លទ្ធផលនៃជំនួបរវាងលោក ស ខេង និងលោក កឹម សុខា
ស្តាប់សេចក្តីរាយការណ៍ លោក ញ៉ែម សំណាង
ជំនួបពិភាក្សា រវាង លោក ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និង លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី១០ ខែ សីហា ឆ្នាំ២០១៥ ដើម្បីដោះស្រាយ លើបញ្ហា រួមមាន ការប្តេជ្ញាពង្រឹងកិច្ចព្រមព្រៀងនយោបាយ ថ្ងៃ២២ កក្កដា ២០១៤ ការសម្រេចថានឹងពិភាក្សាលើធ្វើវិសោធនកម្មច្បាប់ NGO បើសិនអនុវត្តទៅមានការប៉ះពាល់ និងបានពិភាក្សាលើការ រួមគ្នាដោះស្រាយបញ្ហាព្រំដែន។
នៅក្នុងជំនួបពិភាក្សានោះ លោក កឹម សុខា ក៏បានលើកឡើងអំពីបញ្ហាសកម្មជន ដែលត្រូវបានចាប់ខ្លួនផងដែរ ប៉ុន្តែត្រូវតំណាងគណបក្សប្រជាជន គ្រាន់តែផ្តល់យោបល់អំពីនីតិវិធីតែប៉ុណ្ណោះ ដោយមិនអាចជួយអ្វីបានឡើយ និងមួយទៀត គឺពាក់ព័ន្ធនឹងការរៀបចំការបោះឆ្នោតជាតិ។ មន្រ្តីគណបក្សប្រជាជនកម្ពុជានិង គណបក្សសង្រ្គោះជាតិបានអះអាងថាគណបក្សទាំងពីរបានឯកភាពគ្នាក្នុងការពិនិត្យនិងពិភាក្សាជាបន្តបន្ទាប់ទៀតលើការកំណត់កាលបរិច្ឆេទនៃការបោះឆ្នោតថ្នាក់ជាតិនិងឃុំសង្កាត់។
លោក សក់ សេដ្ឋា តំណាងគណបក្សប្រជាជនកម្ពុជា បានលើកឡើងថាថ្នាក់ដឹកនាំទាំងពីរ ពិភាក្សាពីបញ្ហាព្រំដែនហើយបានឯកភាពគ្នាថា បញ្ហាព្រំដែនជាបញ្ហារបស់ជាតិទាំងមូល ហើយគណបក្សទាំងពីសុំអំពាវនាវទៅអ្នកនយោបាយ និង អង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធទាំងអស់ កុំយកបញ្ហានេះ មកបែងចែកក្រុមផ្សេងៗ ។ លោកបន្តថា ក្នុងការពិភាក្សានេះនិងពិចារណាកាលបរិច្ឆេទនៃការបោះឆ្នោត ដោយផ្អែកលើមូលដ្ឋាននៃរដ្ឋធម្មនុញ្ញនិងច្បាប់បច្ចុប្បន្នដែលមានស្រាប់។ ហើយគណបក្សទាំងពី និងបង្កើនក្នុងកិច្ចពិភាក្សាគ្នានេះដោយឈរលើស្មារតីវប្បធម៌សន្ទនា ។
តំណាងគណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង បានលើឡើងថា គណបក្សប្រជាជនកម្ពុជាចង់រក្សាទុកពេលវេលានៃការ បោះឆ្នោតជាតិនៅខែកក្កដា ឆ្នាំ២០១៨ និងការបោះឆ្នោតឃុំសង្កាត់នៅខែមិថុនា ឆ្នាំ២០១៧។ ប៉ុន្តែលោកថាគណបក្សសង្រ្គោះជាតិទាមទារកុំឲ្យការបោះឆ្នោត ថ្នាក់ជាតិចំខែវស្សា។ហើយលោកបញ្ជាក់ទៀតថា គណបក្សទាំងពីរ នឹងយកបញ្ហានេះទៅពិភាក្សារៀងៗខ្លួន ដោយធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ទិដ្ឋភាពច្បាប់។
គួរកត់សម្គាល់ថាកន្លងមក គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ ធ្លាប់បានព្រមព្រៀងគ្នាជាគោលការណ៍ថាការបោះឆ្នោតលើកក្រោយ នឹងត្រូវលើកពេលមកធ្វើអំឡុងខែកុម្ភៈ ដោយសារតែនៅខែកក្កដាជាខែវស្សាដែលមានភ្លៀង ហើយនៅតាមតំបន់ខ្លះជួបគ្រោះទឹកជំនន់ពិបាកក្នុងការរៀបចំការបោះឆ្នោត។
គួររំលឹកថា កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៥ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថាការបោះឆ្នោតជាតិសម្រាប់អាណត្តិក្រោយ នឹងត្រូវធ្វើឡើងនៅក្នុងខែកក្កដា ឆ្នាំ២០១៨ មិនមែនក្នុងខែកុម្ភៈ ឆ្នាំ២០១៨ ដូចធ្លាប់បានឯកភាពជាគោលការណ៍កាលពីការចរចាកន្លងទៅ។ លោក បានលើកឡើងបន្តទៀតថា បើតាមមាត្រា៧៨ នៃរដ្ឋធម្មនុញ្ញដែលបានទុកឱកាស សម្រាប់រដ្ឋាភិបាលក្នុងការកំណត់កាលបរិច្ឆេទនៃការបោះឆ្នោតជាតិ។ លោកបញ្ជាក់ទៀតថាគណបក្សប្រជាជនកម្ពុជានឹងមិនធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញនោះទេ។
សូមបញ្ជាក់ថា បើតាមមាត្រា៧៨ នៃរដ្ឋធម្មនុញ្ញចែងថា នីតិកាលរបស់រដ្ឋសភាមានកំណត់៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលដែលរដ្ឋសភាថ្មី ចូលកាន់តំណែង។ រដ្ឋសភាមិនអាចត្រូវបានរំលាយមុនផុតអាណត្តិបានឡើយ លើកលែងតែក្នុងករណីដែលរាជរដ្ឋាភិបាល ត្រូវបានទម្លាក់ពីរដងក្នុងរយៈពេល១២ខែ។ ចំណែកមាត្រា និងប្រកាសដោយនាយករដ្ឋមន្រ្តី តាមសំណើរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕
ដោយ៖ ញ៉ែម សំណាង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!