Commentary:កាត់កាល់សាច់ញាតិអស់រយៈពេល ៥៤ ឆ្នាំ ចង់ជានាគ្នាវិញ មិនមែនជារឿងងាយស្រួលឡើយ !!!
លោក អូបាម៉ា ចាប់ផ្តើមចរចាជាប្រវត្តិសាស្ត្រជាមួយលោកប្រធានាធិបតី រ៉ាអ៊ូល ខាស្ត្រូ ប្អូនប្រុសរបស់លោក ហ្វីដែល ខាស្ត្រូ កាលពីខែមេសា ឆ្នាំ ២០១៤ បន្ទាប់ពីនោះក៏មានការចរចាជាសម្ងាត់ជាបន្តបន្ទាប់ទាំងក្នុងទឹកដីប្រទេសកាណាដា និងរដ្ឋធានីវ៉ាទីកង់ រហូតមកដល់ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៤ លោកប្រធានាធិបតី អូបាម៉ា និងលោក រ៉ាអ៊ូល ខាស្ត្រូ ក៏បានរួមគ្នាប្រកាសថា នឹងចាប់ផ្តើមដំណើរការស្តារសម្ព័ន្ធភាពក្នុងកម្រិតជាធម្មតាឡើងវិញ ។
ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៥
លោកប្រធានាធិបតី រ៉ាអ៊ូល ខាស្ត្រូ មេដឹកនាំគុយបា និងលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា មេដឹកនាំសហរដ្ឋអាមេរិក
កិច្ចខិតខំប្រឹងប្រែងស្តារសម្ព័ន្ធភាពរវាង "សហរដ្ឋអាមេរិក" និង "គុយបា" ប្រទេសជិតខាងគ្នាមានចម្ងាយត្រឹមតែ ១៥០ គីឡូម៉ែត្រ មានការរីកចំរើនដ៏អស្ចារ្យ កាលបើភាគីទាំងពីរបានប្រកាសបើកស្ថានទូតនៅក្នុងរដ្ឋធានីនៃប្រទេសរៀងៗខ្លួនជាថ្មីម្តងទៀត នៅថ្ងៃទី ២០ ខែកក្កដា ខាងមុខនេះ ។
លោក ដវ៉ាយ អៃសេនហៅវរ៍ (Dwight Eisenhower) ប្រធានាធិបតីសហរដ្ឋអាមេរិក បានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយប្រទេសគុយបានៅក្នុងឆ្នាំ ១៩៦១ឬកាលពី ៥៤ឆ្នាំមុន បន្ទាប់ពីបដិវត្តន៍គុយបា ហើយលោក ហ្វីដែល ខាស្ត្រូ (Fidel Castro) ដែលមាននិន្នាការលំអៀងកុម្មុយនីស្តសូវៀត ដណ្តើមអំណាចពីរដ្ឋាភិបាលគុយបា ដែលសហរដ្ឋអាមេរិកគាំទ្រពីក្រោយ ក្នុងសម័យសង្រ្គាមត្រជាក់ ។
តាំងពីនោះមក សហរដ្ឋអាមេរិកបានព្យាយាមផ្តួលរំលំរបបគ្រប់គ្រងរបស់លោក ខាស្ត្រូ មករហូត ទាំងការប្រើវិធានការរាំងខ្ទប់ការធ្វើពាណិជ្ជកម្មនិងការធ្វើដំណើរទៅកាន់ប្រទេសគុយបា ប៉ុន្តែទីបំផុតមិនទទួលបានជោគជ័យទេ រហូតមកដល់ជំនាន់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា "បត់ក្រោយ " នយោបាយ គុយបា បែប ៣៦០ អង្សារ ព្រោះយល់ឃើញថា ការរារាំងនិងដាក់ឲ្យគុយបាឯកោជាងកន្លះសតវត្សរ៍ទទួល "បរាជ័យ " ស្រដៀងករណីប្រទេសមីយ៉ាន់ម៉ា ។
លោក អូបាម៉ា ចាប់ផ្តើមចរចាជាប្រវត្តិសាស្ត្រជាមួយលោកប្រធានាធិបតី រ៉ាអ៊ូល ខាស្ត្រូ
ប្អូនប្រុសរបស់លោក ហ្វីដែល ខាស្ត្រូ កាលពីខែមេសា ឆ្នាំ ២០១៤ បន្ទាប់ពីនោះក៏មានការចរចាជាសម្ងាត់ជាបន្តបន្ទាប់ទាំងក្នុងទឹកដីប្រទេសកាណាដា និងរដ្ឋធានីវ៉ាទីកង់ រហូតមកដល់ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៤ លោកប្រធានាធិបតី អូបាម៉ា និងលោក រ៉ាអ៊ូល ខាស្ត្រូ ក៏បានរួមគ្នាប្រកាសថា នឹងចាប់ផ្តើមដំណើរការស្តារសម្ព័ន្ធភាពក្នុងកម្រិតជាធម្មតាឡើងវិញ ។
ខណៈប្រកាសបើកស្ថានទូតរវាងគ្នានិងគ្នាជាថ្មីកាលពីថ្ងៃទី ១ ខែកក្កដាកន្លងមកនេះ លោក អូបាម៉ាបានថ្លែងថា "នេះគឺជាពេលដែលត្រូវជ្រើសរើសរវាងអនាគតនិងអតីតកាល " ហើយបានទទូចសុំឲ្យសភាខនក្រេសលុបចោលនូវវិធានការរារាំងខាងសេដ្ឋកិច្ចនិងការធ្វើដំណើរទៅកាន់ប្រទេសគុយបា។ កាលពីមុននោះ លោកបានប្រើអំណាចប្រធានាធិបតីបញ្ជាឲ្យបន្ធូរបន្ថយការរារាំងគុយបាខ្លះៗហើយរួមទាំងលុបបំបាត់ការត្រួតពិនិត្យការធ្វើដំណើរទៅកាន់ប្រទេសគុយបានៃជនជាតិអាមេរិកាំង ដោយផ្តើមអនុញ្ញាតឱ្យក្រុមហ៊ុនអាមេរិកាំងធ្វើការនាំចេញផលិតផលទូរស័ព្ទនិងកុំព្យូទ័រទៅកាន់ប្រទេសគុយបា និងដកប្រទេសគុយបាចេញពីបញ្ជីប្រទេសដែលគាំទ្រអំពើភេរវកម្ម ។
ក៏ប៉ុន្តែគោលដៅរបស់លោក អូបាម៉ា នៅមានឧបសគ្គយ៉ាងច្រើន ជាពិសេសពីបណ្តាអ្នកនយោ បាយអភិរក្សនិយមនៅក្នុងសភាខនក្រេស ទាំងខាងគណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យ ដែលយល់ឃើញថា ការស្តារទំនាក់ទំនងជាមួយប្រទេសគុយបាឡើងវិញ វាកាន់តែធ្វើឲ្យរបបដឹកនាំរបស់លោក ខាស្ត្រូ រឹងមាំ អ្វីដែលសំខាន់ ឆ្នាំក្រោយនេះនឹងមានការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីសហរដ្ឋអាមេរិក ខាងគណបក្សសាធារណរដ្ឋដែលសង្ឃឹមមូលដ្ឋានសំឡេងពលរដ្ឋអាមេរិកាំងដើមកំណើតគុយបា ដែលប្រឆាំងនឹងលោក ខាស្ត្រូ ចំនួនដ៏ច្រើននៅក្នុងរដ្ឋ Florida ជារដ្ឋមួយអាចចង្អុលឲ្យស្លាប់ឬឲ្យរស់នៃលទ្ធផលការបោះឆ្នោតបាននោះ នឹងប្រើរឿងនេះវាយប្រហារយ៉ាងខ្លាំងក្លានៅក្នុងយុទ្ធនាការរកសំឡេងឆ្នោតជាមិនខាន ។
ទោះបីនយោបាយរាប់ញាតិជាមួយគុយបាទទួលបានសំឡេងគាំទ្រកើនឡើងជាបន្តបន្ទាប់ក្តី ក៏ប៉ុន្តែលោក អូបាម៉ា ត្រូវជម្នះឧបសគ្គជាមួយសភាខនក្រេស រួមទាំងការសុំថវិកា ៦លានដុល្លាសហរដ្ឋអាមេរិក ជួសជុលស្ថានទូត និងតែងតាំងឯកអគ្គរដ្ឋទូតទៅប្រចាំការនៅប្រទេសគុយបា ។ រីឯពលរដ្ឋអាមេរិកាំងដែលពុំយល់ស្របរឿងគុយបា ជាពិសេសរឿងរំលោភសិទ្ធិមនុស្ស ខណៈដែលគុយបាបានឳកាសជិះពពែដេញពីក្រោយ ដាក់សម្ពាធទាមទារនេះ ទាមទារនោះ ដូចជាឲ្យសហរដ្ឋអាមេរិកបញ្ឈប់ការហ៊ុំព័ទ្ធសេដ្ឋកិច្ចទាំងអស់ ឲ្យប្រគល់មូលដ្ឋានទ័ពនៅឈូងសមុទ្រក្វាន់តាណាម៉ូ ឲ្យបញ្ឈប់ប្រព័ន្ធផ្សព្វផ្សាយវាយប្រហារប្រទេសគុយយបា ។ល។ និង ។ល។
សម្ពាធផ្ទៃក្នុង "សភាខនក្រេស " និងកាយវិការរបស់គុយបាផ្ទាល់ អាចធ្វើឲ្យផែនការស្តារទំនាក់ទំនងត្រូវរាំងស្ទះ បើសិនជាលោក អូបាម៉ា ត្រូវជំរុញនយោបាយនេះឱ្យទទួលបានជោគជ័យក៏ត្រូវរូតរះធ្វើឲ្យបានមុនពេលលោកចាកចេញពីតំណែងក្នុងអណត្តិទី២ ក្នុងឆ្នាំ ២០១៦ នេះ ។
មិនដូច្នេះទេ អ្វីៗក៏អាចប្រែប្រួលបាន ជាពិសេសប្រសិនបើគណបក្សសាធារណរដ្ឋឈ្នះការបោះឆ្នោតប្រធានាធិបតីនៅអណត្តិក្រោយនោះ ៕
ដោយ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!