Commentary:ភ្ញាក់ផ្អើល ! រ៉យទ័រ (Reuters) លាតត្រដាងសហរដ្ឋអាមេរិក សំរួលលំដាប់ថ្នាក់ "ប្រទេសម៉ាឡេស៊ី" ឲ្យឡើង " Tier 2" ក្នុងសេចក្តីរាយការណ៍ជួញដូរមនុស្សឆ្នាំ 2015 ត្រួសត្រាយផ្លូវទាញប្រទេសអាវលឿងឲ្យចូលរួម "TPP"
ការសំរួលស្ថានភាពប្រទេសម៉ាឡេស៊ីឲ្យឡើងថ្នាក់ទៅនៅ « Tier 2 » បានន័យដល់ប្រការដ៏សំខាន់ទាំងឡាយដែលអាចរារាំងផែនការបង្កើតតំបន់ពាណិជ្ជកម្មសេរី TPP ដែលលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ចង់បានទុកជាស្នាដៃដ៏អស្ចារ្យ មុនលោកផុតអាណត្តិដឹកនាំប្រទេសនៅក្នុងឆ្នាំ ២០១៧ ខាងមុខនេះ ។
ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៥
របាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំ ២០១៤ (TPP) ដែលចេញដោយក្រសួងការបរទេសសហរដ្ឋអាមេរិក
បញ្ជាក់ឲ្យប្រទេសម៉ាឡេស៊ី ថៃ និងវ៉េណេហ្សូអេឡា ធ្លាក់ចុះទៅនៅក្នុងចំណាត់ថ្នាក់ « Tier 3 » ដែលជាចំណាត់ថ្នាក់អាក្រក់បំផុត
Reuters បានរាយការណ៍ថា សហរដ្ឋអាមេរិកសំរេចចិត្តសំរួលស្ថានភាពម៉ាឡេស៊ីចេញពីក្រុមប្រទេសដែលមានអំពើជួញដូរមនុស្សកំរិតធ្ងន់ធ្ងរ ឬ « Tier 3 »ឲ្យឡើងថ្នាក់ទៅនៅ « Tier 2 » ក្នុងឆ្នាំនេះ ដើម្បីកំចាត់ឧបសគ្គក្នុងការទាញយកគូឡាឡាំពួចូលជាសមាជិក កិច្ចព្រមព្រៀងភាពជាដៃគូ យុទ្ធសាស្រ្តសេដ្ឋកិច្ចនៅតំបន់ប៉ាស៊ីហ្វិក (ឬ TPP) ក្នុងគ្រាដែលមានសំឡេងរិះគន់ពីសកម្មជនសិទ្ធិមនុស្សដែលលាតត្រដាងថា រដ្ឋាភិបាលអាវលឿង ស្ទើរតែគ្មានបានដោះស្រាយកែលម្អបញ្ហាផ្នែកសិទ្ធិមនុស្សអ្វីទាល់តែសោះ ។
ការសំរួលស្ថានភាពប្រទេសម៉ាឡេស៊ីឲ្យឡើងថ្នាក់ទៅនៅ « Tier 2 » បានន័យដល់ប្រការដ៏សំខាន់ទាំងឡាយដែលអាចរារាំងផែនការបង្កើតតំបន់ពាណិជ្ជកម្មសេរី TPP ដែលលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ចង់បានទុកជាស្នាដៃដ៏អស្ចារ្យ មុនលោកផុតអាណត្តិដឹកនាំប្រទេសនៅក្នុងឆ្នាំ ២០១៧ ខាងមុខនេះ ។
ច្បាប់ស្តីពីការធ្វើពាណិជ្ជកម្មដែលសភាខនក្រេសបានអនុម័តកាលពីខែមុន មានបទប្បញ្ញត្តិដែលហាមឃាត់ប្រធានាធិបតី ប្រើប្រាស់អំណាច " Fast track " ចរចាធ្វើកិច្ចព្រមព្រៀងផ្នែកពាណិជ្ជកម្មបែបបន្ទាន់ជាមួយប្រទេសម៉ាឡេស៊ី និងបណ្តាប្រទេសឯទៀត ដែលក្រសួងការបរទេសសហរដ្ឋអាមេរិក ដាក់ឲ្យចូលទៅនៅក្នុងក្រុមប្រទេសដែលចាត់ចែងដោះស្រាយបញ្ហាការជួញដូរមនុស្សអាក្រក់បំផុត ។
រដ្ឋាភិបាលម៉ាឡេស៊ីត្រូវបានអន្ដរជាតិថ្កោលទោសនិងផ្តោតការឃ្លាំមើលរឿងការទប់ស្កាត់បណ្តាញជួញដូរមនុស្ស បន្ទាប់ពីប៉ុន្មានខែមុន មានការរកឃើញរណ្ដៅសពរាប់រយនាក់ក្បែរជំរុំឃុំឃាំងរបស់ពួកជួញដូរមនុស្សនៅរដ្ឋ ប៉ាលីស ក្នុងព្រៃភាគខាងត្បូងប្រទេសជាប់ព្រំដែនប្រទេសថៃ ។
នៅក្នុងរបាយការណ៍ជួញដូរមនុស្សប្រចាំឆ្នាំ ២០១៤ (Trafficking in Persons - ឬ TIP) ក្រសួងការបរទេសសហរដ្ឋអាមេរិក បានទម្លាក់ចំណាត់ថ្នាក់ប្រទេសម៉ាឡេស៊ី ថៃ និងប្រទេស Venezuela ទៅនៅលំដាប់ថ្នាក់ទី 3 ឬ « Tier 3 » ស្មើនឹងប្រទេសកូរ៉េខាងជើង ស៊ីរី និងហ្សិមបាវ៉េ ដោយសំអាងថា រដ្ឋាភិបាលប្រទេសម៉ាឡេស៊ី "ស្ទើរតែមិនបានព្យាយាមធ្វើឱ្យប្រសើរឡើងនូវវិធានការការពារជនរងគ្រោះ" ក៏ដូចជាបញ្ហាផ្សេងទៀត ។ ខណៈដែលប្រទេសថៃក៏ត្រូវបានចោទប្រកាន់ថា ជាប្រទេសគោលដៅទទួលជនរងគ្រោះដោយការជួញដូរមនុស្សមកពីជុំវិញពិភពលោកចំនួនរាប់ម៉ឺននាក់ ភាគច្រើនជាពលករមកពីប្រទេសជិតខាង ដែលត្រូវបានគេបង្ខំគាបសង្កត់ គំរាមកំហែង ឬមួយក៏ត្រូវគេបោកបញ្ឆោតឱ្យធ្វើការងារដូចទាសករ ខណៈដែលអ្នកខ្លះទៀតត្រូវបានគេកេងប្រវ័ញ្ចដើម្បីផលប្រយោជន៍ក្នុងពាណិជ្ជកម្មផ្លូវភេទ ។
យ៉ាងណាក៏ដោយ ប្រភពមួយនៅក្នុងសភាខនក្រេសបានផ្តល់ព័ត៌មានឲ្យ Reuters ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានសំរេចចិត្តធ្វើឱ្យប្រសើរឡើងនូវស្ថានភាពនៃប្រទេសម៉ាឡេស៊ី ឲ្យទៅនៅលំដាប់ថ្នាក់ « Tier 2 » វិញហើយ ហើយនៅពេលដែលទីភ្នាក់ងារព័ត៌មាន Reuters បានសាកសួរព័ត៌មានពីប្រភពទី២ ក៏បានអះអាងដូចគ្នា ។
សមាជិកសភាខនក្រេសនិងសកម្មជនសិទ្ធិមនុស្សមួយចំនួនបានចង្អុលបង្ហាញថា ប្រទេសម៉ាឡេស៊ីសមគួរស្ថិតនៅក្នុងក្រុមប្រទេស « Tier 3 » បន្តទៀតក្នុងឆ្នាំនេះ ដោយសារការដំណើរក្តីនៅតុលាការជាមួយបុគ្គលដែលជាប់ពាក់ព័ន្ធក្នុងការជួញដូរមនុស្ស នៅតែមានការយឺតយ៉ាវ ហើយមុខជំនួញងងឹតប្រភេទនេះ នៅតែរុងរឿងជាងការផលិតទំនិញជាច្រើនប្រភេទទៀត ជាអាទិ៍ ឧបករណ៍អេឡិចត្រូនិក និងដូងប្រេង ជាដើម ។
លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា មេដឹកនាំសហរដ្ឋអាមេរិក អញ្ជើញលោកនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់
មេដឹកនាំម៉ាឡេស៊ី ទៅវាយ Golf នៅហាវ៉ៃ កាលពីខែធ្នូ ឆ្នាំ ២០១៤
អំឡុងពេលមួយឆ្នាំរហូតដល់ខែមីនាកន្លងមកនេះ សកម្មជនសិទ្ធិមនុស្សបានរកឃើញថា ស្ថិតិការវិនិច្ឆ័យទោសទៅលើបណ្តាញជួញដូរមនុស្សក្នុងប្រទេសម៉ាឡេស៊ី កាន់តែធ្លាក់ចុះបន្ថែមទៀត ទោះបីមានការស៊ើបអង្កេតកើនឡើងក្តី ចំណុចនេះឯងដែលធ្វើឲ្យគួរជឿថា ប្រទេសម៉ាឡេស៊ី នៅមិនសមគួរនឹងរួចផុតពីប្រទេសស្ថិតក្នុងក្រុម « Tier 3 » នោះឡើយ ។
"ប្រសិនបើរឿងនេះជាការពិត រដ្ឋបាលសហរដ្ឋអាមេរិកប្រើអំណាចជ្រៀតជ្រែកការចាត់ចំណាត់ថ្នាក់ប្រទេសម៉ាឡេស៊ីក្នុងរបាយការណ៍ជួញដូរមនុស្សឆ្នាំ ២០១៥ នឹងចាត់ទុកជាទង្វើពុំត្រឹមត្រូវ បំផ្លាញទំនុកចិត្តនៃរបាយការណ៍មួយនេះ ក៏ដូចជាបានកាត់បន្ថយនូវការប្រយុទ្ធប្រឆាំងជាមួយរដ្ឋដែលមានបញ្ហាជួញដូរមនុស្សផងដែរ " លោក រ៉ូប៊ើដ ម៉េនេនដែស សមាជិកព្រឹទ្ធសភាគណបក្ស ប្រជាធិបតេយ្យ ជាមនុស្សម្នាក់ដែលជំទាស់មិនឲ្យប្រទេសស្ថិតក្នុង« Tier 3 » ចូលរួម TPP បានថ្លែងដូច្នេះ
ហ្វីល រ៉ូប៊ើដសាន់ នាយករង Human right watch ប្រចាំតំបន់អាស៊ីបានទទួលស្គាល់ថា លោកមានអារម្មណ៍ "ភ្ញាក់ផ្អើល" ចំពោះព័ត៌មាន ធ្វើឱ្យប្រសើរឡើងនូវស្ថានភាពប្រទេសម៉ាឡេស៊ីនេះ ។
"រដ្ឋាភិបាលម៉ាឡេស៊ីស្ទើរតែមិនបានធ្វើអ្វីសោះ ក្នុងការការពារពលករចំណាកស្រុក ពីការរំលោភបំពាន ... សហរដ្ឋអាមេរិកធ្វើបែបនេះ បីដូចជាផ្តល់រង្វាន់នយោបាយ (ដល់ប្រទេសម៉ាឡេស៊ី) ច្រើនពេកហើយ ខ្ញុំសុំអំពាវនាវឲ្យសភាខនក្រេសពិចារណាស៊ើបអង្កេតរកបុគ្គលដែលសំរេចចិត្តក្នុងរឿងនេះ " រ៉ូប៊ើដសាន់ ថ្លែងបន្ថែម ។
រំពឹងថា ក្រសួងការបរទេសសហរដ្ឋអាមេរិក នឹងចេញផ្សាយរបាយការណ៍ជួញដូរមនុស្សប្រចាំឆ្នាំ ២០១៥ រួមដល់លទ្ធផលវាយតម្លៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនីមួយៗ ក្នុងការចាត់ចែងចំពោះបញ្ហាជួញដូរមនុស្សនៅក្នុងសប្តាហ៍ក្រោយនេះ ។
លោក អូបាម៉ា បានទៅធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសម៉ាឡេស៊ី កាលពីខែមេសា ឆ្នាំ ២០១៤ ដើម្បីពង្រឹងចំណងមេត្រីភាព ទាំងខាងផ្នែកសេដ្ឋកិច្ចនិងសន្តិសុខ ហើយសង្ឃឹមថា នឹងកសាងការឯកភាពគ្នាក្នុងចំណោមប្រទេសអាស៊ានទាំង ១០ ដើម្បីទប់ទល់នឹងការពង្រីកឥទ្ធិពលរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង ។
រដ្ឋាភិបាលប្រទេសម៉ាលេស៊ីផ្ទាល់ក៏សង្ឃឹមថានឹងជាផ្នែកមួយនៃកិច្ចព្រមព្រៀង TPP ដែលគ្របដណ្តប់តម្លៃសេដ្ឋកិច្ចដល់ទៅ 40 ភាគរយនៃពិភពលោក និងជាគន្លឹះសំខាន់ខាងយុទ្ធសាស្រ្ត "សំរួលតុល្យភាពឆ្ពោះទៅរកអាស៊ី" ដែលលោក អូបាម៉ា ត្រូវការជំរុញឱ្យមានឡើងនោះ ។
បច្ចុប្បន្ន មានប្រទេសចំនួន ១២ នៅក្នុងអាស៊ី - ប៉ាស៊ីហ្វិក ប្រកាសចូលរួម ឬស្ថិតក្នុងអំឡុងពេលកំពុងចរចាចូលរួម TPP មានជាអាទិ៍ ប្រទេសអូស្រ្តាលី សិង្ហបុរី ជប៉ុន ម៉ាឡេស៊ី និងប្រទេសវៀតណាម ៕
ដោយ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!