បយុទ្ឋគ្នានៅខេត្តអានបាប្រទេសអ៊ីរ៉ាក់ស្លាប់៣០នាក់
ប្រភពពីភា្នក់ងារសន្តិសុខបានថ្លែងថា សរុបមនុស្ស៣០នាក់បានស្លាប់បាត់បង់ជីវិតនិង៤៧នាក់បានរងរបួសកាលពីថ្ងៃព្រហស្បត្ត៍ទី២៥ខែមិថុនា ឆ្នាំ២០១៥កន្លងមកនេះ នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងកងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់ជាមួយនឹងក្រុមសកម្មប្រយុទ្ឋរដ្ឋអ៊ីស្លាមនៅភាគខាងលិចខេត្តអានបា។
ប្រភពពីសន្តិសុខខេត្តបានប្រាប់ទីភា្នក់ងារពត៌មានស៊ីហួរក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា កងកម្លាំងសន្តិសុខរដ្ឋាភិបាលនិងក្រុមជីវពលសម្ព័នមិត្ត គាំទ្រដោយប្រទេសទ័ពអាកាសចំរុះអ៊ីរ៉ាក់និងសហរដ្ឋអាមេរិក បានវាយរុញច្រានក្រុមសកម្មប្រយុទ្ឋរដ្ឋអ៊ីស្លាមនៅក្នុងតំបន់ ណាឌីម អាល់តាក់ស៊ីម ស្ថិតនៅភាគខាងជើងក្រុងហ្វាលូចា ដែលជាខែលការពារដ៏រឹងមាំរបស់ក្រុមសកមមប្រយុទ្ឋរដ្ឋអ៊ីស្លាម មានចំងាយប្រហែលជា៥០គីឡូម៉ែត្រពីទីក្រុងបាដាដ។ នៅក្នុងការប៉ះទង្គិចនេះហោចណាស់ពួកសកម្មប្រយុទ្ឋ៦នាក់បានស្លាប់ និង១០នាក់ផ្សេងទៀតរងរបួស។
បានប្រភពដដែលបានឱ្យដឹងថា ខណៈពេលដែលក្រុមរដ្ឋអ៊ីស្លាមបានដកថយ កងកម្លាំងសន្តិសុខនិងក្រុមជីវពល ដែលគេស្គាល់ថា Hashd Shaabi បានដេញតាមពួកគេទៅកាន់តំបន់ អាល់ ហ្សេហា ដែលស្ថិតនៅភាគខាងជើងក្រុង ហ្វាលូចា ប៉ុន្តែគ្រាប់បែកតាមដងផ្លូវបានវាយប្រហាររថយន្តកងទ័ពមួយចំនួនរួមទាំងបានបំផ្ទុះគ្រាប់បែកអត្តឃាតតាមរថយន្តបានសម្លាប់ទាហានយ៉ាងហោចណាស់១៣ នាក់និងរបួស២០ នាក់ផ្សេងទៀត ។
ប្រភពបានបន្ថែមថា ហេតុការណ៍ដាច់ដោយឡែកពីគ្នាមួយផ្សេទៀត យន្តហោះអ៊ីរ៉ាក់បានវាយប្រហារផ្នែកកណ្តាល ទីក្រុង ហ៊ីត មានចម្ងាយ ១៦០ គីឡូម៉ែត្រភាគខាងលិចទីក្រុងបាដាដស្លាប់មនុស្សប្រាំបីនាក់ និង១៣នាក់ទៀតរងរបួស ។ ប្រភពបាននិយាយថា លើសពីនេះទៀតកងទ័ពបានបាញ់ផ្លោងទៅកាន់តំបន់ ហ្ស៊ីជីល អាល់ប៊ូ ភាគខាងជើងក្រុង ហ្វាលូចា បានសម្លាប់មនុស្សបីនាក់និងរងរបួសបួននាក់ផ្សេងទៀត ។
ក្រុមសកម្មប្រយុទ្ឋបានរឹបអូសយកបានភាគច្រើនបំផុតក្នុងខេត្ត អានបា និងព្យាយាមដើម្បីរុលឆ្ពោះទៅកាន់ទីក្រុងបាដាដក្នុងអំឡុងពេលប៉ុន្មានខែមុននេះ ក៏ប៉ុន្តែទោះជាយ៉ាងណាមានការវាយប្រហារប្រឆាំងតបតជាច្រើនដោយកងកម្លាំងសន្តិសុខនិងពួកជីវពលនិកាយស៊ីអ៊ីត បានរុញច្រានពួកគេឲ្យត្រឡប់ទៅវិញ។
ប្រភពពីសន្តិសុខនៅខេត្តសាឡាហ៊ូឌីនបានប្រាប់ស៊ីនហួ ជាអនាមិកថា ក្រុមប្រយុទ្ធពួកសកម្មប្រយុទ្ធបានលែងល្បែងសង្គ្រាមជាមួយកងទ័ពខ្លួនដោយបានបន្តវាយលុក នៅក្នុងទីក្រុង បៃជី និង រោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតរបស់ប្រទេសអ៊ីរ៉ាក់នៅក្បែរក្រុងនោះដែរ ខណៈកងទ័ពប្រយុទ្ធរំដោះទីក្រុងនេះពីពួកសកម្មប្រយុទ្ធIS ។
ប្រភពបាននិយាយថា ពួកសកម្មប្រយុទ្ធនៅក្នុងខេត្តនេះបានសំលាប់លោក ចាស៊ីម មូហាម៉េដ អាល់ ជួបួរី ជាអតីតបេក្ខជនក្រុមប្រឹក្សាខេត្តសាឡាហ៊ូឌីន នៅក្បែរទីក្រុងនេះបន្ទាប់ពីពួកគេបានចាប់ខ្លួនលោកនៅហ្ស៊ឺ ហ្កាត់ ចំងាយ២៨០គីឡូម៉ែត្រភាគខាងជើងទីក្រុងបាដាដ ។
ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់បានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីខែមិថុនាឆ្នាំមុន នៅពេលដែលមានការប៉ះទង្គិចបង្ហូរឈាមគ្នា បានផ្ទុះឡើងរវាងកងកម្លាំងសន្តិសុខអ៊ីរ៉ាក់និងពួកសកម្មប្រយុទ្ធ IS ។ ក្រុមនេះ បានកាន់កាប់ទីក្រុង មូស៊ូល ភាគខាងជើងប្រទេសនេះនិងរឹបអូសបានទឹកដីផ្នែកខ្លះក្នុងប្រទេសនេះ បន្ទាប់ពីកងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានបោះបង់ទីតាំងការពាររបស់ខ្លួននៅក្រុង នីណេវេ និងបណ្តាខេត្តផ្សេងទៀតជាច្រើនដែលលើសលុបដោយក្រុមនិកាយស៊ុននី៕
ដោយ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!