ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ច្រានចោលទាំងស្រុងការផ្ទៀងផ្ទាត់ផែនទីដោយរដ្ឋាភិបាល និងរាជបណ្ឌិត្យសភា
សូមស្តាប់ព័ត៌មានពិស្តារដូចតទៅ ៖
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅក្រៅប្រទេស ចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៥នេះ ដោយអះអាងថា ការផ្ទៀងផ្ទាត់ផែនទី របស់រដ្ឋាភិបាលជាមួយផែនទីរបស់អង្គការសហប្រជាជាតិ បានបង្ហាញពីភាពមិនត្រឹមត្រូវ របស់រដ្ឋាភិបាលកម្ពុជា ហើយស្នើឲ្យរដ្ឋាភិបាលប្រើយន្តការអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសវៀតណាម។
កាលពីថ្ងៃទី ២០និង ២២ ខែសីហា ឆ្នាំ២០១៥ ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាប្រទេសបារាំង និង ក្រុមប្រឹក្សាឃ្លាំងមើលកម្ពុជា បានរៀបចំកិច្ចពិគ្រោះយោបល់ និងពិនិត្យមើលផែនទីជាមួយប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាប្រទេសបារាំង មាន លោក ស៊ាន ប៉េងសែ លោក ឌី ការេត និង តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត និងលោក ឆាំ ឆានី ហើយនិង ចូលរួមពីសមាជិកនៃគណកម្មាធិការព្រំដែនកម្ពុជាផ្សេងទៀត ជាសមាជិកអង្គប្រជុំពិគ្រោះយោបល់។
សេចក្តីថ្លែងការណ៍នោះបានឲ្យដឹងថា រដ្ឋាភិបាលបានផ្ទៀងផ្ទាត់ផែនទីនេះផ្អែកលើ មូលដ្ឋានផែនទីមិនត្រឹមត្រូវដទៃទៀត មកបំភ័ន និងក្លែងបន្លំលើឯកសារប្រវត្តិសាស្រ្តពាក់ព័ន្ធនឹងផែនទីព្រំដែន ដូចមានក្នុងកំណត់ក្នុងរដ្ឋធម្មនុញ្ញ ។ នៅក្នុងសេចក្ដីថ្លែងការណ៍នោះបន្តថា តាមរយៈការពិនិត្យឯកសារផ្លូវការនានា សន្ធិសញ្ញាព្រំដែន និងការសិក្សាទៅលើផែនទីព្រំដែន ក្រុមជំនាញបានរកឃើញថាការផ្ទៀងផ្ទាត់ផែនទីព្រំដែនកម្ពុជាវៀតណាម គឺវាមិនបញ្ជាក់ពីភាពត្រឹមត្រូវ នៃផែនទីដើមរបស់កម្ពុជាដែលតម្កល់នៅអង្គការសហប្រជាជាតិទេ ។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បន្តថា រដ្ឋាភិបាលធ្វើសន្ធិសញ្ញាព្រំដែនថ្មី និងកំណត់បង្គោលថ្មី ប្រមាណ 352 បង្គោល ដោយផ្អែកលើផែនទីព្រំដែនគោកខ្នាត1/100.000 និងផែនទី UTM ខ្នាត 1/50.000ដែលអមដោយសន្ធិសញ្ញាខុសច្បាប់ឆ្នាំ១៩៨៥ ផែនទីផលិតដោយប្រទេសវៀតណាម និងបោះបង្គោលព្រំដែនតាមសន្ធិសញ្ញាព្រំដែនបំពេញបន្ថែមឆ្នាំ ២០០៥ ដើម្បីគាបសង្កាត់ឲ្យខ្មែរគ្រប់ភាគី ទទួលស្គាល់ រដ្ឋាភិបាលធ្វើនេះ ជារឿងត្រឹមត្រូវ។ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា អះអាងថា ការបោះបង្កោលព្រំដែន ជាមួយវៀតណាមបាន 83% នោះរដ្ឋាភិបាលកម្ពុជា ក៏ផ្អែកទៅលើផេនទី ដែលអមដោយសន្ថិសញ្ញាខុសច្បាប់ឆ្នាំ១៩៨៥ ដែរ។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានស្នើឲ្យរដ្ឋាភិបាលត្រូវតែយកយន្តការ តាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ1991 និងយន្តការតុលាការអន្តរជាតិ ដើម្បីដោះស្រាយជម្លោះព្រំដែនជាមួយវៀតណាម។ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងការ ណាមួយរបស់រដ្ឋាភិបាល និងគណបក្សនយោបាយ ដែលមានអាសនៈ ក្នុងរដ្ឋសភា ក្នុងគោលដៅធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា២ ដោយបង្ខំ ក្នុងបំណងបើកឲ្យមានការប្រើប្រាស់ផែនទីផ្សេង ដើម្បីបោះបង្គោលព្រំដែនជាបន្តជាមួយវៀតណាម។ ហើយករណី មានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា២ មានន័យថាធ្វើជាតិប្រហារ។ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាសូមចាត់ទុកថាជាជនក្បត់ជាតិ នូវជនទាំងឡាយណាដែលនឹង ចូលរួមអនុម័តវិសោធនកម្ម រដ្ឋធម្មនុញ្ញមាត្រា២នោះ”។
សូមបញ្ជាក់ថា មាត្រា២នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាមិនអាចរំលោភបានជាដាច់ខាត ក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ក្នុងផែនទីខ្នាត1/100.00 ធ្វើនៅចន្លោះឆ្នាំ 1933-1953 ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ1963-1969។
យ៉ាងណាក៏ដោយ កន្លងមក រដ្ឋាភិបាល បានអះអាងពីការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងកិច្ចការបោះបង្គោលព្រំដែនជាមួយវៀតណាម។ គណកម្មការព្រំដែនធ្លាប់អះអាងថា ការបោះបង្គោលព្រំដែនកន្លងមកគឹប្រើប្រាស់ផែនទីត្រឹមត្រូវ និងគោរពតាមមាត្រា២នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា។
ក្រោយពីកម្ពុជា បានទទួលផែនទីចំនួន១៨ផ្ទាំងពីអង្គការសហប្រជាជាតិ និងផ្ទៀតផ្ទាត់ដូចគ្នាទៅនឹងផែនទីរបស់រដ្ឋាភិបាល លោកនាករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសចាប់ខ្លួនចំពោះជនណា ដែលចោទរដ្ឋាភិបាលថា ប្រើប្រាស់ផែនទីក្លែងក្លាយ៕
ដោយ ៖ ញ៉ែម សំណាង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!