សកម្មជនចលនាមាតាធម្មជាតិ ៣នាក់ និងមន្ត្រីអង្គការ អាដហុកម្នាក់ ត្រូវចាប់ខ្លួន
សំឡេង៖
សកម្មជនចលនាមាតាធម្មជាតិ ៣នាក់ និងមន្ត្រីអង្គការសមាគមអាដហុកម្នាក់ ត្រូវបានកងកំលាំង សមត្ថកិច្ច ចំរុះខណ្ឌ ចាប់ខ្លួន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈពួកគេចេញមុខតវ៉ា ដាក់ញត្តិនៅរដ្ឋសភា ដើម្បីប្រឆាំងនឹងក្រុមហ៊ុនបូមខ្សាច់មួយ ក្នុងខេត្តកោះកុង។ ការចាប់ខ្លួននេះ សមត្ថកិច្ច បានលើកឡើងថា ធ្វើតាមនីតិវិធីច្បាប់ ព្រោះ តែសកម្មជនទាំងនោះ គ្មានច្បាប់អនុញ្ញាត។
នៅព្រឹកនេះ កម្លាំងសមត្ថកិច្ចចំរុះជាង ២០០នាក់ បានដាក់របាំងការពារ និងបិទផ្លូវខាងមុខរដ្ឋសភា ដើម្បីរារាំងការដាក់ញត្តិរបស់សមាជិកអង្គការចលនាមាតាធម្មជាតិ ដែលមានគ្នាប្រមាណជាជិត១០ នាក់។មិនទាន់ទាំងបានជួបជុំគ្នាផង ក្រុមសកម្មជនទាំងអស់ ត្រូវបានសមត្ថកិច្ច បំបែក និងបានដណ្តើមយកញត្តិពីសកម្មជន រួមទាំងអ្នកសារព័ត៌មានផងដែរ។
បន្ទាប់ពីធ្វើការបំបែកជាច្រើនដង នៅម៉ោងប្រមាណជិត៩ ព្រឹក សមត្ថកិច្ចបានចាប់ខ្លួនសកម្មជនចលនាមាតាធម្មជាតិ ៣នាក់ និងមន្ត្រីរបស់អង្គការសមាគមអាដហុកម្នាក់ នៅម្តុំសាកលវិទ្យាល័យបៀលប្រាយ ជិតអគារមជ្ឈមណ្ឌលវប្បធម៌កម្ពុជា-កូរ៉េ។ បើតាមសកម្មជនចលនាមាតាធម្មជាតិ បានឲ្យដឹងថា អ្នកទាំង៤ នាក់នោះ មានឈ្មោះ ឌឹម គុណឌី សនចាន់ដារ៉ា ចេង នីត្រា និង មន្ត្រីអាដហុ លោក ឌិត សុធី ។
ចំពោះបញ្ហានេះ លោក យី សុខសាន្ត មន្ត្រីជាន់ខ្ពស់ស៊ើបអង្កេតនៃសមាគមអាដហុក ដែលបានចុះឃ្លាំមើលពីបញ្ហានេះ បានមានប្រសាសន៍ថា ទង្វើទាំងនេះ គឺជាការរំលោភសិទ្ធិមនុស្ស ធ្ងន់ធ្ងរ ព្រោះថាប្រជាពលករដ្ឋគ្រប់រូប មានសិទ្ធិបញ្ចេញមតិ សំដែងនូវការមិនពេញចិត្តរបស់ខ្លួន ទៅកាន់សាធារណៈជន រួមទាំងតំណាងរាស្ត្ររបស់ខ្លួន។ លោកបន្ថែមថា កម្ពុជា ជាប្រទេសនីតិរដ្ឋ ហេតុអ្វី បានជាក្រុមយុវជនមិនអាចសំដែងមតិ ដោយអហិង្សារបស់ខ្លួនបាន។
តែបើតាមការលើកឡើងពីសមត្ថកិច្ច ថា ក្រុមសកម្មជនទាំងនោះ បានធ្វើការប្រមូលផ្តុំ ដោយគ្មានច្បាប់អនុញ្ញាត។ តែទោះជាយ៉ាងណា នៅម៉ោងជាង១១ព្រឹក សមត្ថកិច្ចក៏បានដោះលែងពួកគេវិញ ក្រោយពីបានផ្តិតមេដៃលើកិច្ចសន្យាថា ត្រូវសុំការអនុញ្ញាតជាមុនសិន ពីអាជ្ញាធរ មុននឹងធ្វើការប្រមូលផ្តុំដាក់ញត្តិ។
តំណាងក្រុមចលនាមាតាធម្មជាតិ លោក សន ចាន់ដារ៉ា បានប្រាប់ឲ្យដឹង មុនត្រូវបានសមត្ថកិច្ចឃាត់ខ្លួនថា ពួកគេមកជួបជុំដាក់ញត្តិ នៅព្រឹកនេះ មានសមាជិក តែជិត១០ នាក់ ប៉ុណ្ណោះ ហើយក្នុងគោលបំណងស្នើឲ្យរដ្ឋសភា ជួយអន្តរាគមន៍បញ្ឈប់ការបូមខ្សាច់របស់ក្រុមហ៊ុនInternational Renbow Co.Ltd ដែលធ្វើសកម្មភាព ដោយខុសច្បាប់ និងមិនត្រឹមត្រូវទៅតាមអាជ្ញាបណ្ឌរបស់ខ្លួន។ លោកបន្ថែមថា ក្រុមហ៊ុនធ្វើអាជីវកម្មបូមខ្សាច់ ក្នុងខេត្តកោះកុងនេះ កំពុងបង្កឲ្យបាត់បង់ព្រៃកោងកាង នៅតំបន់សមុទ្រ រួមទាំងប៉ះពាល់ដល់ធនធានជាច្រើនទៀត។
កន្លងទៅ អ្នកនាំពាក្យក្រសួងរ៉ែងនិងថាមពល លោក ឌិត ទីណា ធ្លាប់អះអាងថាក្រុមហ៊ុនធ្វើអាជីកម្មបូមខ្សាច់នោះមានការអនុញ្ញាតពីក្រសួងពាក់ព័ន្ធ។ លោកបញ្ជក់ថា បើការបូមខ្សាច់នោះមិនធ្វើសកម្មភាពខុសទីតាំង ដែលមន្ត្រីជំនាញបានកំណត់ទេ នោះវាមិនប៉ះពាល់បរិស្ថានទេ។
សូមជំរាបថា នៅព្រឹកនេះដែរ អ្នកសារព័ត៌មាន មួយចំនួន ដែលបានចុះទៅយកព័ត៌មាន ពីព្រឹត្តិការណ៍នេះ ក៏ត្រូវបានគំរាមឃាត់ខ្លួន ពីសំណាក់សមត្ថកិច្ចផងដែរ។
ដោយកញ្ញា ឡុង គីមម៉ារីតា
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!