Commentary:ទូទាំងពិភពលោករង់ចាំមើលលទ្ធផលចុងក្រោយនៃបំណុលក្រិក តើនឹងនៅបន្តឬចេញពីអឺរ៉ូហ្សូន ???
អស់រយៈពេលជាងពីរសប្តាហ៍កន្លងមកនេះ ស្ទើរតែគ្មានរឿងណាល្អទាល់តែសោះពាក់ព័ន្ធនឹងប្រទេសក្រិកឲ្យប្រព័ន្ធផ្សព្វផ្សាយសរសេរឡើយ ហើយកាលពីថ្ងៃអង្គារទី ៣០ ខែមិថុនា កន្លងមកនេះ "ទីបំផុតនៃដំណឹងអាក្រក់" ក៏ចោមរោមវាយប្រហារប្រទេសក្រិកមួយរលកទៀត គឺជាព័ត៌មានដ៏ក្រៀមក្រំដែលប្រទេសក្រិកត្រូវបានចារឹកឈ្មោះក្នុងប្រវត្តិសាស្រ្តសេដ្ឋកិច្ចពិភពលោកថា ជាប្រទេសអភិវឌ្ឍន៍ដំបូងគេក្នុងប្រវត្តិសាស្រ្ត "ដែលខកខានមិនបានទូទាត់បំណុល " ឲ្យមូលនិធិរូបិយវត្ថុអន្ដរជាតិ ឬ IMF ចំនួន ១,៥០០ លានអឺរ៉ូ ។
ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៥
បដិសេធមិនបានទេថា បញ្ហាវិបត្តិបំណុល រួមដល់ស្ថានភាពសេដ្ឋកិច្ចមានជម្ងឺវិះរស់វិះស្លាប់របស់ប្រទេសក្រិក អតីតដែនដីអរិយធម៌ដែលគ្រាមួយធ្លាប់មានឈ្មោះជាចំណុចផ្ចិតនៃពិភពលោកយើងនេះ បានក្លាយជាព័ត៌មានក្តៅគគុកដែលត្រូវបានលើកយកមកនិយាយដោយក្តីព្រួយបារម្ភបំផុត ក្នុងរយៈពេលជាងពីរសប្តាហ៍កន្លងមកនេះ ជាពិសេសក្នុងលក្ខខណ្ឌការខូចខាតចំពោះទីផ្សារហិរញ្ញវត្ថុ -ទីផ្សារមូលធននៃបណ្តាប្រទេសទាំងឡាយនៅទូទាំងសកលលោក ។
អស់រយៈពេលជាងពីរសប្តាហ៍កន្លងមកនេះ ស្ទើរតែគ្មានរឿងណាល្អទាល់តែសោះពាក់ព័ន្ធនឹងប្រទេសក្រិកឲ្យប្រព័ន្ធផ្សព្វផ្សាយសរសេរឡើយ ហើយកាលពីថ្ងៃអង្គារទី ៣០ ខែមិថុនា កន្លងមកនេះ "ទីបំផុតនៃដំណឹងអាក្រក់" ក៏ចោមរោមវាយប្រហារប្រទេសក្រិកមួយរលកទៀត គឺជាព័ត៌មានដ៏ក្រៀមក្រំដែលប្រទេសក្រិកត្រូវបានចារឹកឈ្មោះក្នុងប្រវត្តិសាស្រ្តសេដ្ឋកិច្ចពិភពលោកថា ជាប្រទេសអភិវឌ្ឍន៍ដំបូងគេក្នុងប្រវត្តិសាស្រ្ត "ដែលខកខានមិនបានទូទាត់បំណុល " ឲ្យមូលនិធិរូបិយវត្ថុអន្ដរជាតិ ឬ IMF ចំនួន ១,៥០០ លានអឺរ៉ូ ដែលគ្រប់កំណត់ត្រូវទូទាត់កាលពីថ្ងៃពុធសប្តាហ៍នេះ វេលាម៉ោង ៥ល្ងាច ម៉ោងនៅប្រទេសកម្ពុជា ។
កន្លងមក រដ្ឋាភិបាលឆ្វេងនិយមរបស់ប្រទេសក្រិក ក្រោមការដឹកនាំពីសំណាក់លោកនាយករដ្ឋមន្រ្តី អាលេកស៊ីស ស៊ីប្រាស់ និងក្រុមនយោបាយ "ស៊ីរីហ្សា" បានព្យាយាមអស់ពីសមត្ថភាពក្នុងការ បញ្ចុះបញ្ចូលបណ្តាម្ចាស់បំណុលអន្តរជាតិរហូតដល់វិនាទីចុងក្រោយ ដើម្បីសុំជំនួយហិរញ្ញវត្ថុកាលពីថ្ងៃអង្គារ ទី៣០ ខែមិថុនា ប៉ុន្តែក៏នៅមិនគ្រប់គ្រាន់ក្នុងកិច្ចការពារប្រទេសក្រិក ពីការក្លាយទៅជាប្រទេសអភិវឌ្ឍដំបូងគេ ដែលខកខានមិនបានទូទាត់សងបំណុលទៅឲ្យ IMF នាំមកនូវកោលាហលខាងការទូតនិងសេចក្តីភ័យខ្លាចភ្ញាក់ផ្អើលនៃបណ្តាវិនិយោគិនទាំងតូចទាំងធំទូទាំងពិភពលោក ដែលពួកគេមិននឹកស្មានថា ការចរចារាប់លើកមិនអស់រវាងក្រិកនិងម្ចាស់បំណុលដែលអូសបន្លាយពេលវេលាជាង៥ខែនោះ បានបញ្ចប់ទៅដោយភាពបរាជ័យគ្មានលទ្ធផលជាដុំជាកំភួនឲ្យឃើញ ។
កាសែត "ស៊ុដដឹស្សេ សីទុង" របស់ពួកសេរីនិយមសម័យថ្មីនិងក្រុមអ្នកនយោបាយកណ្តាល-លំអៀងឆ្វេង ដែលមានមូលដ្ឋាននៅទីក្រុង មូនិច ប្រទេសអាល្លឺម៉ង់ បានឲ្យដឹងទិន្នន័យយោងឯកសារសម្ងាត់របស់រដ្ឋាភិបាលអាល្លឺម៉ង់ ដែលអះអាងថា ជាការពិតនោះ សភាពបំណុលរបស់ប្រទេសក្រិក មានខ្ពស់ជាងអ្វីដែលបានរំពឹងទុក ដល់ថ្នាក់ដែលថា កាលបើដល់ឆ្នាំ ២០៣០ បំណុលក្រិកនៅពេលនោះ នឹងឡើងខ្ពស់ដល់កំរិត ១១៨ ភាគរយនៃផលិតផលក្នុងស្រុកសរុប ទោះបីប្រទេសក្រិកសុខចិត្តដកថយដោយទទួលយកសំណើររបស់ម្ចាស់បំណុល៣ភាគី ឬ Troika ដែលប្រកបដោយ សហភាពអឺរ៉ុប (ឬEU) មូលនិធិរូបិយវត្ថុអន្តរជាតិ (ឬIMF) និងធនាគារកណ្តាលអឺរ៉ុប (ឬECB) ក៏ដោយ ។
ក្នុងពេលនេះប្រទេសក្រិកដែលត្រូវទទួលអម្រែកតួលេខបំណុលមានមធ្យមភាគខ្ពស់ដល់ទៅ ១៧៥ ភាគរយ នៃ GDP ត្រូវគេមើលឃើញថា កំពុងរាប់ថយក្រោយដើម្បីបោះជំហានចេញពីអឺរ៉ូហ្សូន ឬក្រុមប្រទេសទាំង១៩នៅអឺរ៉ុប ដែលរួមគ្នាប្រើប្រាក់អឺរ៉ូ តែនោះគឺជាលទ្ធផលដោយផ្ទាល់នៃការគ្មានវិន័យលើវិស័យសារពើពន្ធរបស់ប្រទេសក្រិចជាងពីរទសវត្សរ៍កន្លងមកនេះ ។
លទ្ធផលស្ទង់មតិថ្មីមួយដែលបានធ្វើឡើងនិងផ្សព្វផ្សាយនៅក្នុងប្រទេសក្រិក កាលពីថ្ងៃទី១ ខែកក្កដា បានបញ្ជាក់ថា ពលរដ្ឋក្រិកភាគច្រើននឹង Vote "NO" មិនយកផែនការកំណែទម្រង់ទទួលយកប្រាក់ជំនួយពីអង្គការម្ចាស់បំណុល Troika ក្នុងការធ្វើប្រជាមតិជាប្រវត្តិសាស្រ្ត នៅថ្ងៃអាទិត្យ ទី៥ ខែកក្កដា នេះ ។
ការស្ទង់មតិនេះបានធ្វើឡើងនៅថ្ងៃទី 28-30 ខែមិថុនា និងបានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា តាមទំព័រកាសែតក្នុងស្រុកមួយរបស់ប្រទេសក្រិក បានរកឃើញថា ពលរដ្ឋក្រិកចំនួន ៥៤ ភាគរយដែលចេញទៅបោះឆ្នោតធ្វើប្រជាមតិនៅថ្ងៃអាទិត្យនេះ "ពុំយល់ស្រប " ទៅនឹងការព្រមទទួលយកលក្ខខណ្ឌធ្វើកំណែទម្រង់ដែលពួកម្ចាស់បំណុលបានស្នើឡើងនោះទេ ក្នុងខណៈដែល ៣៣ ភាគរយទៀតគិតថា ប្រទេសក្រិកគួរតែទទួលយកលក្ខខណ្ឌដ៏ឃោរឃៅរបស់ម្ចាស់បំណុល ដើម្បីការរស់រានមានជីវិតបន្តទៀត ។
យ៉ាងណាក៏ដោយ បើប្រៀបធៀបលទ្ធផលស្ទង់មតិក្នុងពេលមុននិងក្រោយពីរដ្ឋាភិបាលក្រិកបានប្រកាសប្រើវិធានការគ្រប់គ្រងមូលធន និងបិទស្ថាប័នហិរញ្ញវត្ថុនៅទូទាំងប្រទេសកាលពីថ្ងៃអាទិត្យ សប្តាហ៍មុន រកឃើញថា គម្លាតរវាងក្រុមដែលយល់ស្របនិងក្រុមមិនយល់ស្រប "កាន់តែថយចុះ" ដោយក្រុមគំរូពលរដ្ឋក្រិក ៥៧ ភាគរយដែលឆ្លើយសំណួរ មុនការដែលរដ្ឋាភិបាលទីក្រុងអាថែនបញ្ជាឲ្យបិទធនាគារ បានបង្ហាញថា ពួកគេនឹង Vote "No" ខណៈដែលអ្នក Vote "Yes" មានត្រឹម ៣០ ភាគរយប៉ុណ្ណោះ ។
ប៉ុន្តែក្រោយពីមានការបញ្ជាបិទធនាគារនិងកំណត់ការដកប្រាក់ ក្រុមដែល Vote "No" ថយចុះមកនៅត្រឹម ៤៦ ភាគរយ តែពួកដែលគិតថានឹង Vote "Yes" បែរជាកើនឡើងបន្តិចបន្តួចទៅជា ៣៧ ភាគរយវិញ ។
យ៉ាងណាក្តី រលក Vote "No" នៅតែមានសន្ទុះខ្លាំងក្នុងចំណោមប្រជាពលរដ្ឋក្រិកដែលគ្មានការងារធ្វើចំនួនប្រមាណ ៦២ភាគរយ ហើយក្នុងទិដ្ឋភាពរួម ប្រជាជនគ្រប់ក្រុមអាជីព ក៏នៅរកឃើញថា មានអ្នក Vote "No" ច្រើនជាង "Yes" មិនថាជាម្ចាស់អាជីវកម្ម អ្នកប្រកបមុខរបរឯករាជ្យ ជនចូលនិវត្តន៍ដែលទទួលបានប្រាក់សោធននិវត្តន៍ និងបុគ្គលិកក្រុមហ៊ុនឯកជន រួមដល់ស្ដ្រីជាមេផ្ទះផងដែរ ។
ចុងក្រោយនេះមានសេចក្តីរាយការណ៏ថា កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុម អឺរ៉ូហ្សូន ឬ Euro Group បានចេញមកព្រមានថា នឹងសុខចិត្តចរចាស្នើសុំកម្ចីជាថ្មីឬមួយអត់នោះ អាស្រ័យលើលទ្ធផលធ្វើ ប្រជាមតិនៅប្រទេសក្រិចក្នុងថ្ងៃទី៥ ខែកក្កដា នេះ ថាតើពលរដ្ឋក្រិកព្រមទទួលយកកិច្ចព្រមព្រៀងផ្តល់ជំនួយតាមលក្ខខណ្ឌរបស់ម្ចាស់បំណុលអន្តរជាតិឬយ៉ាងណា ព្រោះបើពលរដ្ឋក្រិកភាគច្រើនVote "No" ក៏គង់ជារឿងដ៏លំបាកដែលភាគីម្ចាស់បំណុលនឹងផ្តល់ជំនួយដល់ប្រទេសក្រិកបន្តទៀតនោះ ។
ផ្ទុយទៅវិញ បើពលរដ្ឋក្រិក Vote "Yes" បណ្តាម្ចាស់បំណុលនឹងទទួលបានជ័យជម្នះ ហើយរដ្ឋាភិបាលឆ្វេងនិយមដែលដឹកនាំដោយលោក អាឡេកស៊ីស ស៊ីប្រាស់ ក៏នឹងត្រូវខ្ទាតចេញពីអំណាច ដែលនឹងជួយឲ្យភាគីម្ចាស់បំណុល ត្រឡប់មកមានឥទ្ធិពលក្នុងការចរចា ហើយជាអ្នកគ្រប់គ្រង ជោគវាសនារបស់ប្រជាជនក្រិកចំនួន 10.8 លាននាក់ទូទាំងប្រទេសឲ្យស្ថិតនៅក្នុងកណ្តាប់ដៃ ហើយគង់នឹងមិនខុសទេ បើនឹងនិយាយថា ជោគវាសនាឬជតាកម្មរបស់ប្រទេសដែលមានបំណុលលិចខ្លួនដូចយ៉ាងប្រទេសក្រិក អាចមានភាពកាន់តែច្បាស់លាស់ឡើង បន្ទាប់ពីថ្ងៃទី៥ ខែកក្កដានេះ ដែលជារឿងត្រូវរង់ចាំតាមដានយ៉ាងដិតដល់បន្តទៀត ៕
ដោយ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!