Commentary:អាចនឹងហួសពេល
សេចក្តីអំពាវនាវដោយកិច្ចប្រជុំក្រុមប្រទេសឧស្សាហកម្មនាំមុខ ឬ G-7 ដែលកាត់បន្ថយការបំភាយឧស្ម័នកាបូនឲ្យនៅសល់ ០ ក្នុងរយៈពេល ៨៥ ឆ្នាំខាងមុខ ជាអ្វីដែលអ្នកវិទ្យាសាស្ដ្របានមើលឃើញស្របគ្នាថា វាយឺតពេលណាស់ទៅហើយ ។
ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥
"មនុស្សលោកនឹងផុតពូជក្នុងរយៈពេល ១០០ ឆ្នាំ ដោយសារតែពិភពលោកនេះ មិនមែនជាកន្លែងដ៏សមរម្យសម្រាប់អត្ថិភាពនៃជីវិតទៀតទេ" ជាអ្វីដែលលោក ហ្វ្រេង ហ្វែនន័រ អ្នកជំនាញខាងអតិសុខុមជីវសាស្ត្រ ជនដែលបានធ្វើមរណៈកាល សញ្ជាតិអូស្រ្តាលី មានចំណែកសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគអុតធំអំឡុងទសវត្សឆ្នាំ ១៩៧០ បានថ្លែងកាលពី៥ឆ្នាំមុន ដោយថ្កោលទោសថា កើតឡើងដោយសារកំណើនប្រជាជនលើពិភពលោក ធនធានធម្មជាតិត្រូវបានបំផ្លាញអស់ និងការប្រែប្រួលអាកាសធាតុ ។
ទោះបីត្រឹមជាពាក្យសំដី ប៉ុន្តែពាក្យពេចន៍របស់លោក ហ្វែនន័រ ពុំខុសអ្វីពីការពិតដែលថា នាពេលបច្ចុប្បន្ននេះ គ្មានមធ្យោបាយទាល់តែសោះ ដែលប្រើវិធីកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត នឹងគ្រប់គ្រាន់ក្នុងការពន្យាពេលដើម្បីបញ្ឈប់ពិភពលោកមិនឲ្យដើរចូលទៅរកគន្លងហាយនៈ មិនថាដោយផែនការមហិច្ឆតាកំរិតណាក៏ដោយ ។
សេចក្តីអំពាវនាវដោយកិច្ចប្រជុំក្រុមប្រទេសឧស្សាហកម្មនាំមុខ ឬ G-7 ដែលកាត់បន្ថយការបំភាយឧស្ម័នកាបូនឲ្យនៅសល់ ០ ក្នុងរយៈពេល ៨៥ ឆ្នាំខាងមុខ ជាអ្វីដែលអ្នកវិទ្យាសាស្ដ្របានមើលឃើញស្របគ្នាថា វាយឺតពេលណាស់ទៅហើយ ឬសូម្បីតែការប្រជុំក្របខ័ណ្ឌអនុសញ្ញាសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ដែលនឹងត្រូវប្រារព្ធឡើងនៅប្រទេសអាល្លឺម៉ង់ ក្នុងខែវិច្ឆិកាខាងមុខនេះ វាហាក់បីដូចជាគ្មានសង្ឃឹមថានឹងមានកិច្ចព្រមព្រៀងណាមួយដែលមានសក្តានុភាពគ្រប់គ្រាន់ ព្រោះការកាត់បន្ថយការបំភាយឧស្ម័នកាបូន គឺបានត្រឹមតែពាក់កណ្តាលនៃសាច់រឿងនេះប៉ុណ្ណោះ ពាក់កណ្តាលរឿងទៀតដែលនៅសល់និងមានភាពស្មុគស្មាញជាង គឺការព្យាយាមយ៉ាងសកម្មក្នុងការគិតស្រាវជ្រាវរុករកបច្ចេកវិទ្យាដើម្បីជួយផ្លាស់ប្តូរស្ថានការណ៍ រារាំង មហន្តរាយខាងអាកាសធាតុដែលផ្តើមបើកឆាកឡើងទៅហើយនោះ ។
អស់រយៈពេលយូរអង្វែងហើយដែលមានការជជែកគ្នាថា "ចំណុចប្រែប្រួល " បានមកដល់ហើយកាលពីឆ្នាំ ២០០៦ ភាពយន្តឯកសាររឿង An inconvenient truth របស់លោក អាល់គ័រ ពាណិជ្ជករ និងជាអ្នកនយោបាយជនជាតិអាមេរិកាំង អតីតជាអនុប្រធានាធិបតីសហរដ្ឋអាមេរិក បានតឿនរំឭកយើងរួចហើយថា ដល់ពេលវេលាដែលត្រូវធ្វើអ្វីមួយហើយ ប្រសិនបើចង់ដោះស្រាយបញ្ហាការឡើងកំដៅផែនដីនោះ ។
ខណៈដែល Sir ដេវីដ ឃីង អតីតទីប្រឹក្សាផ្នែកវិទ្យាសាស្រ្តរបស់រដ្ឋាភិបាលអង់គ្លេស បានថ្លែងកាលពីឆ្នាំ ២០០៧ ថា គ្មានផ្លូវទាល់តែសោះ ក្នុងការគេចឲ្យរួចពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ព្រោះវាបានកើតឡើងរួចទៅហើយ សំណួរបន្តពីនេះទៅ តើយើងគេចរួចពីគ្រោះមហន្តរាយនេះឬមិនបាន ???
ចាប់តាំងពីពេលនោះមក ការបំភាយឧស្ម័នកាបូនឌីអុកស៊ីតនៅតែបន្តកើនឡើងឥតឈប់ឈរ សីតុណ្ហភាពសាកលទើបល្មមអាចសរុបបាន២ចំណុច គឺចំណុចដំបូង ដំបូន្មានទាំងនោះត្រឹមជាគំនិតរបស់ពួកទន្សាយផ្អើលផ្លែភ្នៅ ឬថា បញ្ហាដែលយើងកំពុងប្រឈមនោះ ធំធេងជាងអ្វីដែលអង្គការសហប្រជាជាតិ (ឬ UN) ធ្លាប់បានប្រាប់រួចមកហើយ ចំណុចចុងក្រោយហាក់ដូចជាមានទម្ងន់ច្រើនជាង ។
យ៉ាងណាក៏ដោយ ការកាត់បន្ថយការបំភាយឧស្ម័នកាបូននិងប្តូរទៅប្រើថាមពលសា្អត ក៏ជាដំណាក់កាលចាំបាច់ ដើម្បីពន្យឺតមិនឲ្យសីតុណ្ហភាពសាកលកើនឡើងខ្ពស់ធ្ងន់ធ្ងរ មានការកំណត់គោលដៅទុកថា ក្នុងអំឡុងសតវត្សនេះ រវាងពីឆ្នាំ ២០០០-២១០០ សីតុណ្ហភាពសាកលជាមធ្យមនឹងកើនឡើងបានមិនលើសពី ២ អង្សាសេ បើលើសពីនេះ ក៏មានហានិភ័យរឹតតែខ្លាំងចំពោះគ្រោះទឹកជំនន់គ្រោះអត់ឃ្លាន គ្រោះរាំងស្ងួត ការឡើងកំពស់ទឹកសមុទ្រ ការបាត់បង់សាបសូន្យពូជពង្សនឹងកើតមានឡើងទូទាំងពិភពលោក ។
សូម្បីតែការកើនឡើងរហូតដល់ ២ អង្សាសេ តាមអតិបរមាដែលបានកំណត់ទុក ក៏អាចធ្វើឱ្យកំពស់ទឹកសមុទ្រកើនខ្ពស់ជាង ១ម៉ែត្រ ដែលនាំទៅដល់ការផ្លាស់ប្តូរទីលំនៅរបស់ប្រជាជនក្នុងពិភពលោករាប់លាននាក់ ទើបគ្មានអ្វីចម្លែកទេថា ក្រសួងការពារជាតិសហរដ្ឋអាមេរិកឬមន្ទីរបញ្ចកោណ បានចាត់ទុក "ការប្រែប្រួលអាកាសធាតុ " ជាសត្រូវដ៏កាចសាហាវ ជាគ្រោះគំរាមកំហែងកាន់តែទ្វេរភាពខ្លាំងក្លាឡើង ។
លោក ប៊ីល ម៉ាក់ ឃិបបែន ធ្លាប់បានស្នើគំនិតតាមរយៈអត្ថបទចុះផ្សាយក្នុងទស្សនាវដ្តី រ៉ូលលីង ស្តូន មានសេចក្តីថា ផែនការកាត់បន្ថយការបំភាយឧស្ម័នកាបូននៃបណ្តាប្រទេសទាំងឡាយក្នុងពេលនេះ ស្ទើរតែមិនអាចជួយអ្វីបានសោះ ពីកូតាដែលបានកំណត់ទុក ២ អង្សាសេ ខណៈនេះទើបតែឆ្នាំ ២០១៥ តែសីតុណ្ហភាពកើនខ្ពស់ដល់ទៅ 0.8 អង្សាសេ ហើយសូម្បីការបំភាយឧស្ម័នកាបូនទាំងអស់នឹងបញ្ឈប់នៅថ្ងៃនេះក្តី ឧស្ម័នកាបូនឌីអុកស៊ីតដែលសន្សំនៅក្នុងបរិយាកាសក៏នឹងបន្តធ្វើឱ្យមានផលប៉ះពាល់ ហើយធ្វើឱ្យសីតុណ្ហភាពកើនឡើងបន្ថែមទៀតពី 0.8 អង្សាសេ ដូច្នេះយើងនៅសល់កូតាត្រឹមតែ 0.4 អង្សាសេ ទៀតប៉ុណ្ណោះ សម្រាប់រយៈពេលដែលនៅសល់ជិតមួយសតវត្សរ៍នោះ ។
ក្រៅពីផែនការទប់ទល់ហើយនោះ បណ្តាប្រទេសទាំងឡាយ ចាំបាច់ត្រូវលើកកម្ពស់និងគាំទ្រការគិតរិះរកបច្ចេកវិទ្យាថ្មីៗ ដែលនឹងជួយបញ្ចៀសទិសដៅនៃគ្រោះមហន្តរាយដែលយើងមិនអាចបញ្ឈប់វាបាននោះ ស្ថិតក្រោមគោលការណ៍នៃ "ការទុកដាក់កាបូន" ជាជាងបំភាយវាចេញទៅ ព្រោះវិធានការដ៏គឃ្លើនដូចយ៉ាងការបាញ់ចុល្លភាគស្ពាន់ធ័រឡើងទៅកាន់ស្រទាប់បរិយាកាស ដើម្បីឆ្លុះបញ្ចាំងកំដៅពីព្រះអាទិត្យ ឬការប្រើសារធាតុបង្ខំការលូតលាស់នៃសារាយសមុទ្រ ដើម្បីជួយបឺតស្រូបយកឧស្ម័នកាបូនឌីអុកស៊ីត តាមទ្រឹស្តីវិស្វកម្មសកល អាចបង្កឱ្យកើតផលលើសពីសមត្ថភាពអាចទប់ទល់តាមមកជាក្រោយ ៕
ដោយ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!