អតីតនាយករដ្ឋមន្រ្តីថៃលោកស្រីយីងឡាក់ឡើងតុលាការនៅថ្ងៃនេះ
Bangkok 18 May: អតីតនាយករដ្ឋមន្រ្តីថៃលោកស្រីយីងឡាក់ស៊ីណាវ៉ាត្រាបានមកដល់នៅក្នុងតុលាការនៅក្នុងរដ្ឋធានីបាងកកប្រទេសថៃហើយ ដើម្បីចាប់ផ្តើមសវនាការរបស់លោកស្រីលើការចោទប្រកាន់ពីបទធ្វេសប្រហែស។
នៅក្នុងសំណុំរឿងនេះ លោកស្រីត្រូវបានចោទប្រកាន់ពីបទធ្វេសប្រហែសចំពោះការបំពេញកាតព្វកិច្ចសម្រាប់តួនាទីរបស់លោកស្រីនៅក្នុងគម្រោងឧបត្ថម្ភធនស្រូវដ៏ចម្រូងចម្រាសកាលពីលោកស្រីនៅមានតួរនាទីជាអ្នកដឹកនាំរដ្ឋាភិបាល។ប្រសិនបើរកឃើញថាមានកំហុសដូចការចោទប្រកាន់មែននោះ លោកស្រីនឹងប្រឈមមុខជាប់ពន្ធនាគារជាអតិបរមា១០ឆ្នាំ។លោកស្រីយីងឡាក់ដែលត្រូវបានបង្ខំឱ្យចុះចេញពីតំណែងកាលពីឆ្នាំមុននោះបានបដិសេធការចោទប្រកាន់មកលើរូបគាត់ ដោយលោកស្រីបានថ្លែងថា ពួកគេត្រូវបានជម្រុញចិត្តខាងនយោបាយតែប៉ុណ្នោះ។ លោកស្រីបានប្រាប់ក្រុមអ្នកកាសែតនៅពេលទៅដល់តុលាការកំពូលនៅថ្ងៃអង្គារនេះថា លោកស្រីមានទំនុកចិត្តថា តុលាការនឹងបញ្ជាក់ពីភាពគ្មានទោសកំហុសរបស់លោកស្រី។
កាសែតថៃជាតិមួយបានរាយការណ៍ថា កាលពីសប្តាហ៍មុន អតីតនាយរដ្ឋមន្រ្តីរូបនេះ បានថ្លែងថាលោកស្រីបានត្រៀមខ្លួនជាស្រេចដើម្បីការពារខ្លួនឯងផ្ទាល់ក្នុងសេចក្តីថ្លែងការណ៍បើកឆាករបស់លោកស្រី។
តុលាការធម្មនុញ្ញរបស់ប្រទេសថៃបានបង្ខំឱ្យលោកស្រីយីងឡាក់ចាកចេញពីការិយាល័យនៅដើមខែឧសភាឆ្នាំ 2014 បន្ទាប់ពីរកឃើញពិរុទ្ធភាពរបស់លោកស្រីពីបទរំលោភអំណាចក្នុងតួនាទីជានាយករដ្ឋមន្ត្រី។ប៉ុន្មានសប្តាហ៍ក្រោយមករបបយោធាដែលដណ្ដើមយកអំណាចពីលោកស្រីបានថ្លែងថា ខ្លួនត្រូវធ្វើជាចាំបាច់ដើម្បីស្តាររបៀបរៀបរយឡើងវិញក្រោយពីមានការតវ៉ាតាមដងផ្លូវរាប់ខែមកហើយនោះ។
កាលពីខែមករាឆ្នាំនេះលោកស្រីយីងឡាក់ត្រូវបានដកពីតំណែងស្ថាប័ននិតិបញ្ញត្តិ ដែលគ្រានោះមានការតាំងមនុស្សផ្សេងអោយធ្វើការជំនួសតួនាទីរបស់លោកស្រីនៅក្នុងគ្រោងការណ៍ឧបត្ថម្ភធនអង្ករនេះ។លោកស្រីក៏ត្រូវបានហាមឃាត់មិនឱ្យធ្វើនយោបាយប្រាំឆ្នាំ។
គម្រោងស្រូវអង្ករនេះបានចំណាយប្រាក់ឲ្យកសិករនៅតាមតំបន់ជនបទ ដែលពួកគេបានគាំទ្រគណបក្សរបស់លោកស្រីច្រើនបំផុត។ ការចំណាយពីរដងនៃអត្រាទីផ្សារសម្រាប់ដំណាំរបស់ពួកគេនៅក្នុងកម្មវិធីនេះ ធ្វើឲ្យរដ្ឋាភិបាលត្រូវចំណាយប្រាក់រាប់ពាន់លានដុល្លារ។លោកស្រីយីងឡាក់បានថ្លែងការពារខ្លួនឯងថាលោកស្រីបានបង្កើតគំរោងនេះគឺដើម្បីជួយគាំទ្រដល់ប្រជាពលរដ្ឋក្រីក្រនៅតាមជនបទតែប៉ុណ្ណោះ៕ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!