ការស្ទង់មតិបង្ហាញថា ពលរដ្ឋអាមេរិកមិនពេញចិត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរអឺរ៉ង់
Washington Aug 04 (VOY):ការស្ទង់មតិមួយនៅស.រ.អា.បានបង្ហាញគម្លាតដែលមានពលរដ្ឋអាមេរិកាំងពីរទល់នឹងមួយប្រឆាំង នឹងកិច្ចព្រមព្រៀងអន្តរជាតិដើម្បីទប់ស្កាត់កម្មវិធីអភិវឌ្ឍនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ ហើយពួកគេគិតថា កិច្ចព្រមព្រៀងនេះធ្វើឲ្យពិភពលោកប្រថុយនឹងបញ្ហាអសុវត្ថិភាព។
ការស្ទង់មតិរបស់សាធារណជនដែលចេញផ្សាយការពីថ្ងៃចន្ទដោយសាកលវិទ្យាល័យ Quinnipiac នៅរដ្ឋ Connecticut បានបង្ហាញថា គម្លាតសំឡេងរបស់អ្នកបោះឆ្នោតពលរដ្ឋអាមេរិកាំង មាន៥៧ភាគរយទល់នឹង២៨ភាគរយ ប្រឆាំងនឹងកិច្ចព្រមព្រៀងដែលស.រ.អា.និងមហាអំណាច៥ផ្សេងទៀតក្នុងពិភពលោក បានសម្រេចកាលពីខែមុនជាមួយរដ្ឋាភិបាលទីក្រុងតេហេរ៉ង់។
ស្របពេលជាមួយគ្នានេះលោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក John Kerry បានជួបជាមួយដៃគូរបស់លោកពីប្រទេស ទាំង៦នៃក្រុមប្រឹក្សាប្រតិបត្តិការប្រទេសឈូងសមុទ្រពែកស៍ (Persian) ហៅកាត់ថា GCC នៅប្រទេសកាតា (Qatar) កាលពីថ្ងៃច័ន្ទនេះ ខណៈពេលដែលលោកព្យាយាមបន្ធូរការព្រួយបារម្មអំពីកិច្ចព្រមព្រៀងអន្តរជាតិជាមួយប្រទេសអ៊ីរ៉ង់កាលពីខែមុន ស្តីពីកម្មវិធីបរមាណូរបស់អ៊ីរ៉ង់។
កិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសពីប្រទេសអារ៉ាប៊ីសាអូឌីត គុយវ៉ែត កាតា អូម៉ង់ និង អេមីរ៉ាតអារ៉ាប់រួម បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ជាមួយតំណាងនៃប្រទេសទាំងនេះកាលពីខែឧសភា។
លោកអូបាម៉ា បានថ្លែងថាស.រ.អា.នឹងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខថែមទៀត ដែលក្នុងនោះរួមមានទាំងការធ្វើសមយុទ្ធបន្ថែម ការលក់អាវុធឲ្យបានឆាប់រហ័ស និងការជួយកសាងប្រព័ន្ធកាំជ្រួចម៉ីស៊ីលដែលមានការស៊ីសង្វាក់គ្នាជាងមុន។
សមាជិក GCC ខ្លះបានសម្តែងការព្រួយបារម្ភថា ការបន្ធូរទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសអ៊ីរ៉ង់ ដែលជាផ្នែកសំខាន់មួយនៃកិច្ចព្រមព្រៀងបរមាណូ អាចអនុញ្ញាតឲ្យអ៊ីរ៉ង់ពង្រីកឥទ្ធិពលរបស់ខ្លួន និងនាំឲ្យមានអស្ថិរភាពក្នុងតំបន់។
ក្រុមមន្ត្រីឈូងសមុទ្រពែកស៍ក៏បានសម្តែងការបារម្មផងដែរថា អ៊ីរ៉ង់អាចនឹងប្រើប្រាស់ប្រាក់ដែលបានទទួលពីការបន្ធូរទណ្ឌកម្មដើម្បីបង្កើនការគាំទ្រពួកក្រុមជីវពលដូចជាពួក Hezbollah ជាដើម៕
ដោយម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!