ក្រសួងការបទេសកម្ពុជា ផ្ញើរកំណត់ទូតថ្មីមួយទៀតទៅវៀតណាម នៅ ថ្ងៃ១កក្កដានេះ
ក្រសួងការបរទេសកម្ពុជា បានផ្ញើកំណត់ទូតថ្មីមួយទៀតហើយ ទៅកាន់ស្ថានទូតវៀតណាមនៅភ្នំពេញ នៅថ្ងៃទី១កក្កដានេះ ដោយទាមទារឲ្យរដ្ឋាភិបាលលវៀតណាម អនុវត្តតាម ៣ចំនុច ពាក់ព័ន្ធនឹងបញ្ហា នៅ តាមបន្ទាត់ព្រំដែន បន្ទាប់ពីវៀតណាមថ្កោលទោសតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងហិង្សានៅចំណុចភូមិគោកធ្លក ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងកាលពីថ្ងៃទី២៨មិថុនា។
តាមរយៈកំណត់ទូតនោះ កម្ពុជាបានទាមទាអោយភាគីវៀតណាម៖
ទី១. បញ្ឈប់ជាបន្ទាន់នូវរាល់ការស្ថាបនាផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនានាដែលបានគ្រោងទុក តាមបណ្តោយព្រំដែនកម្ពុជា វៀតណាម ដោយរង់ចាំរហូតដល់គណៈកម្មាធិការព្រំដែនរួមនៃប្រទេសទាំងពីរបញ្ចប់ការកំណត់ព្រំដែនតាមផែនទីខ្នាត ១/១០០.០០០។
ទី២. ទាមទារអោយវៀតណាម ផ្តល់ព័ត៌មានអំពីកន្លែងដែលអាជ្ញាធរវៀតណាមមានគម្រោងនឹងស្ថាបនាផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។
និងទី៣. ក្រសួងការបរទេសកម្ពុជា បានទាមទារឲ្យវៀតណាមផ្តល់ផែនទីដែលបង្ហាញពីទីតាំងនៃការស្ថាបនាផ្លូវនៅតាមព្រំដែន ដែលគណៈកម្មាធិការព្រំដែនរួមនៃប្រទេសទាំងពីរបានឯកភាពក្នុងការដាំបង្គោលព្រំដែន ឬក៏សម្រេចដោះដូរដី ក្នុងក្របខណ្ឌនៃអនុស្សរណៈយោគយល់គ្នាឆ្នាំ២០១១។
ក្នុងកំណត់ទូតនោះ ក្រសួងការបរទេសកម្ពុជាបានស្នើឲ្យភាគីវៀតណាមបញ្ឈប់ជាបន្ទាន់ នូវការសាង់សង់សំណង់ក្នុងតំបន់៣តាមបណ្តោយព្រំដែនក្នុងខេត្តស្វាយរៀង ដែលមិនទាន់ត្រូវបានឯកភាព ដូចជា ផ្លូវនៅចន្លោះបង្គោលព្រំដែនលេខ១៩៤ និង២០៣ ប្រហែល២០ម៉ែត្រពីបន្ទាត់ព្រំដែន ក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង ផ្លូវនៅចន្លោះបង្គោលព្រំដែនលេខ២១១ និង២១៣ ប្រហែល១០ម៉ែត្រពីបន្ទាត់ព្រំដែន ក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង និងផ្លូវនៅចន្លោះបង្គោលលេខ២១៣ និង២២៧ ប្រហែល៤៥ម៉ែត្រពីបន្ទាត់ព្រំដែនក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
បើតាមលោកហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចាប់ពីឆ្នាំ២០១៣ មកដល់ថ្ងៃទី១ កក្កដាឆ្នាំ២០១៥នេះ ក្រសួងការបរទេសកម្ពុជា បានផ្ញើរកំណត់ទូតទៅវៀតណាម ចំនួន១១ដងរួចមកហើយ ប៉ុន្តែ វៀតណាមមិនបានឆ្លើយតបអ្វីនោះឡើយ។
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!