ហាញអត្តសញ្ញាណនិងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ទូរស័ព្ទដៃ ដែលស្ថិតក្នុងរង្វង់ធ្វើចារកម្ម ទោះថាបុគ្គលនោះ មិនពាក់ព័ន្ធនឹងបទឧក្រិដ្ឋណាមួយក៏ដោយ ។
អាជ្ញាធរបានឲ្យដឹងថា ការត្រួតពិនិត្យទិន្នន័យផ្ទាល់ខ្លួនតាមរយៈទូរស័ព្ទដៃដូចបានរៀបរាប់មកនោះ ជាករណីដែលកើតឡើងដោយកម្រណាស់ ខណៈដែលការស៊ើបអង្កេតរបស់ទីភ្នាក់ងារព័ត៌មាន AP ក្នុងអំឡុងមិនប៉ុន្មានសប្តាហ៍មុននេះ បានរកឃើញថា FBI បានប្រើប្រាស់យន្តហោះចារកម្មហោះឆ្វែលឈ្លបយកការណ៍ជុំវិញអគារធំៗដែលមានរបាំងបិទជិតមួយកន្លែង ក្នុងរយៈពេលយូរគួរសម ដែលលក្ខណៈដូចបានពោល ជាការបង្ហាញពីការប្រមូលទិន្នន័យដោយរលកសញ្ញាអេឡិចត្រូនិកច្រើនជាងការថតយករូបភាពពីលើអាកាស ។
រូបបែបបេសកកម្មសង្កេតការណ៍ពីលើអាកាស បង្ហាញពីវិសាលភាពនៃការអនុវត្តច្បាប់ដែលប្រែប្រួល ជាផ្នែកមួយនៃអ្វីដែលរដ្ឋាភិបាលបានអះអាងថា គឺជា "ឧបករណ៍សំខាន់" ក្នុងយន្តការស៊ើបអង្កេត ទាំងឧក្រិដ្ឋកម្មទូទៅ ការបង្កភេរវកម្ម រួមទាំងការងារក្នុងវិស័យស៊ើបការណ៍សម្ងាត់ ។
តែនោះក៏ធ្វើឲ្យកើតនូវសំនួរតាមមកថា គួរនឹងមានការកែខៃលើកកំពស់នយោបាយដើម្បីការពារ សេរីភាពជនស៊ីវិលឲ្យបានច្រើនឬយ៉ាងណា ??? ប្រសិនបើបច្ចេកវិទ្យាសម័យថ្មីទាំងនេះ នឹងជួយពង្រឹងសក្យភាពការតាមដានរបស់រដ្ឋាភិបាល ឲ្យអាចគំរាមកំហែងដល់ប្រជាជនបានច្រើនយ៉ាងដូចនេះនោះ ៕
ដោយ មុំ រឿន វិទ្យុសំលេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!