Commentary:អង្គភាពប្រតិបត្ដិការរួមដែនសមុទ្រ
ប្រភពព័ត៌មានដែលអាចជឿទុកចិត្ត បានឱ្យដឹងថា យើងមានសុទិដ្ឋិនិយមថា រឿងនេះនឹងបញ្ចប់ទៅបាន នៅពេលដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឬ UNSC ចេញសេចក្តីសម្រេចព្រមជាមួយវិធានការដោះស្រាយបញ្ហាជនភៀសខ្លួនក្នុងសមុទ្រមេឌីទែរ៉ាណេ ។
ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥
កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឬ UNSC
ក្នុងសប្តាហ៍នេះ បណ្តាសមាជិកសហភាពអឺរ៉ុប (ឬ EU) អនុម័តិផែនការសម្រាប់ជំហានដំបូងនៃកិច្ចប្រតិបត្តិការយោធារបស់អង្គភាពប្រតិបត្តិការរួមដែនសមុទ្រ ទៅលើជនភៀសខ្លួនក្នុងសមុទ្រមេឌីទែរ៉ាណេ ដែលលបលួចចូលដែនដីអឺរ៉ុប ដោយប្រទេសសមាជិក EU ខ្លះ បញ្ជូននាវានិងយន្តហោះ ចូលរួមក្នុងបេសកកម្មដូចបានពោល បន្ទាប់ពីកើតហេតុសោកនាដកម្មជនភៀសខ្លួនស្លាប់បាត់បង់ជីវិត 800 នាក់ ដោយសារកាណូតឈើចាស់ៗលិចនៅឯនាយឆ្នេរសមុទ្រភាគខាងត្បូងប្រទេសអ៊ីតាលី ធ្វើឲ្យបណ្តាមេដឹកនាំសហភាពអឺរ៉ុប បើកការប្រជុំជាបន្ទាន់មួយកាលពីខែមេសា កន្លងទៅនេះ ដើម្បីកំណត់ផែនការដោះស្រាយបញ្ហាពីដើមទី ។
ក៏ដូចជាការបង្កើនកិច្ចខិតខំប្រឹងប្រែងស្វែងរកនិងជួយសង្គ្រោះ ព្រមទាំងបានអំពាវនាវចំពោះលោក ហ្វេដឺរិកា ម៉ូកេរិនី ប្រធានកិច្ចការនយោបាយការបរទេសរបស់សហភាពអឺរ៉ុប ឲ្យព្រាងផែនការសកម្មភាពខាងយោធា ដើម្បីចាត់ការទៅលើក្រុមឈ្មួញជួញដូរមនុស្ស ដែលស្វែងរកផលប្រយោជន៍ពីរលកមនុស្សកំពុងរកច្រកចូលទៅកាន់ទឹកដីអឺរ៉ុប ដោយការធ្វើដំណើរឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ។ ជំហានដំបូងគឺការប្រមូលទិន្នន័យ នឹងជួយឱ្យចូលដល់ជនភៀសខ្លួន និងចាប់ខ្លួនក្រុមឈ្មួញជួញដូរមនុស្ស បន្ទាប់ពីនោះគឺការពង្រីកកិច្ចប្រតិបត្តិការទៅក្នុងដែនទឹកនៃប្រទេសលីប៊ី ។
ខណៈដែលប្រទេសសមាជិកអ៊ឺរ៉ុបខ្លះ ដូចជាអង់គ្លេសនិងបារាំង ត្រូវការឲ្យអនុវត្តសកម្មភាពជំហានទី ២ និងទី ៣ ដោយសារបញ្ហាភាពចលាចលនៅក្នុងប្រទេសលីប៊ី និងការប្រជែងដណ្តើមអំណាចគ្នានៃក្រុមប្រដាប់អាវុធទាំងឡាយ ធ្វើឲ្យប្រជាជនរត់គេចពីសេចក្តីស្លាប់ដោយសារសង្គ្រាមក្នុងទីក្រុងទ្រីប៉ូលី មកស្នាក់អាស្រ័យនៅទីក្រុងបេងហ្គាស៊ី ចំណែកប្រទេសរុស្ស៊ីដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឬ UNSC និងប្រទេសផ្សេងទៀត ត្រូវការឲ្យប្រទេសលីប៊ីព្រមទទួលឲ្យច្បាស់លាស់ ។
ប្រភពព័ត៌មានដែលអាចជឿទុកចិត្ត បានឱ្យដឹងថា យើងមានសុទិដ្ឋិនិយមថា រឿងនេះនឹងបញ្ចប់ទៅបាន នៅពេលដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឬ UNSC ចេញសេចក្តីសម្រេចព្រមជាមួយវិធានការដោះស្រាយបញ្ហាជនភៀសខ្លួនក្នុងសមុទ្រមេឌីទែរ៉ាណេ ។ ដោយសារចាប់តាំងពីដើមឆ្នាំ ២០១៥ មកដល់បច្ចុប្បន្ននេះ ជនភៀសខ្លួនប្រមាណ 100,000 នាក់ បានធ្វើដំណើរឆ្លងកាត់ សមុទ្រមេឌីទែរ៉ាណេ ភាគច្រើនមកឡើងច្រាំងនៅប្រទេសអ៊ីតាលី, ក្រិច និងម៉ាល់តា ចំណែកគណៈកម្មការអឺរ៉ុបបានស្នើថា ជនស្វែងរកការភៀសខ្លួនជនជាតិស៊ីរីនិងជនជាតិអេរីទ្រាចំនួន 40,000 នាក់ដែលធ្វើដំណើរមកដល់អឺរ៉ុប ត្រូវតែបែងចែកបញ្ជូនខ្លួនទៅកាន់ទីតាំងនានាក្នុងតំបន់អឺរ៉ុប ដោយជនជាតិស៊ីរីចំនួន 20,000 នាក់ ដែលរស់នៅក្នុងជំរំនានាក្រៅតំបន់អឺរ៉ុប នឹងត្រូវបានបញ្ជូនមកតាំងទីលំនៅក្នុងសហភាពអឺរ៉ុបដែលមានប្រទេសជាសមាជិកចំនួន ២៨ នោះ ។
រឿងនេះ សមាជិកភាគច្រើនរបស់សហភាពអឺរ៉ុបព្រមផ្តល់ការគាំទ្រកិច្ចខិតខំប្រឹងប្រែងផ្នែកមនុស្សធម៌ ដើម្បីជួយនិងសង្គ្រោះ ដោយការធ្វើអន្តោប្រវេសន៍ចូលស្រុកចាត់ទុកជាចំណុចរសើបខ្លាំងណាស់ ព្រោះក្រុមអ្នកនយោបាយស្តាំនិយមនិងក្រុមដទៃទៀតមានការព្រួយបារម្ភអំពីជនអន្តោប្រវេសន៍ ដោយសារតែការហូរចូលដ៏ច្រើនសម្បើមនៃជនភៀសខ្លួននោះឯង ។
កាលពីមុននេះ លោក ហ្វ្រេងវ៉លទើរ៍ ស្តាញម៉ៃអើរ៍ រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ បានថ្លែងថា បណ្តា ប្រទេសសមាជិកនៅមានការយល់ឃើញពុំស្របគ្នា ហើយតាមការដែលលោកបានជជែកជាមួយសមាជិកដទៃទៀតរកឃើញថា យើងនៅឃ្លាតឆ្ងាយពីចំណុចសន្និដ្ឋានបញ្ចប់ណាស់ ដែលទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងបញ្ចុះបញ្ចូលបន្ថែមទៀត គំនិតរបស់លោក វិធីល្អបំផុតគឺការកំណត់កូតាសម្រាប់ប្រទេសនីមួយៗ ដូចជាកាលពីឆ្នាំទៅ ប្រទេសអាល្លឺម៉ង់ ទទួលយកជនភៀសខ្លួន 200,000 នាក់ រំពឹងថា នៅក្នុងឆ្នាំនេះនឹងទទួលបន្ថែមចំនួន 450,000 នាក់ ។
បញ្ហាជនភៀសខ្លួនតាមទូកនាពេលបច្ចុប្បន្ន ចាត់ទុកមានការស្មុគស្មាញកាន់តែខ្លាំង ដោយសារមានកត្តាថ្មីៗចូលមកពាក់ព័ន្ធ ចាប់តាំងពីមានសង្គ្រាមស៊ីវិលនៅប្រទេសដើមទី រហូតដល់ការអត់ឃ្លាន ធ្វើឲ្យប្រជាជនបោះបង់ចោលស្រុកកំណើតទៅស្វែងរកអ្វីដែលប្រសើរជាង ទាំងដែលពួកគេ ដឹងថា ពួកគេនឹងប្រឈមគ្រោះថ្នាក់ក្នុងអំឡុងពេលធ្វើដំណើរក៏ដោយ ។
ជនភៀសខ្លួនទាំងនេះមកពីបណ្តាប្រទេសដែលក្រីក្រ ឬប្រឈមនឹងសង្រ្គាម ជាអាទិ៍ប្រទេសស៊ីរី, អ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន សូម៉ាលី អេរីទ្រា និងប្រទេសក្រីក្រជាច្រើនទៀតនៅទ្វីបអាហ្វ្រិក ។ មូលហេតុមានច្រើន ទាំងភៀសខ្លួនគេចចេញពីសង្រ្គាម គេចចេញពីភាពក្រីក្រ ប៉ុន្តែពួកគេរមែងក្លាយជាជនរងគ្រោះដោយការជួញដូរមនុស្សដែលបន្លំខ្លួនចូលមកដើម្បីស្វែងរកផលប្រយោជន៍ពីជនភៀសខ្លួនតាមទូក ពួកគេសុខចិត្តរត់គេចទោះដឹងថាសេចក្តីស្លាប់កំពុងនឹងកើតឡើងនៅខាងមុខក៏ដោយ ៕
ដោយ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!