Commentary:ស្ត្រីមេដឹកនាំដ៏ខ្លាំងនៃប្រទេសអាល្លឺម៉ង់
ចាប់តាំងពីវិបត្តិបំណុលនៅតំបន់ចាយប្រាក់អឺរ៉ូបានផ្ទុះឡើងជាលើកដំបូង កាលពីឆ្នាំ ២០១០ បានអូសទាញប្រទេសអាល្លឺម៉ង់ឲ្យចូលមកមានតួនាទីជាមេដឹកនាំ លោកស្រី មើរ៍កែល បានអនុវត្តការសាងតុល្យភាពដោយការជួយសង្គ្រោះបណ្តាប្រទេសដែលកំពុងមានបញ្ហា ឲ្យទទួលយកនូវលក្ខខណ្ឌការកាត់បន្ថយថវិកាជាតិនិងធ្វើកំណែទម្រង់យ៉ាងតឹងរឹង
ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៥
លោកស្រី អាំងកេឡា មើរ៍កែល អធិការបតីប្រទេសអាល្លឺម៉ង់
លោកស្រី អាំងកេឡា មើរ៍កែល អធិការបតីប្រទេសអាល្លឺម៉ង់ បន្តលេចធ្លោជាមេដឹកនាំពិភពលោកដែលមិនទទួលរងផលប៉ះពាល់ពីវិបត្តិហិរញ្ញវត្ថុពិភពលោក ផែនការស្តារសេដ្ឋកិច្ចប្រទេសក្រិច រួមដល់ការបែរខ្នងឲ្យថាមពលនុយក្លេអ៊ែររបស់អាល្លឺម៉ង់និងវិបត្តិក្នុងប្រទេសអ៊ុយក្រែន ។ ក្នុងអំឡុង១០ឆ្នាំ កន្លងមកនៃការក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ១នៅអឺរ៉ុប ហុចផលឲ្យលោកស្រី មើរ៍កែល នៅតែមានប្រជាប្រិយយ៉ាងខ្លាំងហើយការសន្សំបាននូវអំណាចនយោបាយ ធ្វើឲ្យលោកស្រីក្លាយជាទីច្រណែនឈ្នានីសពីសំណាក់បណ្តាមេដឹកនាំទាំងឡាយនៅក្នុងទ្វីបអឺរ៉ុប ។
គណបក្សអភិរក្សនិយមរបស់លោកស្រីមើរ៍កែល ទទួលបានប្រជាប្រិយភាពយ៉ាងខ្ពស់រហូតមើលមិនឃើញគូតស៊ូដែលស័ក្តិសមតតាំងរឿងសេដ្ឋកិច្ចអាល្លឺម៉ង់ដ៏រឹងមាំ ហុចផលឲ្យលោកស្រីមើរ៍កែល ក្លាយជាទីស្រឡាញ់ពីសំណាក់សាធារណៈជនអាល្លឺម៉ង់ រហូតមានការប្រសិទ្ធិនាមឲ្យលោកស្រីថា "ម៉ាម៉ា" ឬ "អ្នកម្តាយ" ។ លោកស្រី មើរ៍កែល ថ្លែងរំលឹកជានិច្ចថា គោលដៅរបស់លោកស្រីគឺការជ្រោងប្រទេសក្រិកឲ្យស្ថិតនៅក្នុងអឺរ៉ូហ្សូនបន្តទៀត ហើយទំនងជាគ្មាននរណាប្រឆាំងនឹងលោកស្រីបានសំរេចឡើយ ព្រោះលោកស្រីមើរ៍កែលអនុវត្តតួនាទីជាអ្នកការពារវិបត្តិនៅអឺរ៉ុបរហូតក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ។
លោក ពីទើរ៍ ម៉ាត់យូឆេគ ប្រធានផ្នែកស្រាវជ្រាវនយោបាយនិងសង្គមនៃទីភ្នាក់ងារស្ទង់មតិ ហ្វរ៍ស្សា នៅប្រទេសអាល្លឺម៉ង់ បានថ្លែងថា ប្រជាជនភាគច្រើនមានទំនុកចិត្តថា លោកស្រី មើរ៍កែល អាចធ្វើឲ្យអ្វីដែលត្រូវការទទួលបានជោគជ័យ តែប្រសិនបើមិនទទួលបានជោគជ័យវិញនោះ ក៏មិនគួរមានផលប៉ះពាល់ដល់លោកស្រីប៉ុន្មានឡើយ ខណៈដែលរដ្ឋាភិបាលប្រទេសក្រិកក្នុងខ្សែភ្នែកសាធារណជនអាល្លឺម៉ង់ គឺជាអ្នកមានកំហុសក្នុងរឿងសេដ្ឋកិច្ច ។
ទេពកោសល្យរបស់លោកស្រី មើរ៍កែល ក្នុងការទាក់ទាញទំនុកចិត្តពីប្រជាជនអាល្លឺម៉ង់នោះគឺ ក្នុងអំឡុងពេលមានវិបត្តិហិរញ្ញវត្ថុពិភពលោកកាលពីឆ្នាំ ២០០៨ បន្ទាប់ពីការក្ស័យធនរបស់ក្រុមហ៊ុន ឡេម៉េន ប្រាដ័រស៍ ( Lehman Brothers ) ធនាគារវិនិយោគនាំមុខក្នុងសហរដ្ឋអាមេរិក លោកស្រី មើរ៍កែល ប្រកាសឲ្យរដ្ឋាភិបាលអាល្លឺម៉ង់គាំពារធនាគារពាណិជ្ជក្នុងប្រទេសទាំងអស់ ។
ចាប់តាំងពីវិបត្តិបំណុលនៅតំបន់ចាយប្រាក់អឺរ៉ូបានផ្ទុះឡើងជាលើកដំបូង កាលពីឆ្នាំ ២០១០ បានអូសទាញប្រទេសអាល្លឺម៉ង់ឲ្យចូលមកមានតួនាទីជាមេដឹកនាំ លោកស្រី មើរ៍កែល បានអនុវត្តការសាងតុល្យភាពដោយការជួយសង្គ្រោះបណ្តាប្រទេសដែលកំពុងមានបញ្ហា ឲ្យទទួលយកនូវលក្ខខណ្ឌការកាត់បន្ថយថវិកាជាតិនិងធ្វើកំណែទម្រង់យ៉ាងតឹងរឹង ទន្ទឹមគ្នានោះ លោកស្រីក៏បានធ្វើឱ្យប្រជាជនអាល្លឺម៉ង់មានជំនឿចិត្តថា លោកស្រីគឺជាអ្នកការពារផលប្រយោជន៍និងហិរញ្ញវត្ថុរបស់ប្រទេស ។
ក្នុងឋានៈជាអ្នកដឹកនាំប្រទេសអាល្លឺម៉ង់ និងមានភារកិច្ចសម្របសម្រួលជំនួយពីមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) ពោរពេញដោយបទពិសោធន៍ខ្ពស់ក្នុងគម្រោងស្តារសេដ្ឋកិច្ចនោះទើបលោកស្រីបានចូលមកដោះស្រាយបញ្ហាប្រទេសក្រិក ដោយលោកស្រី មើរ៍កែល ផ្តោតការយកចិត្តទុកដាក់លើ ទំនាក់ទំនងជាមួយលោក អាឡិកស៊ីស ប្រាស់ នាយករដ្ឋមន្រ្តីប្រទេសក្រិក ដោយសារតែការចរចាមានសភាពស្មុគស្មាញ ។
ប្រសិនបើប្រទេសក្រិកនិងបណ្តាម្ចាស់បំណុលទទួលបានជោគជ័យក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងរហូតអាចជៀសផុតពីការក្ស័យធន រដ្ឋសភាប្រទេសអាល្លឺម៉ង់ត្រូវបញ្ឈប់រឿងនេះ លោកស្រី មើរ៍កែល នៅមិនទាន់ទទួលបានការរិះគន់ពីការបោះឆ្នោតរបស់សមាជិករដ្ឋសភាចំពោះវិធានការគាំពារអឺរ៉ូហ្សូន ដែលមានតំណាងរាស្រ្តចំនួន ៣១១ នាក់ ក្នុងក្រុមរបស់លោកស្រីបោះឆ្នោតគាំទ្រឲ្យពន្យាពេលផែនការស្តារសេដ្ឋកិច្ចប្រទេសក្រិកបន្ថែមរយៈពេលបួនខែទៀត កាលពីខែកុម្ភៈកន្លងមក ទោះបីប្រទេសអាល្លឺម៉ង់មានការសង្ស័យទៅលើរដ្ឋាភិបាលថ្មីរបស់ប្រទេសក្រិកក៏ដោយ សព្វថ្ងៃនេះ លោកស្រី មើរ៍កែល មាននាទីគ្រប់គ្រងរដ្ឋាភិបាលចម្រុះដ៏ធំរបស់អាឡឺម៉ង់ដែលមានសំឡេងភាគច្រើន ដល់ទៅ ៤ ភាគ ៥ ក្នុងសភា ។
យ៉ាងណាក៏ដោយ ទោះបីរដ្ឋាភិបាលរបស់លោកស្រី មើរ៍កែល ទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីសាធារណជនក្តី តែគណបក្សនយោបាយឆ្វេងនិយមបានធ្វើការចោទប្រកាន់រដ្ឋាភិបាលអាល្លឺម៉ង់ ធ្វើឱ្យការចរចាជាមួយប្រទេសក្រិកមិនរីកចំរើននិងជាប់គាំង ហើយបានចោទប្រកាន់ លោកស្រី មើរ៍កែល ថាកំពុងស្វែងរកមធ្យោបាយឲ្យរដ្ឋាភិបាលប្រទេសក្រិកព្រមចុះចាញ់ដោយគ្មានលក្ខខណ្ឌ ប៉ុន្តែមជ្ឈដ្ឋានខាងក្រៅដូចយ៉ាងលោក ហ្សង់ក្លូដ យុងក័រ ប្រធានគណៈកម្មការអឺរ៉ុបបានថ្លែងមុននេះថា លោកមានទំនុកចិត្តថា ការដែលប្រទេសក្រិកដាក់សំណើថ្មីនោះ ធ្វើឱ្យមានឳកាសខ្ពស់ដែលប្រទេសក្រិកជាមួយសហភាពអឺរ៉ុបនិងមូលនិធិរូបិយវត្ថុអន្ដរជាតិនឹងឈានដល់កិច្ចព្រមព្រៀងគ្នាបាន និងមិនធ្វើឲ្យប្រទេសក្រិកធ្លាក់ទៅក្នុងសភាពខកខានទូទាត់បំណុលទៅឲ្យ IMF ដូចគ្នានឹងលោក ហ្វ្រង់ស័រ ហូឡង់ដ៍ មេដឹកនាំប្រទេសបារាំង ក៏សង្ឃឹមឲ្យការចរចាទទួលបានជោគជ័យផងដែរ ៕
ដោយ មុំ រឿន វិទ្យុសំលេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!