សង្គមស៊ីវិលព្រួយបារម្ភ ចំពោះដីសម្បទានសេដ្ឋកិច្ច នៅតំបន់ជាប់ព្រំដែន ទៅអោយក្រុមហ៊ុនបរទេស
សូមលោកអ្នកនាងស្តាប់ព័ត៌មានពិស្តារដោយលោកញ៉ែមប្រសិដ្ឋដូចតទៅ៖
សង្គមស៊ីវិល ព្រួយបារម្ភចំពោះការអោយដីសម្បទានសេដ្ឋកិច្ច ទៅអោយក្រុមហ៊ុនបរទេសជាប់តំបន់ព្រំដែន ពីសំណាក់រាជរដ្ឋាភិបាល ដោយសង្គមស៊ីវិលទាំងនោះលើកឡើងថា ការធ្វើបែបនេះអាចមានការពិបាកនៅក្នុងការគ្រប់គ្រង និងមិនបានផ្តល់ផលប្រយោជន៍អ្វីដល់សេដ្ឋកិច្ចប្រជាពលរដ្ឋរស់នៅទីនោះផ្ទាល់នោះទេ។
លោកអ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ដែលអវត្តមាននៅក្នុងប្រទេសនោះ បានសរសេរនៅលើហ្វេសប៊ុករបស់លោក ដោយ ជម្រុញអោយរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការផ្តល់ដីសម្បទានសេដ្ឋកិច្ចនៅជាប់តំបន់ព្រំដែនអោយទៅកាន់ក្រុមហ៊ុនបរទេសជាពិសេសប្រទេសជិតខាង គឺក្រុមហ៊ុនវៀតណាម ហើយត្រូវដកហូតដីសម្បទានសេដ្ឋកិច្ចនៅតាមព្រំដែនដែលបានផ្តល់ឲ្យក្រុមហ៊ុនវៀតណាម មកវិញ ព្រោះវាជាគ្រោះថ្នាក់ដល់បូរណភាពទឹកដី នាពេលអនាគត ។ កម្មករ ៨០% ជាជនជាតិវៀតណាមក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ចនោះ ជាការអនុវត្តផ្ទុយនឹងច្បាប់ការងារនិងច្បាប់អន្តោប្រវេសន៏កម្ពុជាផងដែរ។
ទាក់ទិនទៅនឹងរឿងនេះផងដែរ លោកឆាយ ធី មន្រ្តីសម្របសម្រួលអង្គការអាដហុកប្រចាំនៅខេត្ត រតនគិរី បានអោយដឹងថា ផ្ទៃដីសម្បទានសេដ្ឋកិច្ចជាច្រើននៅជាប់តំបន់ព្រំដែន និងខ្លះទៀតមិនជាប់ សុទ្ធសឹងតែបានផ្ទេរកម្មសិទ្ធអោយទៅអ្នកផ្សេងជាហូរហែ និងមួយភាគធំបានទៅលើក្រុមហ៊ុនវៀតណាតែម្តង។ យ៉ាងនេះក្តីលោកមិនបានបញ្ជាក់ថា ក្រុមហ៊ុនវៀតណាដែលគ្រប់គ្រងនៅតំបន់ព្រំដែន ដែលមានប្រមាណ ៤ម៉ឺនហិកតា បានគ្រប់គ្រងដោយកងទ័ពវៀតណាមនោះទេ។
មន្រ្តីអង្គការអាដហុករូបនេះ អះអាងថា ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នោះ ភាគច្រើនពុំទទួលបានផលប្រយោជន៍ ឬការងារធ្វើពីសំណាក់ក្រុមហ៊ុនទាំងអស់នោះនោះទេ ដោយឡែក សម្រាប់ព្រៃឈើ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនត្រូវទទួលរងការខូចខាត និងកាប់បំផ្លាញពីសំណាក់ក្រុមហ៊ុនវៀតណាទាំងនោះ។
ចំណែកអ្នកស្រាវជ្រាវ ការអភិវឌ្ឍន៍សង្គម លោក មាស នី សង្កេតឃើញថា ភាគច្រើនក្រុមហ៊ុនវៀតណាម ដែលទទួលបានសិទ្ធិវិនិយោគ នៅលើតំបន់ដីសម្បទានទាំងអស់ សុទ្ធសឹងតែទទួលយកកម្មកររបស់គេជាជនជាតិវៀតណាម ដោយសារតែតំបន់នោះពុំមានកម្មករជំនាញដែលពួកគេចង់បាន នេះជាហេតុធ្វើអោយ ប្រជាពលរដ្ឋខ្មែរពុំទទួលបានផលប្រយោជន៍ពីក្រុមហ៊ុន។
លោកថា ភាគច្រើនដីតំបន់សម្បទាននៅតំបន់ខេត្តរតនគិរីនោះ សុទ្ធសឹងតែជាវាលរហោស្ថាន មានតែស្មៅ សម្រាប់ចិញ្ចឹមគោ និងតំបន់មួយចំនួនពុំមានការអភិវឌ្ឍន៍ជាដុំកំភួននោះទេ។ លោកជម្រុញអោយរដ្ឋាភិបាលលុបចោល ដីសម្បទានទាំងនោះ និងបញ្ឈប់ការផ្តល់ដីសម្បទានទៅអោយក្រុមហ៊ុនវៀតណាម ជាពិសេសនៅជាប់ព្រំដែនតែម្តង ដោយសារតែវាជាហានិភ័យខ្ពស់ សម្រាប់ប្រទេសជិតខាងដែលមិនស្មោះត្រង់រឿងព្រំដែននោះ។
ជុំវិញបញ្ហានេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ធ្លាប់បានបញ្ជារឲ្យមានការត្រួតពិនិត្យ និងដកហូតដីសម្បទានពីក្រុមហ៊ុនឯកជនណាដែលប្រើប្រាស់អាជ្ញាបណ្ណរបស់ខ្លួនសម្រាប់ធ្វើការកាប់បំផ្លាញព្រៃឈើ បំពានដីរបស់ប្រជាពលរដ្ឋ និងដីរបស់សហគមន៍។ បន្ថែមពីនោះទៀតលោកនាយករដ្ឋមន្រ្តី បានបង្គាប់ឲ្យស្ថាប័នពាក់ព័ន្ធធ្វើការត្រួតពិនិត្យពីការប៉ះពាល់ដល់ដីសហគមន៍ និងជីវភាពប្រជាពលរដ្ឋដោយសារក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!