Commentary:វិនាសកម្មផ្នែកនយោបាយ
កាសែត The Wall Street Journal នៅសហរដ្ឋអាមេរិកបានចេញផ្សាយបកអាក្រាតថា រកឃើញប្រាក់ចំនួន 681 លានដុល្លាសហរដ្ឋអាមេរិក ផ្ទេរចូលទៅក្នុងគណនីលោកនាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់ ។
ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥
លោក ណាជីប រ៉ាហ្សាក់ នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី
លោក ណាជីប រ៉ាហ្សាក់ នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី កំពុងស្ថិតនៅក្រោមសម្ពាធយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីកាសែត The Wall Street Journal នៅសហរដ្ឋអាមេរិកបានចេញផ្សាយបកអាក្រាតថា រកឃើញប្រាក់ចំនួន 681 លានដុល្លាសហរដ្ឋអាមេរិក ផ្ទេរចូលទៅក្នុងគណនីលោកនាយករដ្ឋមន្ត្រី ប្រាក់ដូចបានពោល មកពី One Malaysia Development Berhad (ឬ 1 MDB) ឬមូលនិធិដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចម៉ាឡេស៊ីក្នុងរយៈពេលវែង ។
ការងារនេះលោកនាយករដ្ឋមន្ត្រី ណាជីប បានបដិសេធការចោទប្រកាន់ព្រមទាំងបានថ្លែងថា ជាការបង្កវិនាសកម្មផ្នែកនយោបាយ និងត្រៀមប្តឹងកាសែត Wall Street Journal និងអ្នកដែលពាក់ព័ន្ធ ។ សេចក្តីរាយការណ៍របស់កាសែត Wall Street Journal ក៏បានបញ្ជាក់ថែមទៀតថា 1MDB មានលោកនាយករដ្ឋមន្រ្តី ណាជីប ជាប្រធានទីប្រឹក្សា តែមូលនិធិនេះមានបំណុលកើនឡើងដល់ទៅ 11,600 លានដុល្លាសហរដ្ឋអាមេរិក ។
ប៉ូលីសម៉ាឡេស៊ីបានឆ្មក់ចូលឆែកឆេរការិយាល័យមូលនិធិដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច បន្ទាប់ពីមានសេចក្តីរាយការណ៍ពីមន្ត្រីដែលតាមដានក្រុមហ៊ុននេះថា មានការផ្ទេរប្រាក់ជិត 700 លានដុល្លាសហរដ្ឋអាមេរិកចូលទៅក្នុងគណនីរបស់លោកមន្ត្រីនាយករដ្ឋមន្ត្រី ណាជីប ដែលមន្ត្រីរបស់ 1MDB អះអាងថា មន្ត្រីផ្លូវការបានចូលឆែកឆេរ ហើយយើងក៏បានផ្តល់កិច្ចសហការយ៉ាងល្អ ។
ក្រុមស៊ើបអង្កេតដែលមានមន្ត្រីជាន់ខ្ពស់នៃប្រទេសម៉ាឡេស៊ី រួមមានអគ្គនាយកក្រុមអយ្យការ អភិបាលធនាគារកណ្តាល អគ្គស្នងការនគរបាលជាតិ និងប្រធានគណៈកម្មការប្រឆាំងអំពើពុករលួយ បានតាមដានរហូតរកឃើញថា មានការផ្ទេរប្រាក់ដ៏ធំចំនួន២លើក លើកទី១ចំនួន 620 លានដុល្លាសហរដ្ឋអាមេរិក និងទី២ចំនួន 61 លានដុល្លាសហរដ្ឋអាមេរិក ក្នុងខែមិនា ឆ្នាំ ២០១៣ នាអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត និងមានការផ្ទេរប្រាក់របស់ក្រុមហ៊ុនដែលចុះបញ្ជីនៅប្រជុំកោះ British Virgin តាមរយៈសាខាធនាគារស្វ៊ីសនៅក្នុងប្រទេសសិង្ហបុរីឈ្មោះ ហ្វាល់ខុន ផ្រាយវ៉េត បែងគ៍ ចូលទៅក្នុងគណនីរបស់លោកនាយករដ្ឋមន្រ្តី ណាជីប រ៉ាហ្សាក់ ។
បន្ទាប់មកធនាគារជាតិនៃប្រទេសសិង្ហបុរីបានឱ្យដឹងថា ខាងធនាគារជាតិបានទាក់ទងទៅស្ថាប័នហិរញ្ញវត្ថុនានាដែលពាក់ព័ន្ធនឹងការស៊ើបអង្កេតរបស់ប្រទេសម៉ាឡេស៊ី និងត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចសហការជាមួយនឹងប្រទេសម៉ាឡេស៊ី ក្នុងការផ្លាស់ប្តូរព័ត៌មានដែលអាចធ្វើទៅបានខាងផ្លូវច្បាប់ករណីរបស់ One Malaysia Development Berhad បានក្លាយជាគ្រាប់បែកបង្កវិនាសកម្មនយោបាយយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសម៉ាឡេស៊ី និងហុចផលប៉ះពាល់ដល់ទីផ្សាររូបិយប័ណ្ណ ធ្វើឲ្យ តម្លៃប្រាក់រីងហ្គីតម៉ាឡេស៊ី ប្រៀបធៀបនឹងប្រាក់ដុល្លាសហរដ្ឋអាមេរិក ដាំក្បាលចុះដល់កម្រិតទាបបំផុតក្នុងជុំ 16 ឆ្នាំ ។
ចំណែកលោក មហាធៀរ មហាម៉ាត់ អតីតនាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ី បានបង្ហោះសារក្នុង ប្លុក របស់លោកថា លោកនាយករដ្ឋមន្រ្តី ណាជីប រ៉ាហ្សាក់ នាំយកមកនូវក្តីអាម៉ាស់ដល់ប្រទេសជាតិ ដោយសាររឿងអាស្រូវពាក់ព័ន្ធនឹង One Malaysia Development Berhad ហើយថាពេលនេះ ពិភពលោកស្គាល់លោក ណាជីប រ៉ាហ្សាក់ និង One Malaysia Development Berhad ព្រោះកាសែតធំបំផុតរបស់សហរដ្ឋអាមេរិកនៅទីក្រុងវ៉ាស៊ីនតោន និងទីក្រុងញូវយ៉ក សូម្បីតែប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុងឡុងដ្រ៍ប្រទេសអង់គ្លេស ក៏នាំគ្នាផ្តោតការចាប់អារម្មណ៍លើរឿងអាស្រូវរបស់ 1MDB លោក ណាជីប និងការប្រើជីវិតបែបប្រណីតរបស់មេដឹកនាំប្រទេសម៉ាឡេស៊ីម្នាក់នេះផងដែរ ។
លោក មហាធៀរ បានថ្លែងបន្ថែមទៀតថា លទ្ធផលការសិក្សារកឃើញថា ប្រទេសម៉ាឡេស៊ីជាប់ក្នុងចំណាត់ថ្នាក់១០ប្រទេស ក្នុងចំណោមប្រទេសដែលមានអំពើពុករលួយច្រើនបំផុតនៅលើពិភពលោក ។ របាយការណ៍អវិជ្ជមានទៅលើប្រទេសម៉ាឡេស៊ីនេះ ត្រូវបានផ្សព្វផ្សាយ មុនលោកមហាធៀរ៍ រិះគន់លោកនាយករដ្ឋមន្ត្រី ណាជីប ទៅទៀត ។ លោក មហាធៀរ បានថ្លែងទៀតថា ក្នុងប្រទេសដទៃ បើមេដឹកនាំមានរឿងអាស្រូវហ៊ុំព័ទ្ធត្រូវតែលាលែងពីតំណែងនិងសុំទោសចំពោះសាធារណៈជន ប៉ុន្តែនៅប្រទេសម៉ាឡេស៊ីវិញ បែរជាមានអ្នកដែលចេញមកធ្វើការការពារមេដឹកនាំដោយគ្មានហេតុផលសមគួរឡើយ មានត្រឹមការពារផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ។
អ្នកជំនាញបាននិយាយថា ប្រសិនបើការស្រាវជ្រាវរកឃើញថា មានការផ្ទេរប្រាក់ពីមូលនិធិដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចម៉ាឡេស៊ីក្នុងរយៈពេលវែង ទៅក្នុងគណនីរបស់លោក ណាជីប រ៉ាហ្សាក់ គង់ជារឿងដ៏លំបាកក្នុងការឃើញលោក ណាជីប រ៉ាហ្សាក់ អាចយករួចខ្លួនពីឆាកនយោបាយ ប៉ុន្តែប្រសិនបើការចោទប្រកាន់នេះ មិនអាចស្រាវជ្រាវរកឃើញកំហុសវិញនោះ ចាត់ទុកជារឿងដ៏លំបាកលំបិនយ៉ាងខ្លាំងរបស់មេដឹកនាំប្រទេសម៉ាឡេស៊ី គណបក្សអាំណូដែលជាគណបក្សកាន់អំណាចក្នុងរដ្ឋាភិបាលសព្វថ្ងៃ ដែលកំពុងធ្លាក់ក្នុងសភាពចលាចល និងមិនអាចរំពឹងទុកថា ថ្ងៃក្រោយនឹងឈ្នះការបោះឆ្នោតជានិច្ចនោះឡើយ ៕
ដោយ មុំ រឿន វិទ្យុសំលេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!