Coomentary:រដ្ឋប្រហារការទូត
AI IB ដែលប្រទេសចិនជាអ្នកជំរុញ ត្រូវបានមើលឃើញថាជាគូប្រជែងនឹងធនាគារពិភពលោក (World Bank) ដែលប្រទេសលោកខាងលិចមានឥទ្ធិពលនិងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។
ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៥
ការដែលប្រទេសចិនអាចជំរុញឱ្យប្រទេសចំនួន ៥៧ យល់ព្រមចូលរួមបង្កើតធនាគារដើម្បីការវិនិយោគហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អាស៊ី (AI IB) បើទោះបីជាឥឡូវនេះមានត្រឹមតែ ៥០ ប្រទេសបានចុះហត្ថលេខារួចហើយ នៅក្នុងពិធីមួយដែលធ្វើនៅឯមហាសាលប្រជាជនក្នុងទីក្រុងប៉េកាំងក្តី តែក៏ចាត់ទុកបានថា ជាជោគជ័យជាក់ស្តែងផ្នែកនយោបាយការបរទេសដ៏ធំធេងរបស់ប្រទេសចិន ។
AI IB ដែលប្រទេសចិនជាអ្នកជំរុញ ត្រូវបានមើលឃើញថាជាគូប្រជែងនឹងធនាគារពិភពលោក (World Bank) ដែលប្រទេសលោកខាងលិចមានឥទ្ធិពលនិងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទោះបីពីដំបូងសហរដ្ឋអាមេរិកជំទាស់ដាច់អហង្ការក្តី តែ AI IB អាចអូសទាញសម្ព័ន្ធមិត្តសំខាន់របស់សហរដ្ឋអាមេរិកឲ្យចូលរួមជាស្ថាបនិកធនាគារ រួមទាំងប្រទេសអង់គ្លេស, អាល្លឺម៉ង់, អូស្រ្តាលីនិងប្រទេសកូរ៉េខាងត្បូង ចំណែកប្រទេសស្ថាបនិកផ្សេងទៀត ភាគច្រើនមកពីតំបន់អាស៊ីអាគ្នេយ៍ មជ្ឈឹមបូព៌ានិងអាមេរិកខាងត្បូង គង់មានតែសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តជិតស្និទ្ធដូចយ៉ាងជប៉ុន នៅមិនទាន់ចូលរួមក្នុងធនាគារដូចបានពោល តែប្រទេសចិនបានប្រាប់ថា ទ្វារនៅបើកចំហរសំរាប់ប្រទេសទាំងពីរនេះជានិច្ច ។
លោក Malcolm Cook អ្នកជំនាញមកពីវិទ្យាស្ថានការសិក្សាអាស៊ីអាគ្នេយ៍នៅក្នុងប្រទេសសិង្ហបុរី បានថ្លែងពី AI IB ថា ជាជោគជ័យទាំងផ្នែកយុទ្ធសាស្រ្តនិងការទូតដ៏ធំធេងរបស់ប្រទេសចិន ខណៈ ដែលប្រភពព័ត៌មានការទូតប្រទេសលោកខាងលិចបាននិយាយថា ប្រទេសចិនគ្មានជម្រើសទេ ចាំបាច់ត្រូវមានធនាគាររបស់ខ្លួនបង្កើតឡើងមក បន្ទាប់ពីធ្វើការខិតខំប្រឹងប្រែងជាច្រើនលើក ក្នុងការធ្វើកំណែទម្រង់ស្ថាប័ននានា ជាអាទិ៍មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ហើយថា ពេលនេះសហរដ្ឋអាមេរិកធ្វើបានត្រឹមការស្តីបន្ទោសឲ្យខ្លួនឯងប៉ុណ្ណោះ ។
រំពឹងថា ប្រទេសនៅអាស៊ីនឹងកាន់ភាគហ៊ុនក្នុង AI IB ច្រើនដល់ទៅ ៧៥ ភាគរយ បន្ទាប់មកគឺអឺរ៉ុបនិងតំបន់ដទៃទៀត។ ដំបូង AI IB នឹងផ្តើមប្រមូលដើមទុនចំនួន 50,000 លានដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែនៅទីបំផុតនឹងបង្កើនឡើងដល់ 100,000 លានដុល្លារសហរដ្ឋអាមេរិក ដោយប្រទេសចិននឹងកាន់ភាគហ៊ុនរវាង 25-30 ភាគរយ បន្ទាប់មកគឺប្រទេសឥណ្ឌា រវាងពី 10-15 ភាគរយជាមួយប្រទេសរុស្ស៊ី ចំណែកប្រទេសអាល្លឺម៉ង់ ប្រទេសសេដ្ឋកិច្ចដ៏ធំរបស់អឺរ៉ុប នឹងមានហ៊ុន 4.1 ភាគរយ ច្រើនស្ថិតក្នុងលំដាប់ទី ៤ ។
សូម្បីប្រទេសអូស្រ្តាលី ប្រទេសសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ក៏បានរួមចុះហត្ថលេខាបង្កើតធនាគារដូចបានពោលនេះផងដែរ និងបានប្រកាសផ្តល់ប្រាក់គាំទ្រចំនួន 930 លានដុល្លាអូស្រ្តាលី ឬប្រហែល 719.36 លានដុល្លាសហរដ្ឋអាមេរិក ក្នុងរយៈពេលប្រាំឆ្នាំ ធ្វើឲ្យប្រទេសអូស្ត្រាលី ក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេលំដាប់ទី៦ ។
ការបង្កើតធនាគារដើម្បីការវិនិយោគហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អាស៊ី ចាត់ទុកបានថាជារដ្ឋប្រហារខាងការទូតលើកសំខាន់បំផុតសម្រាប់ប្រទេសចិន លើសការធ្វើជាម្ចាស់ផ្ទះរៀបចំប្រកួតកីឡាអូឡាំពិកកាលពីឆ្នាំ 2008 នោះទៅទៀត ។ បទវិចារណកថារបស់កាសែត ក្លូបល ថែមស៍ បានសរសេរថា ប្រទេសចិនត្រូវបានជំរុញឱ្យបង្កើតធនាគារ AI IB បន្ទាប់ពីទទួលបានអំពើអយុត្តិធម៌ពីស្ថាប័នទាំងឡាយដែលនៅក្រោមឥទ្ធិពលសហរដ្ឋអាមេរិក មានដូចជា ធនាគារពិភពលោកនិងមូលនិធិរូបិយវត្ថុអន្តរជាតិ ។
យ៉ាងណាក៏ដោយ ស្ថិតនៅក្រោមបទប្បញ្ញត្តិរបស់ធនាគារ AI IB ដំបូងប្រទេសចិននឹងមានសម្លេងVote 26 ភាគរយ នឹងមានសិទ្ធិរម្ងាប់ការសម្រេចចិត្តដ៏សំខាន់ខ្លះៗ រួមដល់ការជ្រើសរើសប្រធាន និងការផ្អាកសមាជិកភាព ឬការកែសម្រួលបទបញ្ញត្តិ ចំណែកឥណ្ឌានឹងមានសំឡេង Vote 7.5 ភាគរយរុស្ស៊ីមានសំឡេង Vote 5.9 ភាគរយ ។
ខណៈដែលក្រុមសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក ក្នុងនោះរួមមានប្រទេសអង់គ្លេស បារាំងនិងអាល្លឺម៉ង់ បានចុះហត្ថលេខារួមគ្នាបង្កើតធនាគាររួចទៅហើយ បទវិចារណាកថារបស់កាសែតក្លូបល ថែមស៍ បានសរសេរទៀតថា ការដែលសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិករួមចុះហត្ថលេខាបង្កើត AIIB មិនមែនមានន័យថា ធ្វើឲ្យប្រទេសចិនមើលទៅឃើញល្អជាងការពិតឡើយ តែសម្លឹងឃើញពីអត្ថប្រយោជន៍នៃការគាំពារទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ។
កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ក្នុងការធ្វើជាមេដឹកនាំស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ អាចត្រូវបានបង្ខំពីអំពើអយុត្តិធម៌នៃស្ថាប័នទាំងឡាយ តែចិនមានលុយ និងជាមហាអំណាចខាងយោធា រួមដល់មហាអំណាចសេដ្ឋកិច្ចលំដាប់លេខ២ បន្ទាប់ពីសហរដ្ឋអាមេរិក ទើបមិនមែនមែនជារឿងលំបាកឡើយ ក្នុងការជប់អង្គការកំរិតសកលឡើងមក ស្ថិតក្រោមក្រញ៉ាំនៃស្តេចនាគនោះ ៕
ដោយ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!