លោកសម រង្សី ថា ពាក្យបដិវត្តន៍ មិនមែនមានន័យចង្អៀតចង្អល់ និងអាក្រក់ជានិច្ច នោះទេ
លោក សម រង្ស៊ីប្រធានគណបក្សសង្រ្គោះជាតិដែលភៀសខ្លួនទៅឯក្រៅប្រទេសថា អ្នកកាន់អំណាចនៅកម្ពុជាសព្វ ថ្ងៃហាក់ដូចជាមានការភ័យខ្លាច ចំពោះពាក្យ បដិវត្តន៍ ព្រោះពួកគេនឹកដល់សម័យខ្មែរក្រហម ដែលពួកគេបានឆ្លងកាត់ ដែលមានការកាប់សម្លាប់គ្នា និងបង្ហូរឈាមក្រោមទង់ បដិវត្តន៍។ លោកអះអាងថា ការពិត ពាក្យ បដិវត្តន៍ នេះ មិនមែនមានន័យចង្អៀតចង្អល់ និងអាក្រក់ជានិច្ច ដូចការយល់ឃើញរបស់ពួកគេនោះទេ។
លោក សម រង្ស៊ី បានអោយដឹងតាមទំព័រFacebook ផ្លូវការរបស់នៅយប់ថ្ងៃទី ២ ខែមិនាម្សិលមិញនេះថា បដិវត្តន៍ គឺជាការប្រែប្រួលមួយយ៉ាងឆាប់រហ័សក្នុងផ្នត់គំនិតមនុស្ស ឬក្នុងការរស់នៅក្នុងសង្គម ដែលមានឥទ្ធិពលស៊ីជម្រៅ និងយូរអង្វែង។ លោកពន្យល់ថា បដិវត្តន៍ មានច្រើនប្រភេទ និងច្រើនបែបយ៉ាង ហើយបដិវត្តន៍មួយចំនួន បាននាំមកនូវផលប្រយោជន៍ដ៏ធំធេង ភាពជឿនលឿន និងភាពរុងរឿង ដល់សង្គម និងដល់មនុស្សលោកទាំងមូល។
លោកលើកឧទាហរណ៍ថាដូចជា បដិវត្តន៍ឧស្សាហកម្ម នៅទ្វីបអឺរ៉ុប សតវត្សរ៍ទី ១៩ បដិវត្តន៍វេជ្ជសាស្ត្រ នៅពីទស្សវត្សរ៍ ១៨៦០ បដិវត្តន៍បៃតងជាការបង្កើនផលិតភាពកសិកម្មជាប្រវត្តិសាស្ត្រ ចាប់ពីទស្សវត្សរ៍ ១៩៦០ និងបដិវត្តន៍បច្ចេកវិទ្យា ការប្រើប្រាស់កុំព្យូទ័រ និងឧបករណ៍ពាក់ព័ន្ធ នៅទូទាំងពិភពលោក នៅចុងសតវត្សរ៍ទី ២០ និងដើមសតវត្សរ៍ទី ២១ នេះ។
លោក សម រង្ស៊ី បន្ថែមថាមាន បដិវត្តន៍ ដ៏ល្អប្រសើរជាច្រើន ដែលនាំមកនូវការផ្លាស់ប្តូរ ទាំងផ្នត់គំនិត ទាំងរបៀបរស់នៅ ទាំងរបៀបចាត់ចែងការងារ និងទាំងរបៀបគ្រប់គ្រងប្រទេស។ ពេលនេះ យុវជនទូទាំងពិភពលោក កំពុងតែឆ្លងកាត់បដិវត្តន៍បច្ចេកវិទ្យាមួយ ទាក់ទងទៅនឹងព័ត៌មានវិទ្យា ដែលនាំមកនូវការប្រែប្រួលជាវិជ្ជមាន ក្នុងការច្នៃផ្នត់គំនិត និងរបៀបរស់នៅរបស់ប្រជាពលរដ្ឋជាទូទៅ។ លោក សម រង្ស៊ីបញ្ជាក់ថាសម្រាប់យុវជនខ្មែរភាគច្រើនលើសលប់ អ្វីៗទាំងអស់នេះ ទើបតែមានក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ហើយបាននាំមកនូវការប្រែប្រួលជាច្រើន ក្នុងការទទួលព័ត៌មាន ស្វែងរកចំណេះដឹង និងទំនាក់ទំនងគ្នាក្នុងសង្គម ដែលធ្វើឲ្យសង្គមឈានទៅមុខ ឆ្ពោះទៅរកតម្លាភាព ភាពជឿនលឿន និងលទ្ធិប្រជាធិបតេយ្យ។
លោក សម រង្ស៊ី អំពាវនាវ ដល់អ្នកកាន់អំណាចសព្វថ្ងៃកុំឲ្យខ្លាចពាក្យ បដិវត្តន៍នេះខុសរឿង ដោយនឹកឃើញតែពីសម័យខ្មែរក្រហមប៉ុណ្ណោះ។ លោកក៏បានស្នើកុំឲ្យធ្វើបាប និងដាក់ទោសទៅលើយុវជន ដូចជានិស្សិតឈ្មោះ គង់ រ៉ៃយ៉ា ដែលមានគំនិតជឿនលឿនទាន់សម័យប្រើពាក្យ បដិវត្តន៍ ដែលយល់ច្បាស់អំពីបរិបទថ្មី ប្រែប្រួលឥតឈប់ឈរ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា រដ្ឋាភិបាលពុំដែលមានការភ័យខ្លាចចំពោះពាក្យថាបដិវត្តិ៍នោះទេ តែអ្វីដែលរដ្ឋាភិបាលធ្វើគឺដើម្បីថែរក្សាសន្តិភាពក្នុងប្រទេស។ លោកបានចោទ លោក សម រង្ស៊ីថាជាថ្នាលបណ្តុះអ្នកធ្វើបដិវត្តិ៍តតាំងប្រឆាំងទៅនឹងរដ្ឋាភិបាលកម្ពុជា។
លោក រស់ រ៉ាវុធ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ បានអោយដឹងថា ពាក្យបដិវត្តន៍នេះគឺ ជាការប្តូរអី្វមួយទៅជាអ្វីមួយ ហើយអាក្រក់ ឬល្អអាស្រ័យទៅលើអ្នកប្រើប្រាស់។ លោកបន្ថែមថា ក្នុងប្រទេសកម្ពុជាគឺមិនអាចកើតមានបដិវត្តន៍ទៀតនោះទេ ព្រោះប្រជាពលរដ្ឋយល់ច្បាស់ពីលទ្ធិផលរបស់វា។
សូមបញ្ជាក់ថា ដោយសាការនិយាយពីបដិវត្តិន៍ពណ៌ បានធ្វើអោយអតីតនិស្សិតសាកលវិទ្យាល័យខេមរៈ រាជធានីភ្នំពេញ ឈ្មោះ គង់ រ៉ាយ៉ា ត្រូវបានចាប់ខ្លួន បន្ទាប់ពី អំពាវនាវនៅលើបណ្តាញសង្គម Facebook ឲ្យមានការធ្វើបដិវត្តន៍ពណ៌ប្រឆាំងនឹងរដ្ឋាភិបាល ហើយតុលាការបានសម្រេចឃុំខ្លួនដាក់ពន្ធនាគារកាលពីថ្ងៃទី២២ ខែសីហាឆ្នាំ ២០១៥ ក្រោមការចោទប្រកាន់ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ។ ក្រោយមកត្រូវបានសាលាដំបូងរាជធានីភ្នំពេញបើកសវនាការជំនុំជម្រះនៅព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ នឹងប្រកាសសាលក្រមនៅថ្ងៃទី១៥ ខែមីនា៕
ដោយ ហ៊ាង រដ្ឋធានី Email: heang.ratheany@gmail.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!