Commentary: ស្ត្រីដំបូងគេ
សល់ពេលវេលាមិនដល់មួយឆ្នាំកន្លះទេ លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ (ឬ UN ) ជនទី៨ និងជាជនបច្ចុប្បន្ន ក៏នឹងគ្រប់វារៈការកាន់តំណែងអាណត្តិទី២ នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៦ ហើយត្រូវចាកចេញពីកៅអី បើកផ្លូវឲ្យអ្នកថ្មីដែលទទួលបានការជ្រើសរើសចូលមកបំពេញមុខនាទីជាបន្ត ។
ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៥
លោក កូហ្វី អាណាន់ លោក បាន គីមូន
សល់ពេលវេលាមិនដល់មួយឆ្នាំកន្លះទេ លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ (ឬ UN ) ជនទី៨ និងជាជនបច្ចុប្បន្ន ក៏នឹងគ្រប់វារៈការកាន់តំណែងអាណត្តិទី២ នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៦ ហើយត្រូវចាកចេញពីកៅអី បើកផ្លូវឲ្យអ្នកថ្មីដែលទទួលបានការជ្រើសរើសចូលមកបំពេញមុខនាទីជាបន្ត ។
លេខាធិការអង្គការសហប្រជាជាតិមានវារៈបំពេញមុខនាទីអាណត្តិ ៥ឆ្នាំ និងអាចធ្វើបន្តទៀតបាន "គ្មានដែនកំណត់" ប៉ុន្តែជាប្រពៃណីអនុវត្តទាំង ៧នាក់កន្លងមក គ្មានអ្នកណាម្នាក់នៅបាន២ អាណត្តិឡើយ ហើយហាក់ដូចជាប្រាកដ១០០ភាគរយថា លោក បាន គីមូន ក៏ធ្វើតាមនេះ ។
ដំណើរការជ្រើសរើសអគ្គលេខាធិការអង្គការសហប្រជាជាតិថ្មី ចំណាយពេលវេលាហាក់ដូចជាយូរប្រហាក់ប្រហែលទៅនឹងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកដែរ ដោយមានការពិភាក្សាក្រៅផ្លូវការអស់រយៈពេលយូរសមគួរក្នុងក្រុមប្រទេសសមាជិកក្រុមប្រឹក្សាសន្ដិសុខ ដែលមាននាទីស្នើឈ្មោះអ្នកស័ក្តិសមនឹងឡើងមកកាន់តំណែង ឲ្យអង្គមហាសន្និបាតដែលមានសមាជិកចំនួន ១៩៣ ប្រទេសបោះឆ្នោតតែងតាំង ។
ហើយលើកនេះចាត់ទុកជាលើកដំបូងនៃការស្វែងរក ដែលមានចលនាស្របគ្នាដោយចំហរ ដើម្បីជម្រុញឱ្យមេដឹកនាំកំពូលរបស់អង្គការដែលប្រៀបបាននឹងគណៈគ្រប់គ្រងពិភពលោកជនក្រោយនេះជាស្ត្រី បន្ទាប់ពីទាំង៨នាក់កន្លងមកនោះសុទ្ធតែជាបុរស ដោយសារសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិកាលពីខែមករា ឆ្នាំ១៩៤៦ កំណត់លក្ខណៈសម្បត្តិនៃអ្នកដែលនឹងមកទទួលតំណែងនេះហាក់ដូចជាច្បាស់លាស់ហើយថា «បុរសដែលជាបុគ្គលសំខាន់ និងទទួលបានជោគជ័យយ៉ាងខ្លាំង»ប៉ុន្តែត្រង់នេះ មិនមែនជាបញ្ញត្តិងាប់ក្រឡាស្តូកនោះទេ អាចកែប្រែឬបន្ថែមបន្ថយពាក្យថា «ឬស្ត្រី » ចូលទៅនៅពីក្រោយពាក្យថា «បុរស» នោះបាន ។
កន្លងមក ការពិភាក្សាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាសន្តិសុខ មានស្ត្រីត្រឹម ៣នាក់ប៉ុណ្ណោះ ដែលត្រូវបានលើកយកឈ្មោះឡើងមកធ្វើការពិចារណា ដើម្បីឲ្យធ្វើជាបេក្ខជនប្រកួតប្រជែង តែចុងក្រោយពេល បញ្ជីឈ្មោះទៅដល់អង្គមហាសន្និបាតអង្គការសហប្រជាជាតិបោះឆ្នោតអនុម័តិ ឈ្មោះទាំង៣នាក់នោះ ក៏ធ្លាក់ស្រេចបាត់ទៅហើយ ។
មកទល់នឹងពេលនេះ មានក្រុមជាច្រើនដែលបានចាប់ផ្តើមយុទ្ធនាការដើម្បីឲ្យមានស្ត្រីធ្វើជាអគ្គ លេខាអង្គការសហប្រជាជាតិជនដំបូងគេ តាមដែលឃើញក៏មាន Campaign to Elect a Woman Secretary-general ដឹកនាំដោយចិន ។ ក្រាស់ស្ណូវ សាស្ត្រាចារ្យសាកលវិទ្យាល័យ យ៉េល នៅសហរដ្ឋអាមេរិកក្រុម Woman SG.org និង Time for a Woman របស់ Equality Now ក្រុមទាមទារសិទ្ធិស្ត្រី អន្តរជាតិ ។
ចាត់ទុកជាប្រពៃណីទៀតផងដែរ ដែលអគ្គលេខាធិការអង្គការសហប្រជាជាតិថ្មី ត្រូវតែមិនមែនជាអ្នកមានសញ្ជាតិ១ ក្នុងចំណោមប្រទេសទាំង៥ ជាសមាជិកអចិន្ដ្រៃយ៍នៃក្រុមប្រឹក្សាសន្ដិសុខ ដែលបានដល់ សហរដ្ឋអាមេរិក, រុស្ស៊ី, ចិន, បារាំង និងចក្រភពអង់គ្លេស ដោយសារមានចំណែកចំណេញខាតពីការមានសិទ្ធិជំទាស់ ធ្វើឲ្យបញ្ជីឈ្មោះត្រូវបានបោះឆ្នោតទម្លាក់ មុននឹងដាក់ស្នើទៅអង្គមហាសន្និបាតអង្គការសហប្រជាជាតិនោះ ។
អគ្គលេខាធិការអង្គការសហប្រជាជាតិនីមួយៗ ត្រូវជ្រើសរើសបង្វិលទៅតាមតំបន់រហូតគ្រប់ នោះមានន័យដល់ជនបន្តទៀតមិនថាជាបុរស ឬស្ត្រីនោះទេ ត្រូវតែមិនមែនជាមនុស្សនៅក្នុងតំបន់អាស៊ី ព្រោះលោក បាន គីមូន ទើបនឹងធ្វើជាអគ្គលេខាធិការ ហើយក៏មិនមែនជាមនុស្សមកពីតំបន់អាហ្វ្រិកដែរ ដោយសារលោក កូហ្វី អាណាន់ បានកូតាមុនលោក បាន គីមូន ។
បណ្តាក្រុមធ្វើយុទ្ធនាការដែលបានពោលមកនោះ មានការបង្ហាញបញ្ជីឈ្មោះស្ត្រីជាច្រើននាក់ ជាការនាំផ្លូវ ដើម្បីសាកល្បងជាបឋមនូវប្រតិកម្មពីសហគមន៍ពិភពលោក មានដូចជា លោកស្រី ហេឡែន ក្លាក អតីតនាយករដ្ឋមន្រ្តីប្រទេសណូវ៉ែលហ្សឺឡង់ និងជានាយកគម្រោង UNDP នៃអង្គការសហប្រជាជាតិ ។ លោកស្រី គ្រីស្តាលីណា ចរជិអេវ៉ា គណៈកម្មាធិការអឺរ៉ុប ជនជាត់ប៊ុលហ្គារី ។ អតីតប្រធានាធិបតី ដាលៀ គ្រីបូសខេត នៃប្រទេស លីថូនៀ ។ ប្រធានាធិបតី មីសែល បាស្សេឡេត មេដឹកនាំប្រទេសឈីលី និងលោកស្រី ហែលឡេថូនិង ស្មីដ នាយករដ្ឋមន្រ្តីប្រទេសដាណឺម៉ាក ។
មានការព្យាករណ៍ថា អគ្គលេខាធិការអង្គការសហប្រជាជាតិជនទី៩ គួរតែដល់វេនអឺរ៉ុបខាងកើតម្តងហើយ ព្រោះទាំង ៨នាក់ កន្លងមកនេះ នៅគ្មានអ្នកណាម្នាក់មកពីតំបន់នេះទេ ភាពអាចទៅរួចបានធ្វើឲ្យ លោកស្រី អេរិណា បូខូវ៉ា នាយកអង្គការយូណេស្កូបច្ចុប្បន្ន ជនជាតិប៊ុលហ្គារី ក្លាយជាជនគួរឲ្យចាប់អារម្មណ៍ឡើងមកភ្លាម ព្រោះចាត់ទុកជាស្ត្រីម្នាក់ ដែលមានឋានៈនិងតួនាទីលេចធ្លោបំផុតក្នុងតំបន់នាពេលនេះ ។
ភូមស៊ីឡេ អែមឡាំបូ អែនដូកា នាយកការិយាល័យលើកកំពស់សមភាពនារី អង្គភាពក្រោមបង្គាប់ អង្គការសហប្រជាជាតិ បាននិយាយថា សហគមន៍ពិភពលោកបច្ចុប្បន្ន មានប្រមុខរដ្ឋនិងមេដឹកនាំរដ្ឋាភិបាលជាស្ត្រីតិចជាង២០ ភាគរយ ហើយស្ត្រីដែលអង្គុយកៅអីលំដាប់ខ្ពស់បំផុតក្នុងអង្គភាពនានា ស្ថិតក្រោមអង្គកាសហប្រជាជាតិមានប្រមាណ ២៥ ភាគរយ ។
ប្រសិនបើមេដឹកនាំថ្មីនៃអង្គការសហប្រជាជាតិជាស្ត្រីនោះ គឺជាអ្វីដែលវិសេសបំផុតក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិដែលមិនធ្លាប់មាននោះឯង ៕
ដោយ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!