Commentary:តើមានស្តង់ដារពីរមែនឬ ???
លោក បាន គីមូន បានថ្លែងថា ការបាត់បង់ជីវិតជនជាតិប៉ាឡេស្ទីនរាប់ពាន់នាក់ ធ្វើឲ្យកើតមានក្តីព្រួយបារម្ភថា អ៊ីស្រាអែលប្រកាន់ខ្ជាប់ចំពោះច្បាប់អន្ដរជាតិបានឬមិនបាន ???
ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥
ហេតុអ្វីបានជាអ៊ីស្រាអែលមិនស្ថិតក្នុងបញ្ជីឈ្មោះនៃក្រុមដែលបានសម្លាប់ឬធ្វើឲ្យកុមារមានរបួស ??? រឿងនេះលោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ (ឬUN) មានចម្លើយ ទោះបី បញ្ជីឈ្មោះចុងក្រោយនៃក្រុមដែលសម្លាប់ ឬធ្វើឲ្យកុមារមានរបួស ដោយសារការវាយប្រយុទ្ធគ្នាយ៉ាងសាហាវនោះ គ្មានឈ្មោះអ៊ីស្រាអែលក្តី តែលោក បាន គីមូន ក៏បានរិះគន់អ៊ីស្រាអែលថា ការប្រើអំពើហឹង្សាប្រឆាំងនឹងយុវវ័យប្រុសស្រី ជារឿងដែលមិនអាចទទួលយកបាន និងនឹកស្មានមិនដល់ ។
លោក បាន គីមូន បានថ្លែងថា ការបាត់បង់ជីវិតជនជាតិប៉ាឡេស្ទីនរាប់ពាន់នាក់ ធ្វើឲ្យកើតមានក្តីព្រួយបារម្ភថា អ៊ីស្រាអែលប្រកាន់ខ្ជាប់ចំពោះច្បាប់អន្ដរជាតិបានឬមិនបាន ??? រួមទាំងបទបញ្ញត្តិដែលថា កិច្ចប្រតិបត្តិការខាងយោធានឹងត្រូវបែងចែក ឬបំបែកចេញពីគ្នាឲ្យដាច់រវាងកងកម្លាំងប្រដាប់អាវុធគូបដិបក្ខនិងជនស៊ីវិល ហើយជៀសវាងការប្រើប្រាស់កម្លាំងហួសហេតុតាមប្រម៉ាញ់ ។ លោក រ៉ូគុយ ប្រេសិតពិសេសដើម្បីកុមាររបស់ អង្គការសហប្រជាជាតិក្នុងជម្លោះសង្គ្រាមបានស្នើឡើងថា ទាំងអ៊ីស្រាអែលនិងក្រុមប្រដាប់អាវុធហាម៉ាស់ដែលកាន់កាប់តំបន់កាហ្សា គួរស្ថិតក្នុងបញ្ជីឈ្មោះនៃក្រុមដែលកេណ្ឌកុមារយកមកកាន់អាវុធច្បាំងនិងធ្វើឲ្យកុមារស្លាប់បាត់បង់ជីវិត ឬធ្វើឱ្យរងរបួសធ្ងន់ធ្ងរ ក៏ដូចជាការរំលោភបំពានផ្លូវភេទលើកុមារ ។
អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងក្នុងរបាយការណ៍ប្រចាំឆ្នាំជូនក្រុមប្រឹក្សាសន្តិសុខនិងមហាសន្និបាតអង្គការសហប្រជាជាតិថា ឆ្នាំ ២០១៤ បានឃើញការប្រើអំពើហិង្សាទៅលើកុមារកើនឡើងដោយសារជម្លោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ធ្វើឲ្យមានអ្នកស្លាប់បាត់បង់ជីវិតយ៉ាងហោចណាស់ 561នាក់ និងរបួសចំនួន 4,271 នាក់ ដោយស្ទើរតែទាំងអស់ជាជនប៉ាឡេស្ទីន ហើយក្រុមមនុស្សដែលបានស្លាប់បាត់បង់ជីវិតភាគច្រើនគឺនៅក្នុងសង្គ្រាមនៅតំបន់ហ្គាហ្សាកាលពីរដូវក្តៅឆ្នាំមុន ។
បញ្ជីឈ្មោះប្រចាំឆ្នាំជារឿងសំខាន់ ព្រោះការមានឈ្មោះនឹងសាងនូវក្តីអាម៉ាស់ឱ្យដល់រដ្ឋាភិបាលនិងក្រុមឧទ្ទាមទាំងឡាយដែលរំលោភលើសិទ្ធិកុមារក្នុងជម្លោះសង្គ្រាម ។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តថា បញ្ជីឈ្មោះដូចបានពោលព្រាងឡើងក្នុងខែសីហា ឆ្នាំ២០០៩ អាចអនុវត្តវិធានការនានា រួមទាំងអាចដាក់ទណ្ឌកម្មចំពោះអ្នករំលោភច្បាប់អន្តរជាតិ ដើម្បីការពារកុមារក្នុងតំបន់ដែលមានជម្លោះ ។
ក៏ប៉ុន្តែនៅក្នុងឆ្នាំនេះ បញ្ជីឈ្មោះរួមនៃក្រុមទាំងឡាយក្នុងប្រទេសអាហ្វហ្គានីស្ថាន សាធារណរដ្ឋអាហ្វ្រិកកណ្ដាល កូឡុំប៊ី កុងហ្គោ អ៊ីរ៉ាក់ ម៉ាលី មីយ៉ាន់ម៉ា នីហ្សេរីយ៉ា ហ្វីលីពីន សូម៉ាលី ស៊ូដង់ខាងជើង ស៊ូដង់ខាងត្បូង ស៊ីរី និងប្រទេសយេម៉ែន ។ លោកបាន គីមូន បានថ្លែងថា ជម្លោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ក៏ដូចនឹងសាធារណរដ្ឋអាហ្វ្រិកកណ្តាល អ៊ីរ៉ាក់ នីហ្សេរីយ៉ា ស៊ូដង់ខាងត្បូង និង ប្រទេសស៊ីរី បានសាងនូវទុក្ខលំបាកដល់កុមារ ។
របាយការណ៍នេះបានបញ្ជាក់ថា ចំនួនកុមារប៉ាឡេស្ទីនដែលបានស្លាប់បាត់បង់ជីវិតមានចំនួន 557 នាក់ ចាត់ទុកជាតួលេខខ្ពស់បំផុតលំដាប់ទី៣ កាលពីឆ្នាំកន្លងទៅ បន្ទាប់ពីប្រទេសអាហ្គានីស្ថានដែលកុមារត្រូវបានសម្លាប់ចំនួន 710 នាក់ និងនៅអ៊ីរ៉ាក់ចំនួន 679 នាក់ ។ លោក រ៉ន ផ្រូស័រ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិបានឱ្យដឹងថា អ៊ីស្រាអែលនៅតែបន្តកិច្ចប្រតិបត្តិការក្នុងតំបន់ហ្គាហ្សា ដើម្បីប្រឆាំងតបទៅនឹងការបាញ់មីស៊ីលដាក់ភាគខាងត្បូងប្រទេស ប៉ុន្តែអ៊ីស្រាអែលមិនបានកំណត់គោលដៅទៅលើកុមារនោះទេ ។
រីយ៉ាត ម៉ាន់ស៊ូ ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំអង្គការសហប្រជាជាតិបានឱ្យដឹងថា ប៉ាឡេស្ទីនមានការសោកស្តាយយ៉ាងខ្លាំងដែលលោក បាន គីមូន សម្រេចចិត្តមិនដាក់អ៊ីស្រាអែលទៅក្នុងបញ្ជីឈ្មោះនៃក្រុមសម្លាប់កុមារឬធ្វើឲ្យកុមារមានរបួសដោយសារចម្បាំង ។ លោក ម៉ាន់ស៊ូ បានថ្លែងបន្តទៀតថា គ្មានអ្វីគួរឲ្យសង្ស័យសោះថា អ៊ីស្រាអែល រំលោភសិទ្ធិមនុស្សទៅលើកុមារប៉ាឡេស្ទីន ហើយមានគុណសម្បត្តិសមរម្យក្នុងការចូលទៅនៅក្នុងបញ្ជីឈ្មោះដូចបានពោលនោះ ។
ប៉ុន្តែលោក ស្តេហ្វាន់ ឌូចារិគ អ្នកនាំពាក្យរបស់លោក បាន គីមូន បានថ្លែងថា មានសំណួរអំពីការដែលអ៊ីស្រាអែលត្រូវបានកាត់ឈ្មោះចេញ ហើយបញ្ជីឈ្មោះទាំងនេះក៏បានឆ្លងកាត់យន្តការពិភាក្សារួចមកហើយផង តែអគ្គលេខាធិការអង្គការសហប្រជាជាតិបានទទួលស្គាល់ថា ជាការសម្រេចចិត្តដ៏លំបាក ។ ឌូចារិគ បានថ្លែងជាន័យថា មានការបញ្ចុះបញ្ចូលយ៉ាងលំបាក មុនពេលរបាយការណ៍នេះត្រូវបានលាតត្រដាង ដោយក្រុមប្រទេសដែលគាំទ្រអ៊ីស្រាអែលរួមទាំងសហរដ្ឋអាមេរិកផងនោះ ។
លោក ហ្វីលីព បូឡូពៀន នាយកសិទ្ធិមនុស្ស Human right watch បានហៅការសម្រេចចិត្តរបស់លោក បាន គីមូន ថា ជាការខកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិដែលចង់ឲ្យមានការការពារកុមារបានប្រសើរឡើង ។ លោកបាន គីមូន ធ្លាប់ជម្រុញអ៊ីស្រាអែល ឲ្យជម្រុញការអនុវត្តន៍ជាក់ស្តែងបន្ទាន់ រួមទាំងការពិនិត្យឡើងវិញនូវគោលនយោបាយនិងទិសដៅការអនុវត្តន៍នានា ដើម្បីធានាបានថា កុមារបានទទួលការការពារ និងមិនត្រូវបានសម្លាប់ឬធ្វើឲ្យពិការ ម៉្យាងទៀតសាលារៀននិងមន្ទីរពេទ្យមិនត្រូវទទួលបានការវាយប្រហារ ហើយជនល្មើសត្រូវតែបាននាំយកទៅកាត់ទោសដោយតុលាការ ៕
ដោយ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!