Commentary:ចំណុចសំខាន់ក្នុង “ផែនការកែទម្រង់” ដែលក្រិកស្នើទៅម្ចាស់បំណុលបរទេស
សំណើកំណែទម្រង់ដែលបានផ្ញើទៅឱ្យអង្គការម្ចាស់បំណុល "Troika" ដែលរួមមាន គណៈកម្មាធិការអឺរ៉ុប ធនាគារកណ្តាលអឺរ៉ុប (ECB) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានត្រូវនាំយកទៅពិចារណានៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីអឺរ៉ូហ្សូនកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ មុននឹងមានជំនួបប្រជុំកំពូលមេដឹកនាំអឺរ៉ុបទាំង២៨ប្រទេស ដើម្បីសម្រេចដាច់ខាតពីអនាគតប្រទេសក្រិកកាលពីថ្ងៃអាទិត្យ ។
ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥
លោកនាយករដ្ឋមន្ត្រី អាឡេកស៊ីស ស៊ីប្រាស់ នៃប្រទេសក្រិក
រដ្ឋាភិបាលប្រទេសក្រិកបានដាក់ផែនការកំណែទម្រង់សារពើពន្ធចុងក្រោយរបស់ខ្លួនទៅឱ្យម្ចាស់បំណុលអឺរ៉ូហ្សូនហើយកាលពីថ្ងៃអង្គារ សប្តាហ៍កន្លងទៅ ដោយយល់ព្រមកែខៃប្រព័ន្ធសោធននិវត្តន៍និងការបង្កើនពន្ធ ដើម្បីដោះសោកញ្ចប់ប្រាក់កម្ចីវគ្គថ្មីដែលនឹងជួយសង្គ្រោះប្រទេសក្រិកឲ្យរួចផុតពីការក្ស័យធន និងជួយបន្តដង្ហើមសេដ្ឋកិច្ចប្រទេសនេះទៅមុខយ៉ាងហោចណាស់៣ឆ្នាំទៀត ។
សំណើកំណែទម្រង់ដែលបានផ្ញើទៅឱ្យអង្គការម្ចាស់បំណុល "Troika" ដែលរួមមាន គណៈកម្មាធិការអឺរ៉ុប ធនាគារកណ្តាលអឺរ៉ុប (ECB) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានត្រូវនាំយកទៅពិចារណានៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីអឺរ៉ូហ្សូនកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ មុននឹងមានជំនួបប្រជុំកំពូលមេដឹកនាំអឺរ៉ុបទាំង២៨ប្រទេស ដើម្បីសម្រេចដាច់ខាតពីអនាគតប្រទេសក្រិកកាលពីថ្ងៃអាទិត្យ ។
ផែនការកំណែទម្រង់ចំនួន ១៣ ទំព័រដែលលោកនាយករដ្ឋមន្រ្តី អាឡេកស៊ីស ស៊ីប្រាស់ ស្នើឡើងនាពេលនេះ ស្ទើរតែគ្មានអ្វីខុសប្លែកពីលក្ខខណ្ឌដែលម្ចាស់បំណុលបានធ្វើឡើងកាលពីថ្ងៃទី ២៦ ខែមិថុនា នោះទេ ប៉ុន្តែពេលនោះទីក្រុង អាថែន មិនព្រមទទួល និងសុំរៀបចំធ្វើប្រជាមតិដើម្បីចង់ដឹងសំឡេងពីពលរដ្ឋថា "Yes" ឬ "No" ចំពោះវិធានការរឹតខ្សែក្រវ៉ាត់ដ៏តឹងរឹង ។
ផែនការធ្វើកំណែទម្រង់របស់រដ្ឋាភិបាលប្រទេសក្រិកដែលស្នើឡើងនោះមានដូចតទៅនេះ៖
ការធ្វើកំណែទម្រង់ពន្ធលើតម្លៃបន្ថែម
ប្រទេសក្រិកបានស្នើធ្វើកំណែទម្រង់ពន្ធលើតម្លៃបន្ថែម (ឬ VAT) ដែលជាគន្លឹះសំខាន់ធ្លាប់បង្កឲ្យកើតមានការជជែកវែកញែកគ្នាជាមួយម្ចាស់បំណុលពីមុនមកនោះ ដោយសង្ឃឹមទាញយកប្រាក់ចំណូលចូលរដ្ឋបន្ថែមប្រមាណ 1% នៃផលិតផលក្នុងស្រុកសរុប (ឬ GDP) ។
អត្រាពន្ធលើតម្លៃបន្ថែមស្ថិតនៅត្រង់ 23% រួមមានពពួកភោជនីយដ្ឋាននិងក្រុមហ៊ុនរៀបចំពិធីជប់លៀងដែលបច្ចុប្បន្នបង់ពន្ធត្រឹមតែ 13% ប៉ុណ្ណោះ ចំណែកទំនិញឧបភោគបរិភោគមូលដ្ឋាន ដូចជា ម្ហូបអាហារ ថាមពល និងទឹក នឹងត្រូវជាប់ពន្ធ 13% ខណៈដែលឱសថព្យាបាលរោគ សៀវភៅ និងរោងភាពយន្តនឹងត្រូវជាប់ពន្ធ 6% ។
ការលុបបំបាត់នយោបាយលើកលែងពន្ធ
រដ្ឋាភិបាលក្រិកនឹងកាត់បន្ថយសិទ្ធិប្រយោជន៍ផ្នែកហិរញ្ញវត្ថុដែលធ្លាប់ឲ្យដល់កោះទាំងឡាយ រួមដល់លុបបំបាត់វិធានការបន្ថយពន្ធលើតម្លៃបន្ថែម 30% ដែលប្រើប្រាស់មកជាច្រើនឆ្នាំ ផ្តើមចេញពីកោះមានសេដ្ឋកិច្ចលូតលាស់និងមានភ្ញៀវទេសចរមកទស្សនាច្រើនបំផុតនៅក្នុងខែតុលាខាងមុខនេះ មុននឹងពង្រីករហូតដល់គ្រប់កោះទាំងអស់ នៅចុងឆ្នាំ 2016 ។
ការតម្លើងពន្ធប្រភេទដទៃទៀត
ពន្ធនីតិបុគ្គល 26% នឹងត្រូវតម្លើងបន្ថែមទៅជា 28% តាមដែលអង្គការម្ចាស់បំណុលទាមទារ ខណៈដែលទំនិញប្រណីតទាំងឡាយក៏ត្រូវជាប់ពន្ធក្នុងអត្រាកាន់តែខ្ពស់ ក្រៅពីនេះរដ្ឋាភិបាលនឹងផ្តើមប្រមូលពន្ធពីការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើកញ្ចក់ទូរទស្សន៍ផងដែរ ។
ការកែទម្រង់ប្រព័ន្ធសោធននិវត្តន៍
អាយុចូលនិវត្តន៍របស់ប្រជាពលរដ្ឋត្រូវបានកំណត់ជាក់លាក់នៅត្រង់ 67 ឆ្នាំ លើកលែងតែប្រជាពលរដ្ឋដែលបានធ្វើការអស់រយៈពេល 40 ឆ្នាំ គិតត្រឹមឆ្នាំ 2022 ដែលអាចចូលនិវត្តន៍កាលបើមានអាយុបាន 62 ឆ្នាំ ។
រដ្ឋាភិបាលទីក្រុងអាថែននឹងបង្កើតឱ្យមានយន្តការបញ្ចុះបញ្ចូលមិនឲ្យប្រជាជនចូលនិវត្តន៍មុនកាលកំណត់ ដូចជាបង្កើនទណ្ឌកម្មផ្នែកពន្ធជាដើម ។
ការកាត់បន្ថយថវិកាផ្នែកយោធា
ប្រទេសក្រិកត្រូវកាត់បន្ថយថវិកាកងទ័ពឲ្យសល់ត្រឹមចំនួន 100 លានអឺរ៉ូនៅក្នុងឆ្នាំនេះ ហើយនឹងបង្កើនឡើងដល់ 200 លានអឺរ៉ូនៅឆ្នាំ 2016 ដោយការកាត់បន្ថយចំនួនទាហាននិងពន្យាការជ្រើសរើសទាហានថ្មី យ៉ាងណាក្តី សំណើនេះនៅទាបជាងគោលដៅដែលម្ចាស់បំណុលទាមទារឱ្យប្រទេសក្រិកកាត់បន្ថយថវិកាការពារជាតិឲ្យនៅសល់ត្រឹម 400 លានអឺរ៉ូ ។
ការប្រយុទ្ធប្រឆាំងនឹងការគេចពន្ធ
ប្រទេសក្រិកមានវិធានការប្រយុទ្ធប្រឆាំងនឹងអ្នកដែលគេចវេសការបង់ពន្ធ ដែលនេះជាបញ្ហារ៉ាំរ៉ៃបណ្តាលឲ្យអន្តរាយដល់សេដ្ឋកិច្ចរបស់ប្រទេស និងកែលម្អប្រព័ន្ធប្រមូលពន្ធឲ្យមាន ប្រសិទ្ធភាពគត់មត់កាន់តែខ្លាំង ។
ផែនការកំណែទម្រង់ផ្នែករដ្ឋបាល
រដ្ឋាភិបាលនឹងជួលក្រុមទីប្រឹក្សាដើម្បីវាយតម្លៃការធ្វើការងាររបស់មន្ត្រីរដ្ឋាភិបាល និងត្រៀមវិធានការកែលម្អវិស័យឯកជនឲ្យមានភាពទាន់សម័យ ។
ការធ្វើឯកជនភាវូបនីយកម្ម
រដ្ឋាភិបាលប្រទេសក្រិកមានគម្រោងនឹងលក់ភាគហ៊ុនរបស់រដ្ឋាភិបាលទៅឲ្យក្រុមហ៊ុនទូរគមនាគមន៍ OTE រួមដល់ធ្វើឯកជនភាវូបនីយកម្មកំពង់ផែនៅទីក្រុង Piraeus និង Thessaloniki ឲ្យចប់សព្វគ្រប់ក្នុងខែតុលាឆ្នាំនេះ ។
គោលដៅថវិកាជាតិ
កន្លងមក ប្រទេសក្រិកយល់ព្រមទទួលយកលក្ខខណ្ឌម្ចាស់បំណុលដែលទាមទារឲ្យកាត់ បន្ថយអតិរេកបថមនៃថវិកាជាតិ (Primary surplus) ឲ្យសល់ត្រឹម 1% នៃ GDP នៅក្នុងឆ្នាំនេះ មុននឹងបង្កើន 2% និង 3% ក្នុងឆ្នាំ 2016-2017 តាមលំដាប់ យ៉ាងណាក៏ដោយ ក្នុងផែនការធ្វើកំណែទម្រង់ ដែលស្នើឡើងកាលពីថ្ងៃអង្គារ សប្តាហ៍មុន ក្រិកបានអះអាងថា ចាំបាច់ត្រូវពិនិត្យសារជាថ្មីឡើងវិញនូវគោលដៅដូចបានពោល ដោយសារសភាពសេដ្ឋកិច្ចដែលរីងស្ងួតធ្ងន់ធ្ងរ រួមដល់ផលប៉ះពាល់ពីវិធានការគ្រប់គ្រងមូលធននិងការបិទប្រព័ន្ធធនាគារនៅទូទាំងប្រទេស ។
បំណុលសាធារណៈ
ប្រភពព័ត៌មានក្នុងរដ្ឋាភិបាលទីក្រុងអាតែនបានអះអាងថា ប្រទេសក្រិចបានសន្យានឹងម្ចាស់បំណុលថា នឹងកាត់បន្ថយបំណុលសាធារណៈពីកំរិត 180% នៃ GDPនាពេលបច្ចុប្បន្ន ប៉ុន្តែមិនបានបង្ហាញពីព័ត៌មានលម្អិតបន្ថែមទៀតឡើយ ។
កញ្ចប់ថវិកាជំនួយពីអ៊ឺរ៉ុប
គណៈកម្មាធិការអឺរ៉ុបបានស្នើកញ្ចប់ថវិកាកម្ចីមានតម្លៃ 35,000 លានអឺរ៉ូ ប្រសិនបើមើលឃើញថា ផែនការធ្វើកំណែទម្រង់ដែលទីក្រុងអាថែនស្នើឡើង គ្រប់គ្រាន់គួរឲ្យទុកចិត្តនោះ ៕
ដោយ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!