Commentary:ជួយមិនបានទេ ធ្វើម៉េចខ្ញុំកើតមកជាអ្នកមាន ដូណាល់ដ៍ ត្រាមប៍ មេដឹកនាំក្នុងសុបិន្តរបស់អាមេរិកាំងជន ???
ភាពជោគជ័យរបស់លោក ត្រាមប៍ ដើរមកលើផ្លូវក្តីស្រមៃរបស់អាមេរិកាំងជន លោកមិនត្រឹមតែជាអ្នកឧស្សាហ៍ព្យាយាមរកស៊ីតាមបែបគហបតីសម័យបុរាណប៉ុណ្ណោះទេ តែនៅបានទទួលការកោតសរសើរជាជនគំរូនៃពាណិជ្ជករដែលទទួលបានជោគជ័យពីការគិតកិច្ចការធំៗ និងជាគំរូរបស់ជនបរាជ័យហើយអាចក្រោកឡើងវិញ ។
ថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៥
ពេលឈរឈ្មោះជាបេក្ខជនតំណាងគណបក្សសាធារណរដ្ឋដណ្តើមកៅអីប្រធានាធិបតីសហរដ្ឋអាមេរិក ឆ្នាំ ២០១៦ លោក ដូណាល់ដ៍ ត្រាមប៍ អាយុ ៦៩ឆ្នាំ និយាយអួតអាងដោយសំឡេងខ្លាំងៗថា លោកសមគួរទទួលបានតំណែងជាប្រធានាធិបតី ព្រោះលោកជាអ្នកមានស្តុកស្តម្ភ បើមិនរាប់បញ្ចូលភាពឈ្លក់វង្វេងនឹងខ្លួនឯងរហូតគួរឲ្យជ្រេញនោះទេ ភាពស្តុកស្តម្ភក៏ជាចំណុចលក់ដូររបស់លោក ត្រាមប៍ ពិតប្រាកដ លោកកវែកកឆ្នាំងដោយកម្លាំងញើសឈាមខ្លួនឯង ហើយធ្លាប់ដួលជាច្រើនលើក ទម្រាំទទួលបានជោគជ័យក្លាយជាមហាសេដ្ឋីលុយរាប់ពាន់លានដុល្លាដ៏មានឥទ្ធិពលម្នាក់ក្នុងសម័យនេះ ជាប់ក្នុងបញ្ជីមានបំផុតលំដាប់ទី ១២២ លើពិភពលោក ដោយទ្រព្យសម្បត្តិ ចំនួន 4.1 ពាន់លានដុល្លាសហរដ្ឋអាមេរិក ។
ភាពជោគជ័យរបស់លោក ត្រាមប៍ ដើរមកលើផ្លូវក្តីស្រមៃរបស់អាមេរិកាំងជន លោកមិនត្រឹមតែជាអ្នកឧស្សាហ៍ព្យាយាមរកស៊ីតាមបែបគហបតីសម័យបុរាណប៉ុណ្ណោះទេ តែនៅបានទទួលការកោតសរសើរជាជនគំរូនៃពាណិជ្ជករដែលទទួលបានជោគជ័យពីការគិតកិច្ចការធំៗ និងជាគំរូរបស់ជនបរាជ័យហើយអាចក្រោកឡើងវិញថែមទាំងឈរបានយ៉ាងរឹងមាំក្លាយជាបិតាវង់ការរកស៊ីរឿងអចលនទ្រព្យនៅសហរដ្ឋអាមេរិក ជានាយកប្រតិបត្តិក្រុមហ៊ុនត្រាមប៍អាហ្គាណាយហ្សេសិន ជាអ្នកបង្កើតត្រាមប៍អ៊ិនធើថែនមែន រីសដ មានកាស៊ីណូនិងសណ្ឋាគារជាច្រើនកន្លែងទូទាំងពិភពលោក ជាបិតាប្រកួតបវរកញ្ញាពិភពលោក បវរកញ្ញាសហរដ្ឋអាមេរិក បវរកញ្ញាវ័យជំទង់សហរដ្ឋអាមេរិក ថែមទាំងល្បីខ្ទរខ្ទារទូទាំងប្រទេសក្នុងឋានៈជាម្ចាស់និងជាពិធីករកម្មវិធីទូរទស្សន៍ រៀលលីធី សូវ៍ ដ៏ពេញនិយម ជាក្មេងហាត់ការ ដែលអ្នកផងទាំងឡាយចងចាំគេបានយ៉ាងងាយ ដោយសារម៉ូដសក់ប្រចាំរបស់គេ និងឃ្លោងឃ្លារត់មាត់ "អ្នកឯងត្រូវបានគេបណ្តេញចេញហើយ " ដែលលោក ត្រាមប៍និយាយដោយសំនៀងចំអកឡកឡឺយសមចិត្ត ។
ប្រសិនបើនិយាយឲ្យពិតនោះ លោក ត្រាមប៍ មិនបានស្ថាបនាខ្លួនចេញពីចំណុចសូន្យនោះទេ លោកជាកូនទី៤ ក្នុងចំណោម៥នាក់ របស់លោក "ហ្វ្រែដ ត្រាមប៍ " មហាសេដ្ឋីអ្នកអភិវឌ្ឍន៍មុខជំនួញអចលនទ្រព្យនៅក្នុងទីក្រុងញូវយ៉ក លោក ត្រាមប៍ ដែលជាកូន បានទទួលឥទ្ធិពលការគិតយ៉ាងច្រើនពីលោក ហ្វ្រែដ ត្រាមប៍ ជាឪពុក ដោយតាំងគោលដៅតាំងពីនៅក្មេងថា ពេលធំឡើងចង់ដើរតាមជំហានរបស់បិតាជាម្ចាស់ដីដ៏ស្តុកស្តម្ភ ។ កាលពីនៅក្មេង លោកមិនដែលចាប់អារម្មណ៍មើលភាពយន្តគំនូរជីវចលដូចក្មេងទូទៅឡើយ តែចូលចិត្តមើលកម្មវិធីទូរទស្សន៍ទាក់ទងនឹងរឿងអចលនទ្រព្យ និងរមែងទទូចសុំឪពុកតាមទៅពិនិត្យមើលដីធ្លី ។ សម័យយុវវ័យ លោកធ្លាប់មានក្តីសុបិន្តចង់ក្លាយជាផលិតករខ្សែភាពយន្តទៀតផង តែនៅពេលថ្លឹងទម្ងន់ទៅរកឃើញថា ការធ្វើធុរកិច្ចលក់ដីធ្លីគួរមានប្រាក់ចំណេញច្រើនជាង ទើបលោកបង្វែរទ្រនិចត្រីវិស័យពីការសិក្សារឿងហ្វីលម៍ មករៀនផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅ Wharton School មហាវិទ្យាល័យ Pennsylvania ពេលរៀនចប់ភ្លាមក៏រូតរះមកសុំធ្វើការជាមួយលោកឪពុក ។
ដោយនិស្ស័យមុះមុត ចូលចិត្តប្រឈមមុខនឹងបញ្ហាជានិច្ច មានទំនុកចិត្តលើខ្លួនឯងខ្ពស់ និងមិនខ្លាចការបរាជ័យ ធ្វើឲ្យលោកហ៊ានហែកច្បាប់ធ្វើជំនួញអចលនទ្រព្យ រហូតសាងកេរ្តិ៍ឈ្មោះនៅសម័យដំបូងៗ ដោយការកែប្រែដីធ្លីដែលនៅទំនេរស៊ុបទ្រុបឲ្យក្លាយទៅជាលុយ ថែមនៅបានបង្កើនតម្លៃបន្ថែមឲ្យអគារទីស្នាក់អាស្រ័យ និងគម្រោងអចលនទ្រព្យក្នុងដៃ ដោយមួយនៃលទ្ធផលការងារលេចធ្លោរបស់លោក គឺការធ្វើឲ្យប្រសើរឡើងនូវសណ្ឋាគារចាស់ Commodore Hotel ដែលក្ស័យធនឲ្យក្លាយជាសណ្ឋាគារប្រណិតល្បីល្បាញ "Grand Hyatt" សាងប្រាក់ចំណេញយ៉ាងសម្បើមចូលក្នុងហោប៉ៅ ។
ក្នុងរយៈពេលជាង ១០ឆ្នាំ លោក ត្រាមប៍ បានឈានឡើងជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យដ៏ឆ្នើម ដោយលោក ត្រាមប៍ បានប្រមូលទិញដីធ្លីធំៗ តម្លៃមហាសាលទូទាំងទីក្រុងញូវយ៉ក និងបានប្តូរឈ្មោះអគារទាំងនោះ ដោយបន្ថែមពាក្យថា "ត្រាមប៍" ចូលទៅ ដើម្បីសាងយីហោឲ្យជាទីចងចាំ ទន្ទឹមគ្នានោះ លោកក៏បានពង្រីកមុខជំនួញទៅរកកាស៊ីណូនិងក្រុមហ៊ុនអាកាសចរណ៍ ដោយការដែលគិតធំធ្វើធំ ក្នុងអំឡុងដើមទសវត្សន៍ ១៩៩០ លោក ដូណាល់ដ៍ ត្រាមប៍ ត្រូវប្រឈមនឹងបញ្ហាហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ព្រោះខ្ចីបុលបំណុលវ័នកដើម្បីពង្រីកធុរកិច្ច តែទីបញ្ចប់ពេលសេដ្ឋកិច្ចសហរដ្ឋអាមេរិកដាំក្បាលចុះ ហុចផលឲ្យលោក ត្រាមប៍ ក្ស័យធន ។ ទោះជាយ៉ាងនោះក្តី លោកបានស្តារធុរកិច្ចត្រឡប់មកបានម្តងទៀត នៅចុងទសវត្សន៍ដដែល និងចាប់ផ្តើមស្តារកេរ្តិ៍ឈ្មោះដោយការត្រដាងស្លាបពីមុខជំនួញអចលនទ្រព្យចូលទៅវិនិយោគបន្ថែមក្នុងអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយ ។
ទោះដល់ថ្នាក់ជាគំរូគួរឲ្យកោតសរសើរជាច្រើនរឿង តែភាពផូងផាំងចូលចិត្តនិយាយស្តីដូចចោលដឹងទាំងដង បានធ្វើឲ្យលោក ត្រាមប៍ ក្តៅក្រហាយដោយសារមាត់រួចមកហើយជាច្រើនលើក ចុងក្រោយនេះលោកបាននិយាយមើលស្រាលភេទម្តាយ ប្រមាថស្ត្រីរហូតមានរលកប្រឆាំងយ៉ាងទូលំទូលាយទាំងដែលលោកមានប្រជាប្រិយភាពនាំមុខគូប្រជែងក្នុងគណបក្សសាធារណរដ្ឋមករហូត ។ ជនរងគ្រោះចុងក្រោយបំផុតរបស់លោក ត្រាមប៍ ជាអ្នកប្រកាសព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍ Fox News មានឈ្មោះថា "ម៉េហ្គេន ឃែលលី" មានមុខនាទីសម្របសម្រួលក្នុងកម្មវិធីជជែកដេញដោលគ្នាជាលើកដំបូងរបស់គណបក្សសាធារណរដ្ឋ ។ អ្នកស្រី ម៉េហ្គេន ឃែលលី បានបោះសំណួរទៅចំចំណុចខ្សោយរបស់លោក ត្រាមប៍ ដើម្បីសាកល្បងទស្សនៈគតិដែលលោកមានចំពោះស្ត្រី ដោយសំនួរខ្លាំងៗច្បាស់ៗថា ហេតុអ្វីបានជាចូលចិត្តហៅស្ត្រីថាជាជ្រូកកន្ធាត់ ??? ធ្វើឲ្យលោក ត្រាមប៍ ខឹងហុយផ្សែងតាមត្រចៀក ក៏ចឹកច្រាស់ទៅលើអ្នកស្រី ឃែលលី បន្ទាប់ពីបញ្ចប់កម្មវិធីសួរដេញដោលថា អ្នកស្រីមានចេតនាបង្កក្តីអាម៉ាស់ឲ្យលោកហើយអាចទៅរួចថា អ្នកស្រីកំពុងស្ថិតក្នុងអំឡុងពេលមានឈាមចេញពីខ្លួនតាមបរិវេណណាមួយ ដែលអ្នកបកស្រាយន័យបាននិយាយថា លោកថាឲ្យអ្នកស្រី ឃែលលី កំពុងមួរម៉ៅព្រោះមករដូវ តែមហាសេដ្ឋីមាត់ដាចបានកែខ្លួនជាមួយទូរទស្សន៍ CNN ក្នុងពេលផ្តល់បទសម្ភាសន៍ផ្ទាល់ថា ធម្មតាលោកជាសុភាពបុរសដែលតែងផ្តល់កិត្តិយសដល់ស្ត្រីជានិច្ច និងចង់ជួយស្ត្រីទាំងអស់តាមដែលអាចធ្វើបាន មានតែមនុស្សសតិមិនគ្រប់ប៉ុណ្ណោះដែលគិតថាលោកជាសត្រូវនឹងស្ត្រីនោះ ៕
ដោយ មុំ រឿន វិទ្យុសំលេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!