Commentary:វិស័យទេសចរណ៍នៅប្រទេសទុយនេស៊ី
ក្នុងរយៈពេលត្រឹមជាង៣ខែ ចាប់តាំងពីក្រុមឧក្រិដ្ឋជនចូលបាញ់ប្រហារទៅលើរថយន្តដឹកភ្ញៀវទេសចរនៅសារមន្ទីរបារ៍ដូ ក្នុងទីក្រុង ទូនីស កាលពីខែមីនា ដែលបានធ្វើឲ្យមនុស្សស្លាប់ចំនួន ២២នាក់ ។ ក្នុងថ្ងៃទី ២៦ ខែមិថុនា កន្លងទៅនេះ បានក្លាយជាសុបិនអាក្រក់មួយទៀតសម្រាប់ប្រជាជនប្រទេសទុយនេស៊ីដែលលំបាកនឹងបំភ្លេចបាននោះ គឺការដែលខ្មាន់កាំភ្លើង AK ម្នាក់បាញ់រះទៅលើភ្ញៀវទេសចរដែលកំពុងសំរាកលំហែលើឆ្នេរខ្សាច់ក្នុងទីក្រុងស៊ូស ហើយសំរុកចូលទៅបាញ់បន្តក្នុងសណ្ឋាគារនាបរិវេណនោះ មានមនុស្សស្លាប់បាត់បង់ជីវិតយ៉ាងហោចណាស់ ៣៩នាក់ និងរងរបួសជាង ៤០នាក់ មុនឧក្រិដ្ឋជនត្រូវអាជ្ញាធរបាញ់សម្លាប់នៅនឹងកន្លែងកើតហេតុ ។
ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥
សំឡេងកាំភ្លើងដែលស្ងប់ស្ងាត់ព្រមជាមួយខ្យល់ដកដង្ហើមរបស់ឧក្រិដ្ឋជន អាចមិនមែនជាទីបញ្ចប់នៃហេតុការណ៍បង្កភេរវកម្មនៅប្រទេសទុយនេស៊ីនោះឡើយ ប៉ុន្តែវាជាចំណុចចាប់ផ្តើមនៃហាយនៈបទបន្តទៀតដែលនឹងកើតមានឡើង ព្រោះមានស្លាកស្នាមថា ប្រទេសទុយនេស៊ីនឹងត្រូវប្រឈមជាមួយផលវិបាកចៀសមិនរួច ដែលហុចផលប៉ះពាល់យ៉ាងខ្លាំងទៅលើវិស័យទេសចរណ៍ ដែលជាប្រភពចំណូលដ៏សំខាន់របស់ប្រទេសដ៏តូច មានទីតាំងស្ថិតនៅភាគខាងជើងបង្អស់នៃទ្វីបអាហ្វ្រិក ។
ក្នុងរយៈពេលត្រឹមជាង៣ខែ ចាប់តាំងពីក្រុមឧក្រិដ្ឋជនចូលបាញ់ប្រហារទៅលើរថយន្តដឹកភ្ញៀវទេសចរនៅសារមន្ទីរបារ៍ដូ ក្នុងទីក្រុង ទូនីស កាលពីខែមីនា ដែលបានធ្វើឲ្យមនុស្សស្លាប់ចំនួន ២២នាក់ ។ ក្នុងថ្ងៃទី ២៦ ខែមិថុនា កន្លងទៅនេះ បានក្លាយជាសុបិនអាក្រក់មួយទៀតសម្រាប់ប្រជាជនប្រទេសទុយនេស៊ីដែលលំបាកនឹងបំភ្លេចបាននោះ គឺការដែលខ្មាន់កាំភ្លើង AK ម្នាក់បាញ់រះទៅលើភ្ញៀវទេសចរដែលកំពុងសំរាកលំហែលើឆ្នេរខ្សាច់ក្នុងទីក្រុងស៊ូស ហើយសំរុកចូលទៅបាញ់បន្តក្នុងសណ្ឋាគារនាបរិវេណនោះ មានមនុស្សស្លាប់បាត់បង់ជីវិតយ៉ាងហោចណាស់ ៣៩នាក់ និងរងរបួសជាង ៤០នាក់ មុនឧក្រិដ្ឋជនត្រូវអាជ្ញាធរបាញ់សម្លាប់នៅនឹងកន្លែងកើតហេតុ ។
អ្នកស្លាប់បាត់បង់ជីវិតភាគច្រើនជាភ្ញៀវទេសចរជនជាតិអង់គ្លេស ត្រឹមមិនប៉ុន្មានថ្ងៃក្រោយកើតហេតុ អ្នកទេសចរជនជាតិអង់គ្លេសនៅប្រទេសទុយនេស៊ីបានធ្វើដំណើរចាកចេញពីប្រទេសនេះយ៉ាងហោចណាស់ 8,000 នាក់ ។
ខណៈដែលលោក ហ្សង់ - ព្យែរម៉ាស់ ប្រធានសហព័ន្ធទីភ្នាក់ងារទេសចរណ៍ប្រទេសបារាំង "SNAV" បានឲ្យដឹងថា ៧៥ ភាគរយនៃភ្ញៀវទេសចរបារាំងប្រមាណ 100,000 នាក់ ដែលមានគម្រោងធ្វើដំណើរទៅកាន់ប្រទេសទុយនេស៊ី ក្នុងខែកក្កដានេះ បានលុបចោលគម្រោងរបស់ខ្លួន ។
អ្នកនាំពាក្យក្រុម ABTA សមាគមប្រតិបត្តិការផ្នែកទេសចរណ៍របស់ចក្រភពអង់គ្លេស បានប្រៀបធៀបហេតុការណ៍នេះ ទៅនឹងហេតុការណ៍ដែលកើតឡើងក្បែរទីក្រុងឡុចស្សឺ នៅប្រទេសអេហ្ស៊ីបកាលពីឆ្នាំ ១៩៩៧ ដែលមានមនុស្សស្លាប់បាត់បង់ជីវិតចំនួន ៦២នាក់ ភាគច្រើនជាភ្ញៀវទេសចរ ធ្វើឲ្យវិស័យទេសចរណ៍ប្រទេសអេហ្ស៊ីបជាប់គាំងនិងចំណាយពេលវេលាយូរដល់ទៅ 4-5 ឆ្នាំ ទម្រាំស្តារត្រឡប់ឲ្យងើបឡើងមកវិញបាន ។
អ្វីមួយដែលប្រទេសទុយនេស៊ីខុសប្លែកពីប្រទេសជិតខាងដូចយ៉ាងលីប៊ី និងអាល់ហ្សឺរី គឺធនធានប្រេងដ៏តិចតួច មិនគ្រប់គ្រាន់ជាប្រភពចំណូលគោល តែបានទេសភាពលើទីតាំងឆ្នេរសមុទ្រមេឌីទែរ៉ាណេ ទើបប្រទេសទុយនីស៊ីមានឆ្នេរខ្សាច់ដ៏ស្រស់ស្អាតជាច្រើនកន្លែង ក្រៅពីនេះនៅមានប្រភពបុរាណស្ថាន និងខ្សែផ្លូវទេសចរក្នុងសមុទ្រខ្សាច់ ធ្វើឲ្យដែនដីនេះក្លាយជាចំណុចគោលដៅមួយដ៏សំខាន់របស់ភ្ញៀវទេសចរ ជាពិសេសទេសចរមកពីអឺរ៉ុបដែលនៅមិនឆ្ងាយពីគ្នានោះ ។
វិស័យពាណិជ្ជកម្មទេសចរណ៍របស់ទុយនេស៊ី បានជួយបង្កើតការងារឲ្យដល់ប្រជាជនប្រមាណជា 20,000 នាក់ ឬគិតជាភាគរយប្រមាណ 13.8 ភាគរយនៅទូទាំងប្រទេស ។ ចំណូលបានពីវិស័យទេសចរណ៍កាលពីឆ្នាំទៅ ចំនួន 7.4 ភាគរយនៃផលិតផលក្នុងស្រុកសរុប ឬ GDP ដែលប្រសិនបើ គណនារួមទៅដល់ប្រាក់ចំណូលក្នុងវិស័យផ្សេងៗទៀតដែលពាក់ព័ន្ធគ្នា នឹងមានចំនួនរហូតដល់ទៅ 15.2 ភាគរយនៃ GDP ។ ទើបឧស្សាហកម្មទេសចរណ៍ប្រៀបបាននឹងជង្រុកស្បៀងអាហារដ៏សំខាន់ ដែលជួយចិញ្ចឹមសេដ្ឋកិច្ចរបស់ប្រទេស ។
ចាប់តាំងពីភាពចលាចលនយោបាយ អារ៉ាប់ស្ព្រីង កាលពីឆ្នាំ ២០១១ វិស័យទេសចរណ៍នៅប្រទេសទុយនេស៊ីទើបនឹងស្ទុះឡើងនិងមានទំនោរល្អប្រសើរមករហូត ។ សេចក្តីរាយការណ៍របស់អង្គការ ទេសចរណ៍ពិភពលោកនៃអង្គការសហប្រជាជាតិ (UNWTO) បានឲ្យដឹងថា តួលេខចំនួនភ្ញៀវទេសចរបរទេសក្នុងឆ្នាំ ២០១២ កើនឡើង 24.4 ភាគរយ ដល់ចំនួន 5.9 លាននាក់ និង 6.2 លាននាក់នៅឆ្នាំបន្ទាប់មក ដែលតួលេខចុងក្រោយនៃឆ្នាំមុន នៅមានកំណើនជាបន្តកើនឡើង 4 ភាគរយទៀត ។
របាយការណ៏ចុងក្រោយបានឲ្យដឹងថា ផលប៉ះពាល់បណ្តាលមកពីហេតុបង្កភេរវកម្មដែលកើតឡើង អាចធ្វើឲ្យប្រទេសទុយនេស៊ីបាត់បង់ប្រាក់ចំណូលយ៉ាងហោចណាស់ 515 លានដុល្លាសហរដ្ឋអាមេរិក គិតទៅ ១ ភាគ ៤ នៃចំណូលបានពីវិស័យទេសចរណ៍កាលពីឆ្នាំទៅ ដែលមានតម្លៃ 1,950 លានដុល្លាសហរដ្ឋអាមេរិក ។
ទោះបីចុងក្រោយនេះ មានការបញ្ជូនប៉ូលីសទេសចរណ៍ជាងមួយពាន់នាក់ចេញល្បាតតាមចំណុចហានិភ័យទាំងឡាយ តែមើលទំនងដូចជា ការព្យាយាមនោះយឺតយ៉ាវ និងនៅមិនទាន់គ្រប់គ្រាន់ក្នុងការទប់ទល់ការវាយប្រហារដែលផ្តោតគោលដៅទៅលើភ្ញៀវទេសចរ ដែលបើរដ្ឋាភិបាលនៅតែមិនអាចបង្កើតទំនុកចិត្តបានទេនោះ គង់មិនមែនជារឿងងាយស្រួលទេក្នុងការឈានឲ្យផុតពីវិបត្តិនេះ ព្រោះអ្វីដែលភ្ញៀវទេសចររំពឹងដល់ជាជំហានដំបូងនិងសំខាន់ជាងតួលេខនៃការចំណាយនោះ គឺសុវត្ថិភាពជីវិតនិងទ្រព្យសម្បត្ដិ ៕
ដោយ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!