Commentary:សង្រ្គាមត្រជាក់វគ្គថ្មី
ផែនការរបស់សហរដ្ឋអាមេរិកដែលនឹងបញ្ជូនរថក្រោះនិងអាវុធធុនធ្ងន់ទៅឈរជើងនៅក្នុងប្រទេសសមាជិកថ្មីរបស់អង្គការណាតូ បានក្លាយជាប្រធានបទក្តៅគគុកទៅហើយ ។
ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥
លោកប្រធានាធិបតីប្រទេសរុស្ស៊ី វ៉្លាឌីមៀ ពូទីន លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា
ផែនការរបស់សហរដ្ឋអាមេរិកដែលនឹងបញ្ជូនរថក្រោះនិងអាវុធធុនធ្ងន់ទៅឈរជើងនៅក្នុងប្រទេសសមាជិកថ្មីរបស់អង្គការណាតូ (អង្គការសន្ធិសញ្ញាការពារអាត្លង់ទិកខាងជើង) បានក្លាយជាប្រធានបទក្តៅគគុកទៅហើយ ដោយសារលោកឧត្តមសេនីយឯក យូរី យ៉ាគូបហ្វ មន្ត្រីក្រសួងការពារជាតិរុស្ស៊ី ចេញមកថ្លែងវាយប្រហារសហរដ្ឋអាមេរិកថា ទង្វើរបស់សហរដ្ឋអាមេរិកឈ្លានពានបំផុត ចាប់តាំងពីសង្គ្រាមត្រជាក់ ដែលរុស្ស៊ីគំរាមនឹងតបតដោយការបន្ថែមសមត្ថភាពដល់កងទ័ពខ្លួន ។
សហរដ្ឋអាមេរិកមានគម្រោងបញ្ជូនអាវុធធុនធ្ងន់ចូលទៅក្នុងទឹកដីនៃប្រទេសសម្ព័ន្ធមិត្តក្នុងតំបន់អឺរ៉ុបភាគខាងកើត និងតំបន់បាល់ទិក ដើម្បីបន្ថយការព្រួយបារម្ភរបស់រដ្ឋាភិបាលនៃបណ្តាប្រទេសទាំងនេះដែលព្រួយបារម្ភថា បន្ទាប់ពីជម្លោះនៅអ៊ុយក្រែន ប្រទេសរបស់ពួកគេនឹងក្លាយជាគោលដៅបន្តរបស់រុស្ស៊ី ដូចគ្នានឹងប្រទេសប៉ូឡូញ ហើយប្រទេសបាល់ទិកសម្តែងក្តីសង្ឃឹមថា សហរដ្ឋអាមេរិកនឹងបញ្ជូនអាវុធចូលទៅប្រចាំការក្នុងទឹកដីរបស់ពួកគេ ប៉ុន្តែបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់ បានសម្តែងនូវក្តីកង្វល់ថា នឹងស្ថិតនៅចំកណ្តាលនៃការប្រណាំងប្រជែងសន្សំអាវុធជាថ្មីរវាងប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិក ។
លោកឧត្តមសេនីយ យ៉ាគូបហ្វ បានថ្លែងថា ប្រសិនបើអាវុធធុនធ្ងន់របស់សហរដ្ឋអាមេរិក មានជាអាទិ៍ រថក្រោះ កាំភ្លើងធំ និងអាវុធដទៃទៀត ត្រូវបញ្ជូនចូលទៅប្រចាំការនៅអឺរ៉ុបខាងកើតនិងតំបន់បាល់កង់ពិតមែននោះ ក៏ចាត់ទុកជាការឈ្លានពានធ្ងន់ធ្ងរបំផុតរបស់មន្ទីរប៉ង់តាហ្គោន (ក្រសួងការពារជាតិសហរដ្ឋអាមេរិក) និងអង្គការណាតូ ចាប់តាំងពីសង្គ្រាមត្រជាក់ដែលរុស្ស៊ីគ្មានផ្លូវជ្រើសរើស ចាំបាច់ត្រូវពង្រឹងសមត្ថភាពដល់កងកម្លាំងនិងធនធានដែលមានដើម្បីតតាំងយុទ្ថសាស្រ្តរបស់ប្រទេសលោកខាងលិច ។ ការតបតរបស់រុស្ស៊ីគួររួមដល់ការពន្លឿនការដំឡើងមីស៊ីលអ៊ីសខាន់ឌ័រ នៅខាឡេនីនក្រាដ និងបន្ថែមកម្លាំងយោធារុស្ស៊ីនៅបេឡារូស អតីតប្រទេសសូវៀត ។
យ៉ាងណាក៏ដោយ សំណើររបស់សហរដ្ឋអាមេរិក អាចជាហេតុបង្កឱ្យមានភាពតានតឹងនៅក្នុងក្រុម ណាតូ ប៉ុន្តែបន្ទាប់ពីការពិភាក្សាគ្នានៅទីក្រុង វ៉័រស័រ ប្រទេសប៉ូឡូញ លោក ថូម៉ាស់ សៀម៉ូនៀក រដ្ឋមន្ត្រីក្រសួងការពារជាតិប៉ូឡូញ រំពឹងថា សហរដ្ឋអាមេរិកនឹងសម្រេចចិត្តចុងក្រោយពាក់ព័ន្ធនឹងអាវុធយុទ្ធោបករណ៍ដែលនឹងបញ្ជូនទៅប្រចាំការនៅប្រទេសប៉ូឡូញ ព្រោះប៉ូឡូញចង់ឲ្យសហរដ្ឋអាមេរិកបញ្ជូនទាហានមកប្រចាំការក្នុងប្រទេសខ្លួនជាអចិន្ត្រៃយ៍ ។
ចំណែកឯលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន មេដឹកនាំប្រទេសរុស្ស៊ីវិញបានប្រកាសក្នុងអំឡុងពេល ពិធីបើកពិព័ណ៌ "កងទ័ព-2015" នៅភាគខាងលិចទីក្រុងម៉ូស្គូថា រុស្ស៊ីនឹងបន្ថែមមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរចំនួន 40 គ្រាប់ទៀតនៅក្នុងឆ្នាំនេះ ហើយថា ជាច្រើនលើកហើយដែលរុស្ស៊ីត្រូវប្រើអាវុធនុយក្លេអ៊ែរគំរាមនូវអ្វីដែលខ្លួនមើលឃើញថា ជាការគំរាមកំហែងដល់សន្តិសុខជាតិហើយរុស្ស៊ីសុំរក្សាសិទ្ធិក្នុងការបញ្ជូនអាវុធនុយក្លេអ៊ែរទៅតម្លើងក្នុងតំបន់ក្រៃមៀ ដែលរុស្ស៊ីបាន បញ្ចូលជាចំណែកមួយនៃទឹកដីរបស់ខ្លួនកាលពីឆ្នាំមុន ។
សង្កថារបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន មានឡើងត្រឹមមួយថ្ងៃគត់ បន្ទាប់ពីមន្ត្រីរុស្ស៊ីចេញមកថ្កោលទោលផែនការរបស់សហរដ្ឋអាមេរិកដែលនឹងបញ្ជូនរថក្រោះនិងអាវុធធុនធ្ងន់ចូលទៅប្រចាំការក្នុងប្រទេសជាសមាជិកអង្គការណាតូថា ជាទង្វើដ៏ឈ្លានពានបំផុតរបស់សហរដ្ឋអាមេរិកចាប់តាំងពីសង្គ្រាមត្រជាក់ ។ កាំជ្រួចមីស៊ីលឆ្លងទ្វីបមានរយៈចម្ងាយឆ្ងាយយ៉ាងហោចណាស់ 5,500 គីឡូម៉ែត្រ ប៉ុន្តែលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន មិនបានផ្តល់ព័ត៌មានលម្អិតថា តើកាំជ្រួចមីស៊ីលធុនណា ដែលយកក្បាលគ្រាប់នុយក្លេអ៊ែរទៅបំពាក់បន្ថែមនោះឡើយ ។
សង្កថារបស់លោកប្រធានាធិបតី ពូទីន បានដាស់រលកប្រឆាំងប្រទេសលោកខាងលិចកាន់តែច្រើនឡើង ព្រមទាំងមានការធ្វើបាតុកម្មដើម្បីបង្ហាញការគាំទ្រដល់លោកពូទីន ប៉ុន្តែរឿងនេះបានសាងក្តីកង្វល់ដល់ប្រទេសលោកខាងលិច ជាពិសេសប្រទេសដែលមានព្រំដែនក្បែរប្រទេសរុស្ស៊ី ។
លោក ហ្ចច អឺរណេស្ត អ្នកនាំពាក្យសេតវិមានសហរដ្ឋអាមេរិកបានថ្លែងថា ផែនការរបស់សហរដ្ឋអាមេរិកដែលគ្រោងនឹងបញ្ជូនកងទ័ពចូលទៅកាន់តំបន់អឺរ៉ុបខាងកើតនិងបាល់ទិក ត្រឹមជាផែនការបឋមនៃយន្តការកំណត់គោលនយោបាយ តែក៏ស្របគ្នាជាមួយយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិកដែលធ្លាប់អនុវត្តរួចមកហើយ ផែនការដែលបានពោលនោះ ជាផ្នែកមួយនៃតម្រូវការរបស់អង្គការណាតូដែលមានមកជាយូរហើយក្នុងកិច្ចការពារប្រទេសសម្ព័ន្ធមិត្តនៅអឺរ៉ុប ។ លោក អឺរណេស្ត បានឲ្យដឹងថា សហរដ្ឋអាមេរិកចុះហត្ថលេខាលើសន្ធិសញ្ញាជាមួយអង្គការណាតូដែលឲ្យជួយការពារប្រទេសសម្ព័ន្ធមិត្ត ដែលសហរដ្ឋអាមេរិកនិងលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានប្រកាន់ខ្ជាប់ក្នុងកិច្ចព្រមព្រៀងនេះ ៕
ដោយ មុំ រឿន វិទ្យុសំលេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!