Commentary:ដរ៍ អ៊ុងសាន ស៊ូជី
កាលពីថ្ងៃសុក្រទី ១៩ ខែមិថុនា កន្លងទៅនេះ ជាថ្ងៃខួបកំណើតរបស់ ដរ៍ អ៊ុងសាន ស៊ូជី ធ្វើឲ្យលោកស្រីមានអាយុគំរប់ ៧០ឆ្នាំ ។
ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥
កាលពីថ្ងៃសុក្រទី ១៩ ខែមិថុនា កន្លងទៅនេះ ជាថ្ងៃខួបកំណើតរបស់ ដរ៍ អ៊ុងសាន ស៊ូជី ធ្វើឲ្យលោកស្រីមានអាយុគំរប់ ៧០ឆ្នាំ យើងសរសេរអត្ថបទនេះពីជ្រុងខ្លះរបស់លោកស្រី ដែលយើងគិតថាជារឿងគួរឲ្យអស្ចារ្យ ។
ការដែលហៅលោកស្រី អ៊ុងសាន ស៊ូជី ថា ដរ៍ អ៊ុងសាន ស៊ូជី ដោយសារតែការបញ្ចេញសំឡេងនៅក្នុងភាសាមីយ៉ាន់ម៉ានោះ ប្រជាជននៃប្រទេសមីយ៉ាន់ម៉ា ពួកគេបញ្ចេញសំឡេងខ្លីៗហើយធ្ងន់ ទើបអ៊ុងសាន ស៊ូជី ក្លាយជា អ៊ុងសាន ស៊ូជិ ចំណែកពាក្យថា ដរ៍ នោះ ប្រជាជនមីយ៉ាន់ម៉ា ប្រើហៅនាំមុខឈ្មោះស្ត្រី ដែលពួកគេត្រូវការលើកតម្កើង ដូច្នេះការហៅលោកស្រី អ៊ុងសាន ស៊ូជី ទើបប្រជាជនមីយ៉ាន់ម៉ា ហៅថា ដរ៍ អ៊ុនសាន ស៊ូជិ នោះឯង ។
ឈ្មោះលោកស្រីជាភាសាអង់គ្លេសសរសេរថា Aung San Suu Kyi ដែលធ្វើឱ្យអ្នកខ្លះចង់ហៅលោកស្រីថា អ៊ុងសាន ស៊ូគ្យី ដែលនោះគឺជាការអានតាមអក្ខរៈភាសាអង់គ្លេស ប៉ុន្តែប្រសិនបើយើងសិក្សាការបញ្ចេញសំឡេងក្នុងភាសាមីយ៉ាន់ម៉ាខ្លះនោះយើងនឹងដឹងថា " Ky " នៅក្នុងភាសាមីយ៉ាន់ម៉ា គឺជាសម្លេងអក្សរ "ជ " ឬ "ច " ដូច្នេះទោះបីសរសេរ " Kyi " ក្តី សំឡេងក៏នឹងទៅជា "ជី " នេះជាការត្រឹមត្រូវ ដូចនេះប្រសិនបើប្រជាជនមីយ៉ាន់ម៉ា មកបបួលយើងទៅលេងទីក្រុង "តូចូ ត្រូវយល់ថាគេកំពុងអញ្ជើញយើងឱ្យទៅលេងទីក្រុងតូក្យូ ប្រទេសជប៉ុននោះឯង មិនមែនទីក្រុងបង្កើតថ្មីឯណានោះឡើយ ។
កាលពីចុងសប្តាហ៍មុន ដរ៍ អ៊ុងសាន ស៊ូជី ត្រូវបានលោកប្រធានាធិបតី ស៊ី ជិនពីង អញ្ជើញឲ្យទៅបំពេញទស្សនកិច្ចជាផ្លូវការ ដែលតិចលើកណាស់យើងឃើញមេដឹកនាំចិន អញ្ជើញគណបក្សប្រឆាំងទៅធ្វើទស្សនៈកិច្ចនិងទទួលស្វាគមន៍បីដូចមេដឹកនាំប្រទេស ។ ការដែលប្រទេសចិនផ្តល់កិត្តិយសដល់ ដរ៍ អ៊ុងសាន ស៊ូជី កំរិតនេះ ក៏មានន័យថា ចិនកំពុងស្វែងរកចំណាប់អារម្មណ៍ពីរដ្ឋាភិបាលមីយ៉ាន់ម៉ាយ៉ាងខ្លាំង ព្រោះមើលទៅដូចជាថា រដ្ឋាភិបាលមីយ៉ាន់ម៉ាដែលធ្លាប់បាក់ចិត្តលើប្រទេសចិនតែមួយមកជាអង្វែងនោះ ជាពិសេសក្នុងអំឡុងពេលការដាក់ទណ្ឌកម្មរបស់អន្តរជាតិ ឥឡូវនេះផ្តើមមានចិត្តឲ្យទៅប្រទេសដទៃទៀតកាន់តែច្រើនឡើង ជាអាទិ៍ ប្រទេសជប៉ុននិងសហរដ្ឋអាមេរិក ។
ការជ្រើសរើសទីក្រុងក្នុងដំណើរទស្សនកិច្ចក៏គួរឱ្យចាប់អារម្មណ៍មិនតិចឡើយ ព្រោះ ដរ៍ អ៊ុងសាន ស៊ូជី ជ្រើសធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ស៊ាងហៃ និងទីក្រុងគុនមីង ទីក្រុងពីរដំបូងគេនោះគឺនរណាក៏ស្គាល់ថាជារដ្ឋធានីនិងជាទីក្រុងសេដ្ឋកិច្ចសំខាន់ រីឯទីក្រុងគុនមីងវិញនោះ ជាទីក្រុងផ្តោតការចាប់អារម្មណ៍របស់ពិភពលោក ព្រោះប្រទេសចិនមានយុទ្ធសាស្រ្តច្បាស់លាស់ គឺប្រើគុនមីងជាចំណុចតភ្ជាប់ប្រទេសចិនទៅនឹងសហគមន៍សេដ្ឋកិច្ចអាស៊ានរបស់យើងនោះឯង ។
សេចក្តីថ្លែងការណ៍នៃលទ្ធផលដំណើរទស្សនកិច្ច គឺស្ថិតក្នុងន័យស្ថាបនានិងមានផលល្អដល់ប្រទេសទាំងពីរ អ្វីដែលយើងគិតថា អស្ចារ្យបំផុតសំរាប់ស្ត្រីម្នាក់នេះគឺ មិនថាលោកស្រីប្រឈមមុខនឹងការលំបាកកំរិតណា ជាមួយនឹងការអនុវត្ដន៍នយោបាយរបស់លោកស្រីនៅក្នុងប្រទេស ទោះលោកស្រីស្ថិតក្រោមការឃុំខ្លួនក្នុងផ្ទះអស់រយៈពេលជាង ២៤ ឆ្នាំក៏ដោយ តែរាល់លើកដែលលោកស្រីមានឱកាសបានធ្វើទស្សនៈកិច្ចនៅបរទេស ឬនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបរទេស ដែលលោកស្រីអាចនិយាយអ្វីក៏បាន ដរ៍ អ៊ុងសាន ស៊ូជី រមែងនិយាយពីរឿងវិជ្ជមានដល់ប្រទេសមីយ៉ាន់ម៉ា ជានិច្ច ។
ឧទាហរណ៍ជាក់ស្តែងបំផុត គឺកាលពីឆ្នាំ ២០១២ ដែលលោកស្រីធ្វើដំណើរចេញទៅក្រៅប្រទេសជាលើកដំបូង បន្ទាប់ពីរដ្ឋាភិបាលមីយ៉ាន់ម៉ាបញ្ឈប់ការឃុំឃាំងលោកស្រីនៅក្នុងផ្ទះ ដរ៍ អ៊ុងសាន ស៊ូជីបានធ្វើដំណើរទៅចូលរួមប្រជុំក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកដែលប្រារព្វធ្វើនៅប្រទេសថៃ ក្រោមការអញ្ជើញចូលរួមពីសំណាក់ពាណិជ្ជករទូទាំងសកលលោក នៅពេលត្រូវពាណិជ្ជករសួរថា តើប្រទេសមីយ៉ាន់ម៉ា ដែលជាប្រទេសផ្តាច់ការយោធានិងពោរពេញដោយអំពើរពុករលួយនោះ ហេតុអ្វីបានជាលោកស្រីមកអញ្ជើញពួកគេទៅធ្វើវិនិយោគ ??? សំនួរនោះ ជាសំនួរដែលត្រូវផ្សាយផ្ទាល់ក្នុងបណ្ដាញទូរទស្សន៍កំរិតពិភពលោក ជាអាទិ៍បណ្ដាញទូរទស្សន៍ CNN ក្នុងវិនាទីមាសបែបនេះ បើលោកស្រីឆ្លើយបែបយកល្អដាក់អាត្មាអញ ប្រទេសជាតិចាញ់ក៏ងាប់ទៅចុះ បីដូចអ្នកនយោបាយទូទៅគេតែងគ្នានាំធ្វើនោះ លោកស្រីអាចធ្វើបាន តែលោកស្រីបែរជាឆ្លើយតបទៅវិញថា " មែនហើយ ប្រទេសយើងនៅមានរបបផ្តាច់ការយោធា ប្រទេសយើងនៅមានអំពើពុករលួយច្រើនមែន នេះឯងដែលជាមូលហេតុឲ្យយើងត្រូវការពាណិជ្ជករបរទេស ចូលទៅបណ្តាក់ទុនឲ្យកាន់តែច្រើនឡើងក្នុងប្រទេសមីយ៉ាន់ម៉ា នឹងបានជួយគ្នាអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យ ជួយគ្នាលុបបំបាត់អំពើពុករលួយ ហើយគ្រប់គ្នានឹងក្លាយជាអ្នកមានរុងរឿងទៅព្រមៗគ្នា ...
ប៉ុណ្ណឹងគួរឲ្យអស្ចារ្យទេ សំរាប់ស្ត្រីម្នាក់នេះ ???
ដោយ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!