ទាសករផ្លូវភេទកូរ៉េខាងត្បូងម្នាក់់ទៀតបានស្លាប់នៅសល់តែ៤៩នាក់ប៉ុណ្នោះ
ក្រុមអ្នកតស៊ូមតិដើម្បីជនរងគ្រោះកូរ៉េខាងត្បូងបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ជនរងគ្រោះ កូរ៉េខាងត្បូងម្នាក់ទៀតហើយដែលជាទាសករផ្លូវភេទរបស់កងទ័ពជប៉ុននៅក្នុងអំឡុងសង្គ្រាមលោកលើកទី២ បានបាត់បង់ជីវិត បន្សល់ទុកតួរលេខថ្មីនៃជនរងគ្រោះដែលនៅរស់រានមានជីវិតពីព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តមួយនេះ នៅសល់តែ៤៩នាក់ទៀតប៉ុណ្នោះ។
ក្រុមប្រឹក្សាកូរ៉េសម្រាប់ សេចក្តីព្រាងច្បាប់ស្ត្រីទាសករផ្លូវភេទសម្រាប់យោធាជប៉ុន បាននិយាយនៅលើគណនី Facebook របស់ខ្លួនថា លោកស្រី Kim Yeon-heeវ័យ៨៣ ឆ្នាំបានស្លាប់កាលពីយប់ថ្ងៃពុធដោយសារជរាពាធ។ការស្លាប់របស់លោកស្រី បានធ្វើឲ្យជីវិតស្ត្រីជាជនរងគ្រោះកូរ៉េដែលបានក្លាយជាទាសករផ្លូវភេទជប៉ុនកាលពីសម័យសង្រ្គាមលោកលើកទី២នៅសល់ត្រឹម៤៩ប៉ុណ្នោះ។
តាមប្រវត្តិលោកស្រីគីម ត្រូវបានជម្លៀសទៅរោងចក្រផលិតគ្រឿងយន្តហោះនៅប្រទេសជប៉ុនដើម្បីធ្វើការដោយបង្ខំក្នុងឆ្នាំ ១៩៤៤ នៅពេលដែលលោកស្រីនៅរៀនឆ្នាំទីប្រាំ នៅសាលាបឋមសិក្សាមួយ។ បន្ទាប់ពីបម្រើការងារនៅទីនោះអស់រយៈពេលប្រាំបួនខែនាងត្រូវបានគេយកទៅប៉ុស្តិ៍បនស្រីមួយ នៅក្នុងប្រទេសជប៉ុនដើម្បីបម្រើជាទាសករផ្លូវភេទអស់រយៈពេលប្រាំពីរខែ ដែលនៅពេលនោះនាងមានអាយុទើបតែ១០ឆ្នាំបន្តិចតែប៉ុណ្នោះ។
ក្រោយមកលោកស្រី បានវិលត្រឡប់មកកាន់ប្រទេសកូរ៉េខាងត្បូងវិញ បន្ទាប់ពីឧបទ្វីបកូរ៉េត្រូវបានរំដោះពី អាណានិគមរបស់ជប៉ុននៅ១៩១០ដល់ឆ្នាំ១៩៤៥ ខណៈនោះគឺកងទ័ពជប៉ុនបានចុះចាញ់សង្គ្រាមលោកលើកទី II ។ប៉ុន្តែទោះជាយ៉ាងណាក្រោយមកលោកស្រី Kim បានទទួលការព្យាបាលនៅមន្ទីរពេទ្យវិកលចរិតមួយនិងមិនអាចរៀបការបានទេ ខណៈដែលលោកស្រីបានទទួលរងបញ្ហាវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរដោយសារការចងចាំនូវរូបភាពដែលនាងបានក្លាយជាទាសករផ្លូវភេទ ជាហេតុការណ៍ដ៏អាក្រក់បំផុតសម្រាប់ក្មេងស្រីនៅក្នុងវ័យដ៏ក្មេងខ្ចីរបស់ខ្លួន។
បើយោងតាមអ្នកប្រវត្តិសាស្រ្តថា ស្ត្រីយ៉ាងហោចណាស់ ២០០ ០០០ នាក់ដែលភាគច្រើនជាជនជាតិកូរ៉េត្រូវបានបោកប្រាស់ ឬបង្ខំជម្លៀសដើម្បីមប្រើភាពសុខស្រួលឲ្យកងទ័ពអធិរាជជប៉ុន នៅក្នុងប្រទេសជប៉ុន, ចិន, តំបន់អាស៊ីអាគ្នេយ៍និងកោះនានាក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូង។
ក្នុងចំណោមស្ត្រីជនជាតិកូរ៉េចំនួន២៣៨ នាក់ដែលជាអតីតទាសករផ្លូវភេទមានអ្នករស់រានមានជិវិតតែ៤៩នាក់ប៉ុណ្ណោះខណៈដែល៦នាក់បានស្លាប់នៅក្នុងតែរយៈពេលមួយឆ្នាំ២០១៥នេះ។
ស្ត្រីជនរងគ្រោះនិងក្រុមសកម្មជនបានធ្វើសមានទុក្ខ ដោយមានការចូលរួមពីពលរដ្ឋ ដែលធ្វើជាក្រុមនៅរៀងរាល់ថ្ងៃពុធ ដោយពួកគេបានជួបជុំនៅមុខស្ថានទូតជប៉ុនប្រចាំនៅក្នុងទីក្រុងសេអ៊ូល ចាប់តាំងពីថ្ងៃទី៨ខែមករា ឆ្នាំ១៩៩២មក ដោយបានអំពាវនាវឱ្យមានការសុំអភ័យទោសនិងសំណងពីរដ្ឋាភិបាលជប៉ុនមកលើជនរងគ្រោះ៕
ដោយ មែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!