ក្រសួងការបរទេសកម្ពុជា ណែនាំឲ្យទូតខ្មែរប្រចាំប្រទេសថៃ រកមេធាវី ជួយកម្មករនេសាទខ្មែរ៥នាក់ ដោយរងការចោទពីបទចាប់រំលោភ ស្ត្រីទេសចរណ៍ជនជាតិបារាំង
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង នៅថ្ងៃទី១កុម្ភៈនេះ បានណែនាំឲ្យទូត ខ្មែរប្រចាំនៅប្រទេសថៃ រកមេធាវី ជួយ កម្មករនេសាទខ្មែរ ៥នាក់ ដែលត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនពីបទរំលោភនិងប្រើហឹង្សាទៅលើស្រ្តីទេសចរណ៍ ជនជាតិបារាំងពីររូបនៅលើកោះគុត ខេត្តត្រាត ក្នុងប្រទេសថៃ។
បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជានាថ្ងៃទី០១មីនា អោយដឹងថា បន្ទាប់ពីទទួល បានព័ត៌មានថា កម្មករនេសាទខ្មែរ ៥នាក់ បានចាប់រំលោភស្រ្តីទេសចរណ៍ជនជាតិបារាំង នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ម្សិលមិញនេះ ឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេស រួមនិងអាជ្ញាធរថៃ បានជិះឧទ្ធម្ភាគចក្ររួមគ្នាទៅកាន់កោះគុត កន្លែងកើតហេតុ។ តាមរយៈការសាកសួររបស់ឯកអគ្គរាជទូតខ្មែរ កម្មករទាំង ៥នាក់នោះ បានសារភាពថា ពួកគេ ពិតជាបានជាប់ពាក់ព័ន្ធលើករណី «រំលោភ និងប្រើហឹង្សា» ពិតប្រាកដមែន។ កម្មករទាំង ៥នាក់ បានឲ្យដឹងទៀតថា ការប្រព្រឹត្ត សកម្មភាពនេះ ដោយសារតែពួកគេស្ថិតក្នុងស្ថានភាពស្រវឹងស្រា។
បើតាមបុគ្គលិកសណ្ឋាគារ សែតអ៊ីនស៊ីរីសត ស្ថិតក្នុងស្រុកកោះគុត ខេត្តត្រាត ប្រទេសថៃ បានបញ្ជាក់ថា នៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ ភ្ញៀវទេសចរ ៤នាក់ ក្នុងនោះប្រុសពីរនាក់ និងស្រីពីរនាក់ បាននាំគ្នាទៅដើរលេងកម្សាន្តតាមឆ្នេរសមុទ្រ ហើយក៏ត្រូវកម្មករខ្មែរទាំង ៥ នាក់ ស្ទុះទៅវាយ ព្រមទាំងបានចាប់រំលោភនារីពីរនាក់ និងប្រើហឹង្សាទៅលើបុរសរងរបួសយ៉ាងធ្ងន់ធ្ងរ។ ប្រភពដដែលបន្តថា ក្រោយពេលចាប់រំលោភ ប្រជាពលរដ្ឋថៃជាង ៥០នាក់ និងកំលាំងតម្រួតបានចេញប្រតិបត្តិការទៅកាន់ចំណុច កើតហេតុ និងដេញតាមចាប់ពលករបានទាំង ៥នាក់តែម្តង។
សូមបញ្ជាក់ផងដែរ កម្មករខ្មែរបម្រើការលើទូកនេសាទរបស់ថៃទាំង ៥នាក់នេះ មានវ័យប្រមាណ ២៥ឆ្នាំ ហើយពួកគេត្រូវបានអាជ្ញាធរថៃបញ្ជូនខ្លួន រួម និងវត្ថុតាងទៅតុលាការខេត្តត្រាត ដើម្បីវិនិច្ឆ័យទោសតាមផ្លូវច្បាប់៕
ដោយ៖ សៀង ម៉េងសាង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!