Commentary:ខ្លាអត់ចង្កូម
ICC ឬតុលាការឧក្រឹដ្ឋកម្មអន្តរជាតិ បានចេញដីកាចាប់ខ្លួន លោក អូម៉ា ហាស់សាន់ អាល់ បាសៀរ (Omar Hassan Al Bashir) ចាប់តាំងពី ២០០៩ ពីបទឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងអំពើប្រល័យពូជសាសន៍ ដោយហេតុការណ៍ជម្លោះនៅតំបន់ដាហ្វួរ
ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៥
លោក អូម៉ា ហាស់សាន់ អាល់ បាសៀរ ប្រធានាធិបតីក្នុងតំណែងនៃប្រទេសស៊ូដង់
ដែលត្រូវតុលាការឧក្រឹដ្ឋកម្មអន្តរជាតិ ចេញដីកាចាប់ខ្លួន
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ឬ ICC ស្ថាប័នមួយក្នុងចំណោមស្ថាប័នសំខាន់ផ្នែកលើកកម្ពស់ការការពារយុត្តិធម៌នៅទូទាំងពិភពលោករបស់អង្គការសហប្រជាជាតិ បីដូចត្រូវចោមរោមទះកំភ្លៀងយ៉ាងពេញទំហឹងពីបាតដៃនៃប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសស៊ូដង់ ប្រទេស២នៅក្នុងទ្វីបអាហ្វ្រិក ដោយហេតុការណ៍កាលពីដើមសប្តាហ៍កន្លងទៅនេះ ។
កិច្ចប្រជុំកំពូលក្រុមសហភាពអាហ្រ្វិក (ឬ AU) លើកទី២៥ ដែលអាហ្វ្រិកខាងត្បូងជាម្ចាស់ផ្ទះ ប្រារព្វឡើងនៅទីក្រុង ចូហាន់ណេសប៊ើក ចន្លោះពីថ្ងៃទី 14-15 ខែមិថុនា កន្លងទៅនេះ លោកប្រធានាធិបតី អូម៉ា ហាស់សាន់ អាល់ បាសៀរ មេដឹកនាំស៊ូដង់ ដែលគេចខ្លួនពីការតាមចាប់របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ មកអស់រយៈពេល៦ឆ្នាំ ជាមនុស្សម្នាក់ក្នុងចំណោមសមាជិកក្រុមមេដឹកនាំសហភាពអាហ្រ្វិកទាំង ៥៤នាក់ ដែលមកចូលរួមការប្រជុំនាលើកនេះ ។
ICC ឬតុលាការឧក្រឹដ្ឋកម្មអន្តរជាតិ បានចេញដីកាចាប់ខ្លួន លោក អូម៉ា ហាស់សាន់ អាល់ បាសៀរ (Omar Hassan Al Bashir) ចាប់តាំងពី ២០០៩ ពីបទឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងអំពើប្រល័យពូជសាសន៍ ដោយហេតុការណ៍ជម្លោះនៅតំបន់ដាហ្វួរ ភាគខាងលិចប្រទេសស៊ូដង់ ក្លាយជាមេដឹកនាំប្រទេសដែលនៅកាន់តំណែងដំបូងគេក្នុងពិភពលោក ដែលត្រូវតុលាការ ICC ឬតុលាការឧក្រឹដ្ឋកម្មអន្តរជាតិ ចេញដីកាចាប់ខ្លួន ។
ពេលដឹងថា លោក បាសៀរ ធ្វើដំណើរទៅកាន់ទីក្រុង ចូហាន់ណេសប៊ើក The Southern Africa Litigation Center អង្គការសិទ្ធិមនុស្សនៅអាហ្វ្រិកខាងត្បូង បានដាក់លិខិតបន្ទាន់មួយទៅតុលាការ កំពូលនៅរដ្ឋធានី ព្រីតូរៀ (Pretoria) ឲ្យចេញដីកាចាប់ខ្លួនលោក បាសៀរ ហើយតុលាការបានចេញបញ្ជាឱ្យរដ្ឋាភិបាលអាហ្រ្វិកខាងត្បូង រារាំងលោក បាសៀរ មិនឱ្យចាកចេញពីប្រទេសជាបណ្តោះអាសន្នសិន លុះត្រាណាតុលាការចេញដីកាបង្គាប់ផ្សេងពីនេះ ។
ប៉ុន្តែប្រាកដថា នៅព្រឹកថ្ងៃទី ១៥ ខែមិថុនា លោក បាសៀរ បានជិះយន្តហោះ Jet ប្រចាំតំណែង ធ្វើដំណើរចេញពីព្រលានយន្តហោះយោធាជាយក្រុង ព្រីតូរៀ ហោះត្រឡប់ទៅកាន់ប្រទេសវិញមុនពេលកំណត់ ដោយរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងមិនបានធ្វើការរារាំងណាមួយឡើយ ថែមទាំងបើកផ្លូវសម្រួលភាពងាយស្រួលយ៉ាងល្អទៀតផង ។
នៅពេលយន្ដហោះលោក បាសៀរ ហោះចេញពីជាយក្រុង ព្រីតូរៀ នោះ តុលាការកំពូលអាហ្វ្រិកខាងត្បូងទើបចាប់ផ្តើមធ្វើការស៊ើបអង្កេត ។ រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងចាំបាច់ត្រូវចាប់ខ្លួនលោក បាសៀរ តាមកិច្ចព្រមព្រៀងដែលមានជាមួយ ICC ក្នុងឋានៈជារដ្ឋភាគីស្ថាបនិកអង្គការនេះ ឬមួយយ៉ាងណា ???
តុលាការឧក្រិដ្ឋកម្មអន្តរជាតិមានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេសហូឡង់ បង្កើតឡើងតាមធម្មនុញ្ញ ទីក្រុងរ៉ូម ប្រសិទ្ធិភាពអនុវត្តចាប់តាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០២ មាន ១១៤ ប្រទេស ជារដ្ឋភាគីស្ថាបនិក រួមមានអាហ្វ្រិកខាងត្បូង ចំណែក ៣៤ ប្រទេស រួមមានរុស្ស៊ីដែលចុះហត្ថលេខាលើធម្មនុញ្ញក្រុងរ៉ូម តែរដ្ឋសភាប្រទេសរុស្ស៊ីនៅមិនទាន់បានផ្តល់សច្ចាប័ននៅឡើយទេ តាមគោលការណ៍រដ្ឋភាគីត្រូវផ្តល់កិច្ចសហការយ៉ាងពេញលេញ ។
កិច្ចប្រតិបត្តិការបំបាក់មុខតុលាការឧក្រិដ្ឋកម្មអន្តរជាតិ របស់រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងនិងមេដឹកនាំស៊ូដង់ ត្រូវបានគេនិយាយយ៉ាងច្រើននៅក្នុងរង្វង់អ្នកនយោបាយនិងការទូតអន្ដរជាតិនាពេលនេះ ។ កាលពីដើមអាហ្វ្រិកខាងត្បូង សហការបានយ៉ាងល្អជាមួយអង្គការអន្តរជាតិ មានទិដ្ឋភាពល្អប្រពៃលើវិស័យសិទ្ធិមនុស្ស ចាប់តាំងពីបញ្ចប់សម័យរើសអើងពូជសាសន៍នៅក្នុងប្រទេសមកនោះ ។
កាលពីមុន លោក បាសៀរ ធ្លាប់បានផ្គើនទៅនឹងដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិជាច្រើនលើក លេចមុខទៅក្រៅប្រទេស ចូលរួមប្រជុំ ឬបង្ហាញខ្លួននៅប្រទេសអេហ្ស៊ីប លីប៊ី និងអារ៉ាប៊ីសាអូឌីត តែគ្មានប្រទេសណាចាប់លោក បាសៀរ បញ្ជូនឲ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិនោះឡើយ ។
ICC ជាតុលាការគ្មានកងកម្លាំងអនុវត្តច្បាប់ជារបស់ខ្លួននោះទេ កិច្ចប្រតិបត្ដិការចាប់ខ្លួនជនសង្ស័យឬជនជាប់ចោទ ត្រូវស្នើសុំកិច្ចសហប្រតិបត្តិការពីរដ្ឋភាគី នេះគឺជាចំណុចខ្សោយនិងជាឧបសគ្គសំខាន់ក្នុងការអនុវត្តតាមគោលដៅរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ឬ ICC នោះ ។
អំឡុងរសៀលថ្ងៃទី ១៥ ខែមិថុនា ខណៈដែលយន្តហោះរបស់លោក បាសៀរ កំពុងធ្វើដំណើរវិលត្រឡប់មកប្រទេសវិញបានពាក់កណ្តាលផ្លូវ តុលាការកំពូលប្រទេសអាហ្វ្រិកខាងត្បូងបានចេញសេចក្តីសម្រេចថា ការដែលរដ្ឋាភិបាលបណ្តោយឱ្យលោក បាសៀរ ហោះហើរចេញពីប្រទេស ទាំងមានបញ្ជាឲ្យឃាត់ឃាំង ចាត់ទុកជាការរំលោភទៅនឹងរដ្ឋធម្មនុញ្ញរបស់ប្រទេស ដោយសារអាហ្វ្រិកខាងត្បូងបានបញ្ចូលគោលការណ៍នៃធម្មនុញ្ញទីក្រុងរ៉ូម ទៅក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសផងនោះ ទើបត្រូវអនុវត្តតាមកាតព្វកិច្ចរបស់ខ្លួនដែលមានចំពោះតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ព្រមទាំងបានបញ្ជាឱ្យរដ្ឋាភិបាលបកស្រាយរឿងនេះទៀតផង ។
រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងរបស់លោកប្រធានាធិបតី ចាខប ស៊ូម៉ា បានអះអាងថា លោក បាសៀរមានអភ័យឯកសិទ្ធិការពារ ក្នុងឋានៈលោកជាមេដឹកនាំប្រទេសដែលធ្វើដំណើរមកចូលរួមក្នុងកិច្ចប្រជុំកំពូល ដូចបណ្តាមេដឹកនាំប្រទេសជាសមាជិក AU ផ្សេងទៀត ហើយអភ័យឯកសិទ្ធិរបស់មេដឹកនាំប្រទេសពេលបំពេញទស្សនកិច្ចផ្លូវការនៅបរទេស នៅខ្ពស់ជាងកិច្ចព្រមព្រៀងដែលមានចំពោះតុលាការអន្តរជាតិ ។
រង់ចាំតាមដានមើលថា តើទីបញ្ចប់នៃជម្លោះរវាងតុលាការកំពូលជាមួយរដ្ឋាភិបាលអាហ្រ្វិកខាងត្បូង ក្នុងរឿងនេះ នឹងទៅជាយ៉ាងណា ??? ។
ដោយ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!