សង្គមស៊ីវិលជាង៣០តវ៉ា នៅមុខរដ្ឋសភា អោយបញ្ឈប់ការ អនុម័ត សេចក្តីព្រាងច្បាប់ស្តីពីសង្គមស៊ីវិល
សំឡេង៖
នៅព្រឹកថ្ងៃអង្គារ ទី២៣ ឧសភានេះ ក្រុមអង្គការសង្គមស៊ីវិលជាង៣០ ជួបជុំគ្នាលើកបដាតវ៉ានៅមុខរដ្ឋសភា ដើម្បីបង្ហាញការមិនពេញចិត្ត និងស្នើឲ្យបញ្ឃប់ការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ។ ក្រុមអង្គការសង្គមស៊ីវិល រួមទាំងប្រជាពលរដ្ឋផងនោះ បានស្រែកថា នៅអាណត្តិក្រោយ នឹងមិនបោះឆ្នោត ឲ្យ គណបក្សណា ដែលលើកដៃអនុម័តច្បាប់នេះទេ។
មន្ត្រី និងសកម្មជន ដែលមកពីអង្គការសង្គមស៊ីវិលជាង ៣០ មានគ្នាជាង៤០០ នាក់ បាននាំគ្នាលើកបដា និងស្រែក ទាមទារឲ្យរដ្ឋសភា បញ្ឈប់ការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ លោក វន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានប្រសាសន៍ថា ច្បាប់នេះមាន ការ បិទសិទ្ធិ សេរីភាពចំពោះអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ។ លោកបន្ថែមថា ខណៈពេលនេះ កម្ពុជា ពុំត្រូវការច្បាប់នេះទេ ព្រោះកម្ពុជាមានច្បាប់គ្រប់គ្រាន់ ដូចជា រដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌជាដើម។
អង្គការសង្គមស៊ីវិលដែលចូលរួមតវ៉ានៅព្រឹកនេះ រួមមាន អង្គការលីកាដូ សមាគមធាងត្នោត អង្គការ សមាគមផ្ទះសាមគ្គី និងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធហៅកាត់ថា (IDEA) រួមទាំងបណ្តាញយុវជនកម្ពុជាជាដើម ។
លោក វន ពៅ បាន រៀបរាបខ្លឹមសារ ដែលមានការរិតត្បឹតសេរីភាព ក្នុងសេចក្តីព្រាងច្បាប់នេះថា ដូចជាការរិតត្បឹត ក្នុងការចុះបញ្ចីការ ហើយក្រសួងមហាផ្ទៃ អាចលុបចោល សមាគម និងអង្កការមិនមែនរដ្ឋាភិបាលណា ដែលក្រសួង យល់ថា បានប្រព្រឹត្តកំហុស និងរាល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវតែផ្ញើរបាយការណ៍បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំទៅក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជារៀង រាល់ពេល។
លោកថា បើគណបក្សទាំងពីរនៅតែធ្វើការបោះឆ្នោតអនុម័តនូវច្បាប់នេះ នៅអាណត្តិក្រោយ អាចនឹងធ្វើឲ្យ ប្រជាពលរដ្ឋ បាត់បង់ជំជឿចិត្ត លែងគាំទ្រ។ ដូច្នេះ គណបក្សទាំងពីរត្រូវថ្លឹងថ្លែងឲ្យបានច្បាស់លាស់។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បានចេញមកទទួលញត្តិពីបណ្តាក្រុមសង្គមស៊ីវិល ហើយបាន អះអាងថា គណបក្សសង្រ្គោះជាតិ នឹងធ្វើយ៉ាណា ដើម្បីពន្យាពេលកុំឲ្យរដ្ឋសភា ធ្វើការបោះឆ្នោតទាំងប្រញាប់ប្រញាល ទាំងមិនទាន់បានធ្វើការពិគ្រោះយោបល់ ឲ្យបានត្រឹមត្រូវ។
លោក អំ សំអាត អ្នកសម្រប់សម្រួលបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្កការលីកាដូ មានប្រសាសន៍ថា ការដែលរដ្ឋាភិបាល ចង់ឲ្យច្បាប់នេះ លិចជារូបរាងឡើង គឺដើម្បីចង់គ្រប់គ្រងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រោះតែកន្លងទៅ អង្គការសង្គមស៊ីវិល បានធ្វើការតស៊ូមតិយ៉ាងសកម្មក្នុងសង្គម។
អ្នកស្រី ឡេង វ៉ាន់ ឌឿន ប្រជាពលរដ្ឋ មកពីខេត្តពោធិសាតិ៍ ដែលបានចូលរួមក្នុងតវ៉ាជាមួយសង្គមស៊ីវិលដែរនោះ បានលើកឡើងថា ការបង្កើតច្បាប់នេះ នឹងធ្វើឲ្យប៉ះពាលដល់ សិទ្ធិសេរីភាពរបស់ពលរដ្ឋ ដូចជាការតវ៉ា រឿងដីធ្លី និងការរំលោភបំពានផ្សេងជាដើម។ ក្នុងនាមជាម្ចាស់ឆ្នោតមួយរូប អ្នកស្រីព្រមានថា នៅអាណត្តិក្រោយ អ្នកស្រីនឹង មិនបោះឆ្នោតឲ្យគណបក្សណា ដែលហ៊ានលើកដៃអនុម័តនូវច្បាប់មួយនេះ ឲ្យលិចជារូបរាងឡើងនោះទេ។
សូមជំរាប់ថា សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តកាលពីថ្ងៃ ទី៥ ខែមិថុនា រួចបញ្ជូនទៅកាន់រដ្ឋសភាកាលពីពេលថ្មីៗនេះ ។ ហើយបើតាមការអះអាងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាល បានបញ្ជាក់ថា រដ្ឋាភិបាលនឹងបង្កើតច្បាប់អង្គការនេះ ឲ្យបាន។
ដោយកញ្ញា ឡុង គីមម៉ារីតា
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!