អ្នកជំងឺពីរនាក់ទៀតស្លាប់ដោយសារជំងឺផ្លូវដង្ហើមដ៏ប្រល័យMERSនៅកូរ៉េខាងត្បូង
ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ថា ខ្លួនបានរកឃើញរោគសញ្ញានៃជំងឺដង្ហើម (MERS) បីករណីទៀត ហើយមនុស្សពីរនាក់បានស្លាប់នៅថ្ងៃចន្ទនេះ ដែលនាំឱ្យមានករណីឆ្លងរីករាល សរុបចំនួន ១៧២ហើយចំនួនអ្នកស្លាប់បានកើនឡើងទៅដល់២៧នាក់ ។
បើយោងតាមក្រសួងសុខាភិបាលនិងសុខុមាលភាពថា ក្នុងចំណោមករណីថ្មីចំនួនបីគឺអ្នកជំងឺ ទី១៧១ ធ្វើតេស្តវិជ្ជមានមេរោគប្រភេទនេះក្នុងរយៈពេល១០ ថ្ងៃបន្ទាប់ពីការតាមដានពីរសប្តាហ៍ ។
ស្ត្រីម្នាក់អាយុ ៦០ ឆ្នាំ បានឆ្លងមេរោគនេះ បន្ទាប់ពីបានទៅព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់មួយរបស់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Samsung នៅក្រុងសេអ៊ូល រយៈពេលបីថ្ងៃកាលពីថ្ងៃ 29 ខែឧសភា។
អ្នកឆ្លងមេរោគពីរនាក់បន្ថែមទៀតបានស្លាប់ បង្កើនអត្រាអ្នកស្លាប់កើនឡើងទៅដល់ ១៥,៧ ភាគរយ។ បុរសពីរនាក់ទៀតដែលមានអាយុច្រើនហើយនោះ បានកើត ជំងឺផ្សេងទៀតដូចជាជំងឺមហារីក។អ្នកជំងឺប្រាំពីរនាក់ទៀតត្រូវបានអនុញ្ញាត្តិឲ្យចេញពីមន្ទីរពេទ្យវិញក្រោយពីព្យាបាលជាសះស្បើយ បន្ទាប់ពីឆ្លងមេរោគនេះ ធ្វើអោយអ្នកចេញពីពេទ្យសរុបមានដល់ទៅ៥០នាក់។
ចំនួនអ្នកដាក់អោយនៅដាច់ពីគេមានចំនួន ៤០៣៥នាក់ កាល ពីថ្ងៃអាទិត្យ នៅសល់តែចំនួន ៣៨៣៣នាក់ ទេគិតត្រឹមថ្ងៃចន្ទនេះ ដោយបានបន្តធ្លាក់ចុះរយៈពេលបួនថ្ងៃជាប់ៗគ្នា។
អង្គការសុខភាពពិភពលោក WHO បានបន្ទោសថា ការរាលដាលជំងឺនេះនៅកូរ៉េខាងត្បូងគឺដោយសារការខកខានរបស់អាជ្ញាធរមិនបានចាត់វិធានការគ្រប់គ្រាន់។
អង្គការសុខភាពពិភពលោក WHO និយាយថា នៅកូរ៉េខាងត្បូងខ្វះការយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមេរោគ MERS នេះក្នុងចំណោមបុគ្គលិកសុខាភិបាល ហើយមិនមានវិធានការគ្រប់គ្រាន់ក្នុងការទប់ស្កាត់ការឆ្លងនៅក្នុងមន្ទីរពេទ្យ។ ទោះជាយ៉ាងណាក្តី ទីភ្នាក់ងារសុខាភិបាលអ.ស.ប.នេះនិយាយថា ការឆ្លងមេរោគនេះនៅមិនទាន់ត្រូវបានចាត់ទុកថា ជាគ្រោះអាសន្នដល់សុខភាពសាធារណៈនៅឡើយទេ។ រោគសញ្ញាជំងឺ MERS នេះរួមមានគ្រុន ក្អក ដកដង្ហើមខ្លីៗ ផុតៗ ដែលមានលក្ខណៈមិនធ្ងន់ធ្ងរ ដូចជាជំងឺផ្តាសាយធម្មតាដែរ៕
ដោយ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!