ក្រុមប្រឹក្សា ឃ្លាំមើលកម្ពុជា ថ្កោលទោសចំពោះការតាមចាប់ខ្លួនសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ
សូមស្តាប់សេចក្តីរាយការណ៍ដូចតទៅ៖
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាចេញសេចក្តីថ្លែងការ ថ្កោលទោសចំពោះការតាមចាប់ខ្លួនលោក ហុង សុខហួរ សមាជិកព្រឹទ្ធសាភា និងជាប្រធានគណៈកម្មការព្រំដែននៃបក្សសង្រ្គោះជាតិ។ ដោយបញ្ចាក់ថា ការបញ្ជារអោយចាប់ខ្លួនលោក ហុង សុខហួរ ពីសំណាក់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននេះ គឺរំលោភយ៉ាងធ្ងន់ធ្ងរ លើរដ្ឋធម្មនុញ្ញ របស់ព្រះរាជាណាចក្រកម្ពុជាមាត្រា ១០៤។
ក្នុងសេចក្តីថ្លែងការចុះហត្ថលេខាដោយលោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាចេញកាលពីល្ងាចថ្ងៃម្សិលមិញនេះបានអោយដឹងថា រដ្ឋាភិបាលបានប្រើប្រាស់សន្ធិសញ្ញាខុសច្បាប់នានា ក្នុងឆ្នាំ ១៩៧៩ ទសវត្សទី ៨០ និងជំម្លោះព្រំដែនជាមួយវៀតណាមបច្ចុប្បន្ន ដើម្បីចាត់វិធានការចាប់ខ្លួន ក្រុមសកម្មជនគណបក្សប្រឆាំង និងដាក់សម្ពាធដោយបង្ខំដល់គ្រប់ភាគី ជាប់ពាក់ព័ន្ធ ក្នុងគោលបំណង គាបសង្កត់គណបក្សដៃគូ ក្នុងរដ្ឋសភា និងបំបាក់ស្មារតីអ្នកជាតិនិយម។
ក្នុងសេចក្តីថ្លែងការនោះបានឲ្យដឹងទៀតថា ការបញ្ជារអោយចាប់ខ្លួនលោក ហុង សុខហួរ គឺ បញ្ជាក់ ថាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន រំលោភយ៉ាងធ្ងន់ធ្ងរលើរដ្ឋធម្មនុញ្ញមាត្រា ១០៤ ថ្មី ដែលចែងអំពីអភ័យឯកសិទ្ធិរបស់ សមាជិកព្រឹទ្ធសភា និងជាវិធានការ ដូចមេដឹកនាំផ្តាច់ការ អនុវត្តដើម្បីកំចាត់ ឬបង្រ្កាបក្រុមអ្នកប្រឆាំង។ ក្រុមនេះបានអំពាវនាវដល់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទម្លាក់ចោលជាបន្ទាន់នូវវិធានការចាប់ខ្លួនលោក ហុង សុខហួរនេះ។
លោកគឹម សន្តិភាព មន្ត្រីនាំពាក្យក្រសួងយុត្តិធម៌ បានសរសេរនៅលើទំព័ Facebook របស់លោកថា អភ័យឯកសិទ្ធិសមាជិកព្រឹទ្ធសភា មិនអាចរារាំងការចោទប្រកាន់ ការចាប់ខ្លួន ឃាត់ខ្លួន ឬការឃុំខ្លួន ក្នុងករណីប្រព្រឹត្តបទលើ្មសព្រហ្មទណ្ឌជាក់ស្តែង យោងតាមរដ្ឋធម្មនុញ្ញមាត្រា១០៤ថ្មី នឹងមាត្រា១២ នៃច្បាប់ស្តីពីលក្ខន្តិកៈសមាជិកព្រឹទ្ធសភា ។ លោកបញ្ជាក់ថាសម្រាប់ករណីបទល្មើសព្រហ្មទណ្ឌជាក់ស្តែង គ្រប់បុគ្គលទាំងអស់អាចចាប់ខ្លួនជននោះទៅប្រគល់ជូនមន្ត្រីនគរបាលយុត្តិធម៌ដែលនៅជិតបំផុត នេះបើយោងតាមមាត្រា៨៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។
យ៉ាងណាក៏ដោយក្នុង សន្និសីទសារព័ត៏មានកាលពីរសៀលម្សិលមិញនេះ លោក ឈាង វុន មន្ត្រីនាំពាក្យរដ្ឋសភា បានថ្លែហាក់ការពារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាការលើកឡើងរបស់ លោកាយរដ្ឋមន្ត្រី ហ៊ុន សែន គឺពុំបានចោទប្រកាន់លោក ហុង សុខហួរនោះទេ តែលោកនាយរដ្ឋមន្ត្រី ជាជនរងគ្រោះ។ ដោយលោក ហុង សុខហួរ ជាអ្នកខ្លែងឯកសារ និងអមដោយការអត្ថាធិប្បាយ។ សំឡេង៖
ពាក់ព័ន្ធទៅនឹងការចោទប្រកាន់នេះដែរ កាលពីម្សិលមិញលោក គង់ គាំ ប្រធានគណបក្ស សម រង្ស៊ី បានចេញសេចក្តីថ្លែងការច្រានចោល ការចោទនេះ។ ដោយលោកថាការប្រើឯកសារ និងការបកស្រាយរបស់លោក ហុង សុខហួរ ក្នុងឋានៈជាសមាជិកព្រឹទ្ធសភា មិនមែនជាអំពើក្បត់ជាតិដូចការចោទប្រកាន់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននោះទេ។ ដោយថា ប្រសិនបើការប្រើឯកសារ និងការបកស្រាយមិនត្រឹមត្រូវ លោក ហុង សុខហួរ អាចធ្វើការកែតម្រូវចំពោះសាធារណៈមតិឡើងវិញបាន។
សូមបញ្ជាក់ថា ក្នុងឳកាសចែកសញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យ មួយនៅវិទ្យាស្ថានជាតិអប់រំ កាលពីព្រឹកថ្ងៃទី ១៣ ខែសីហា ម្សិលមិញនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រតិកម្មខ្លាំងៗ និងបានបញ្ជារអោយសមត្ថកិច្ចតាមចាប់ខ្លួន លោក ហុង សុខហួរ ពាក់ព័ន្ធនឹងការក្លែងក្លាយសន្ធិសញ្ញាព្រំដែន របស់ប្រទេសជាតិ បង្ហោះតាម Facebook ។ ដោយចោទថាការក្លែងបន្លំសន្ធិសញ្ញា នៅក្នុងមាត្រា ៤នេះ នៃសន្ធិសញ្ញាដើម្បីសន្តិភាព មិត្តភាពនិងសហប្រតិបត្តិការ រវាងសាធារណរដ្ឋប្រជាមានិតកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឆ្នាំ ១៩៧៩ គឺទង្វើក្បត់ជាតិ៕
ដោយ៖ ហ៊ាង រដ្ឋធានី
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!