Commentary:តុលាការដើម្បីប្រជាជន
លោកអ្នកនាងកំពុងស្តាប់ការផ្សាយរបស់វិទ្យុសំឡេងយុវជន VOY FM 91.5MHz ពីរាជធានីភ្នំពេញ វិទ្យុសំឡេងយុវជន VOY FM 92 MHz នៅខេត្តបាត់ដំបង ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ធំ និងវិទ្យុសំឡេងយុវជន VOY FM 94 MHz នៅខេត្ត សៀមរាប និងខេត្តព្រះសីហនុ ជាទីមេត្រី !!! លោក អាន់តូនិន ស្កាសៀ ចៅក្រមអភិរក្សនិយមជ្រុល បានហៅសេចក្តីសំរេចរបស់សាលក្រមតុលាការកំពូលដែលឈ្នះឆ្នោតប្រផិតប្រផើយដោយសំឡេង ៥ ទល់នឹង ៤ គាំទ្រការរៀបការនៃក្រុមមនុស្សស្រឡាញ់ភេទដូចគ្នាជារឿងស្របច្បាប់នៅសហរដ្ឋអាមេរិកថា ជាការព្យាយាមដណ្តើមអំណាចប្រព័ន្ធយុត្តិធម៌ ។ សូមអញ្ជើញស្តាប់បទបរិយាយព្រឹត្តិការណ៍អន្តរជាតិ ក្រោមប្រធានបទ តុលាការដើម្បីប្រជាជន ជំរាបជូនដោយលោក មុំ រឿន ដូចតទៅ ៖
ថ្ងៃទី០2 ខែកក្កដា ឆ្នាំ២០១៥
តុលាការកំពូលសហរដ្ឋអាមេរិកពេញអង្គចំនួន៩រូប
អតីតកាលកន្លងមក តុលាការ៩រូប ទទួលបានការតែងតាំងពីគណបក្សនយោបាយនាំមុខគេនៅសហរដ្ឋអាមេរិក ដោយតុលាការ៤រូប ទទួលបានការតែងតាំងពីបណ្តាមេដឹកនាំជាន់ខ្ពស់នៃបក្សប្រជាធិបតេយ្យ និង៥រូបទៀត ទទួលបានការតែងតាំងពីបណ្តាមេដឹកនាំគណបក្សសាធារណរដ្ឋ ធ្វើឲ្យតុលាការកំពូលរបស់សហរដ្ឋអាមេរិកត្រូវគេយល់មករហូតថា គ្មានយុត្តិធម៌ និងបំពេញប្រយោជន៍ដើម្បីក្រុមបក្សពួកដែលមានគំនិតអភិរក្សនិយម ។
ប៉ុន្តែបន្ទាប់ពីការវិនិច្ឆ័យក្តីជាប្រវត្តិសាស្រ្តដល់ទៅពីរលើក គឺការប្រកាសឲ្យមានការអាពាហ៍ពិពាហ៍នៃក្រុមមនុស្សស្រឡាញ់ភេទដូចគ្នាជារឿងស្របច្បាប់នៅសហរដ្ឋអាមេរិក និងការគាំទ្រដល់គម្រោង រុះរើរចនាសម្ព័ន្ធថែទាំសុខភាពរបស់លោកប្រធានាធិបតី អូបាម៉ា ឬអូបាម៉ាឃែរ ប្រាកដថា ក្រុមមនុស្សអភិរក្សនិយមបានចេញមករិះគន់យ៉ាងខ្លាំងក្លា ។
លោក អាន់តូនិន ស្កាសៀ ចៅក្រមអភិរក្សនិយមជ្រុល បានហៅសេចក្តីសំរេចរបស់សាលក្រមតុលាការកំពូលដែលឈ្នះឆ្នោតប្រផិតប្រផើយដោយសំឡេង ៥ ទល់នឹង ៤ គាំទ្រការរៀបការនៃក្រុមមនុស្សស្រឡាញ់ភេទដូចគ្នាជារឿងស្របច្បាប់នៅសហរដ្ឋអាមេរិកថា ជាការព្យាយាមដណ្តើមអំណាចប្រព័ន្ធយុត្តិធម៌ ។ លោក ស្កាសៀ បានថ្លែងវាយប្រហារមិត្តរួមអាជីព ដែលបោះឆ្នោតដោយសំឡេង ៦ ទល់នឹង ៣ គាំទ្រគម្រោងអូបាម៉ាឃែ ដែលពង្រីកការធានារ៉ាប់រងសុខភាពចូលដល់ប្រជាជនអាមេរិកាំងរាប់លាននាក់ ពួកអភិរក្សនិយមបាននិយាយថា អូបាម៉ាឃែរបង្ហាញឲ្យឃើញពីរដ្ឋាភិបាលដែលខ្ទាស់នឹងរដ្ឋធម្មនុញ្ញ បានទន្ទ្រានជីវិតឯកជនរបស់ពលរដ្ឋអាមេរិកាំង ។
លោក ស្កាសៀ បាននិយាយទៀតថា ក្រៅពីប្រព័ន្ធធានារ៉ាប់រងសុខភាពនិងការរៀបការនៃក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា ដែលទទួលបានការគាំទ្រពីតុលាការហើយនោះ កាលពីសប្តាហ៍មុនតុលាការក៏បានអនុម័តិគាំទ្រឧបករណ៍សំខាន់ដែលប្រើក្នុងការតស៊ូជាមួយការរើសអើងក្នុងរឿងលំនៅដ្ឋាន ដែលចាត់ទុកជាជ័យជម្នះដ៏អស្ចារ្យរបស់រដ្ឋាភិបាលលោក អូបាម៉ា ។
កន្លងមក តុលាការកំពូលមានសាលក្រមសំរេចឲ្យការរំលូតជារឿងស្របច្បាប់ និងបញ្ឈប់ការបែងចែកសញ្ជាតិក្នុងសាលារៀន ឬអនុញ្ញាតឱ្យរៀបអាពាហ៍ពិពាហ៍ដោយមិនប្រកាន់សញ្ជាតិ តែការ សម្រេចចិត្តកាលពីពេលកន្លងទៅថ្មីៗនេះ របស់តុលាការ ធ្វើឲ្យទទួលបានការចោទប្រកាន់ថា មិនប្រកាន់គោលការណ៍តាមរដ្ឋធម្មនុញ្ញ តែលំអៀងទៅតាមទស្សនៈគតិរបស់ប្រជាជន ។ លោក រ៉ៃអាន់ អេនឌឺសាន់ អ្នកស្រាវជ្រាវនៃសមាគម ហឺររីថេច ហ្វោនដេសិន បានហៅការប្រកាសឲ្យពួកខ្ទើយទាំងប្រុសស្រីអាចរៀបការភេទដូចគ្នាបាន ជាការអនុវត្តដើម្បីសម្រេចបាននូវយន្តការយុត្តិធម៌ដូចដែលយើងធ្លាប់បានឃើញកាលពីអតីត ហើយគួរនឹងបានឃើញទៀតនាពេលអនាគត ។
លោកស្រី លីហ្សា លីនស្គី មន្រ្តីប្រចាំការិយាល័យច្បាប់ ម៉េគដឺម៉ុត វៀល អែន អេអឹមភី អេមមឺររី បានថ្លែងថា នេះមិនមែនជាតុលាការសេរីនិយម ឬអភិរក្សនិយមនោះទេ តែនេះគឺជាតុលាការកំពូលក្នុងប្រទេសដែលត្រូវបានទទួលស្គាល់ទូទាំងពិភពលោក ។ ចៅក្រមខ្លះបាននិយាយថា គូស្នេហ៍ ភេទដូចគ្នា មិនគួរត្រូវបានបដិសេធផលប្រយោជន៍ដ៏ធំ ដែលទទួលបានពីការរៀបអាពាហ៍ពិពាហ៍ដូចជា មត៌កនិងទ្រព្យសម្បត្តិ ប៉ុន្តែលោក ស្ទីស សេនដឺស សាស្រ្តាចារ្យច្បាប់នៅសាកលវិទ្យាល័យ ឥណ្ឌាណា បានឲ្យដឹងថា តុលាការបានទទួលការរំពឹងទុកថា នឹងបង្ហាញឲ្យឃើញពីភាពបត់បែនលេចចេញមក ។
លោក អេនឌ្រូ ឃូអូម៉ូ អភិបាលរដ្ឋញូវយ៉កសហរដ្ឋអាមេរិក បានផ្តល់យោបល់បន្ទាប់ពីបានទៅចូលរួមក្នុងពិធីមង្គលការរវាងគូស្វាមីភរិយាដែលមានភេទដូចគ្នាថា នេះគឺជាថ្ងៃប្រកបដោយមោទនភាពសម្រាប់ពលរដ្ឋអាមេរិកាំង ព្រោះឈរលើគោលការណ៍ដែលថា ការធ្វើឲ្យសហរដ្ឋអាមេរិកជាដែនដីវិសេស ហើយរាល់ថ្ងៃនេះយើងបានប្រតិបត្តិចំពោះមនុស្សគ្រប់រូបដោយស្មើភាពគ្នា ។
ខណៈដែលក្រុមមនុស្សស្រឡាញ់ភេទដូចគ្នាក្នុងប្រទេសជាច្រើនលើពិភពលោក បានសម្តែងនូវការរីករាយចំពោះការដែលតុលាការសហរដ្ឋអាមេរិក ប្រកាសឲ្យការរៀបការរបស់មនុស្សដែលស្រឡាញ់ភេទដូចគ្នាជារឿងស្របច្បាប់ ។ នៅប្រទេសហ្វីលីពីន ក្រុមមនុស្សពណ៌ស្វាយ បានប្រារព្ធការដើរដង្ហែរក្បួន ដោយសង្ឃឹមឲ្យហេតុការណ៍ដូចនេះកើតមានឡើងក្នុងប្រទេសរបស់ខ្លួន ដូចគ្នានឹងប្រទេសកូរ៉េខាងត្បូង ក៏មានការរៀបចំពិធីដើរព្យុហយាត្រាបុរសស្ត្រីដែលស្រលាញ់ភេទដូចគ្នា - និងមនុស្សកែភេទ សូម្បីតែប្រទេសតួកគី ប្រទេសក្នុងពិភពអារ៉ាប់ ក៏នៅមានក្រុមមនុស្សស្រឡាញ់ភេទដូចគ្នាប្រមូលផ្តុំនៅក្នុងទីក្រុងអ៊ីសស្តង់ប៊ុល ដើម្បីបង្ហាញនូវការគាំទ្រចំពោះសេចក្តីសំរេចរបស់តុលាការសហរដ្ឋអាមេរិកនោះផងដែរ ៕
ខ្ញុំ មុំ រឿន វិទ្យុសំលេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!