ប៉ាគីស្ថានថ្កោលទោសការវាយប្រហារតាមផ្លូវអាកាសរបស់អាមេរិកមកលើវ៉ាហ្ស៊ីរីស្ថានខាងជើង
ប្រទេសប៉ាគីស្ថាននៅថ្ងៃចន្ទនេះបានថ្កោលទោសចំពោះការវាយប្រហារថ្មីមួយរបស់អាមេរិក មកលើតំបន់កុលសម្ព័ន្ធវ៉ាហ្ស៊ីរីស្ថានខាងជើង របស់ប្រទេសនេះ ដោយប្រើប្រាស់យន្តហោះគ្មានអ្នកបើកនិងបានសម្លាប់មនុស្សយ៉ាងហោចណាស់មនុស្សចំនួនប្រាំមួយនាក់។
ក្រុមមន្ត្រីសន្តិសុខបាននិយាយថាយន្តហោះគ្មានមនុស្សជិះរបស់អាមេរិកបាញ់មីស៊ីលមកលើបរិវេណនៅតំបន់ភ្នំ Shawal កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ ប្រភពព័ត៌មានបានឱ្យដឹងថាជនបរទេសមួយចំនួនក៏ស្ថិតក្នុងចំណោមអ្នកស្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសនេះ វាបានកើតឡើងក្រោយពីមានភាពស្ងប់ស្ងាត់ជាច្រើនសប្តាហ៍មកហើយសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើប្រទេសនេះ។
ក្រសួងការបរទេសនៃប្រទេសប៉ាគីស្ថានបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា: «យើងបានធ្វើការថ្កោលទោសចំពោះការវាយប្រហារបែបនេះ ដែលជាការរំលោភយ៉ាងច្បាស់មកលើ អធិបតេយ្យភាពរបស់ប្រទេសប៉ាគីស្ថាន និងបូរណភាពដែនដីរបស់ខ្លួន "។
ការវាយប្រហារតាមផ្លូវអាកាសនេះ បានបង្កើតការមិនទុកចិត្តគ្នាក្នុងចំណោមប្រជាជនក្នុងតំបន់នៅពេលដែលការវាយលុកនេះគឺកងកំលាំងប៉ាគីស្ថាន ធ្វើឡើងដើម្បី"ប្រឆាំងនឹងពួកសកម្មប្រយុទ្ធនៅក្នុងតំបន់នោះ តែទោះជាយ៉ាងណាការសំរេចចិត្តនេះត្រូវបានផ្លាស់ប្តូរវិញដែរ។
កងកម្លាំងប៉ាគីស្ថានបានចាប់ផ្តើមការវាយលុកដ៏សំខាន់មួយប្រឆាំងនឹងពួកតាលីបង់នៅប៉ាគីស្ថាននិងក្រុមសកម្មប្រយុទ្ធដទៃទៀតកាលពីខែមិថុនាឆ្នាំមុន ដែលបានតាំងទីលំនៅក្នុងតំបន់នោះជិតមួយលាននាក់។
ក្រសួងការរបទេសបាននិយាយថា "យើងបានរំលឹកឡើងវិញអំពីការអំពាវនាវរបស់យើងសម្រាប់ការបញ្ឈប់ការវាយប្រហាបែបនេះតទៀត ដោយបាននិយាយថា សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារនៅពេលដែលមានការផ្តោតអារម្មណ៍របស់រដ្ឋាភិបាលក្នុងការផ្លាស់ប្តូរឆ្ពោះទៅរកការស្តារសន្តិភាពឡើងវិញជាមួយនឹងប្រជាជនដែលជាជនស៊ីវិលនៅភាគខាងជើងតំបន់វ៉ាហ្ស៊ីរីស្ថាននេះ។
ដោយឡែកមន្ត្រីជាន់ខ្ពស់អាមេរិកវិញបាននិយាយថា យន្តហោះគ្មានមនុស្សបើករបស់ CIA បានកំណត់គោលដៅមកលើក្រុមសកម្មប្រយុទ្ធដែលបានប្រើតំបន់វ៉ាហ្ស៊ីរីស្ថានជាខែល ដើម្បីបើកដំណើរការ វាយប្រហាររបស់ពួកគេឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសអាហ្វហ្គានីស្ថានតែប៉ុណ្ណោះ។
ប្រទេសប៉ាគីស្ថានបានបដិសេធថា ការវាយប្រហារតាមផ្លូវអាកាសរបស់យន្តហោះចម្បាំងអាមេរិក មិនមានទំនាក់ទំនងជាមួយប្រតិបត្ដិការយោធារបស់ខ្លួនដែលកំពុងបន្តនោះឡើយ៕ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!