ព្រឹត្តិការណ៍អង្គរសង្រ្កាន្ដឆ្នាំ២០១៦នឹងរៀបចំនៅទីតាំងផ្សេងៗគ្នា នៅខេត្តសៀមរាប
ព្រឹត្តិការណ៍អង្គរសង្រ្កាន្ដឆ្នាំ២០១៦ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ខាងមុខនេះ គ្រោង នឹង រៀបចំនៅទីតាំងផ្សេងៗគ្នារួមមានបរិវេណខាងមុខប្រាសាទអង្គរវត្ត លានជល់ដំរី បរិវេណ ពិព័រណ៍អង្គរឃ្យុងយូ ផាប់ស្រ្ទីត និងសួនច្បារមុខព្រះរាជដំណាក់។
បើតាមការអោយដឹងពីលោកសុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០១៦ គឺ ព្រឹត្តិការណ៍អង្គរសង្រ្កាន្ដឆ្នាំនេះ នឹងរៀបចំសួនកុមារ និងជនពិការ ក៏ដូចជាការតុបតែងភ្លើងចំរុះពណ៌ ដែលលំអទៅ ដោយរូបស្វានិមិត្ត និងផ្កាចម្ប៉ា ដែលតំណាងឲ្យទេវតាឆ្នាំថ្មីផងដែរ ហើយ មូលដ្ឋាន គ្រឹះនៃការច្នៃប្រឌិត របស់ ព្រឹត្តិការណ៍អង្គរសង្រ្កាន្ដឆ្នាំ២០១៦ ផ្ដោតលើចំណុចគ្រឹះ៥ រួមមានការតុបតែង រចនាបថ ទីតាំង ពេលវេលា និង កម្មវិធី។
សេចក្តីប្រកាស់ពត៌មាន របស់សហភាពសហព័ន្ធយុវជនកម្ពុជានៅថ្ងៃទី៣មីនា បញ្ជាក់ថា ព្រឹត្តិការណ៍អង្គរស ង្រ្កាន្ដ ឆ្នាំ២០១៦ រយៈពេល៤ថ្ងៃនោះ នឹងនាំមកនូវកម្មវិធីជាច្រើនផ្សេងទៀត រួមមាន កម្មវិធីប្រចាំថ្ងៃជាច្រើនថ្ងៃដូចជា កម្មវិធីសាសនា ពិធីបួងសួងសុំសេចក្ដីសុខសួស្ដី ពិធីបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្ដ កម្មវិធីទាញព្រ័ត មិត្តភាពអង្គរ សង្រ្កាន្ដ កម្មវិធីល្បែងប្រជាប្រិយនិងរបាំប្រពៃណីខ្មែរ ពិធីបណ្ដែតគោមបួងសួងសុំសេចក្ដីសុខ កម្មវិធីមហាស្រព សិល្បៈវប្បធម៌បុរាណ ការប្រណាំងរទេះគោ ក្របី កម្មវិធីក្បួនដង្ហែអង្គរសង្រ្កាន្ដ គោមបណ្ដែតទឹក កម្មវិធី ល្ខោនបា សាក់ កម្មវិធីប្រកួតអបអរសាទរអង្គរសង្រ្កាន្ដឆ្នាំ២០១៦ ពិធីប្រកួតប្រជែងរូបថត ពិធីស្រង់ព្រះ កម្មវិធីស្រុក យើង កម្មវិធីតន្ត្រីអង្គរសង្រ្កាន្ត ព្រមទាំកម្មវិធីជាច្រើនទៀត។
យោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍ បានឲ្យដឹងថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ដលើកទី១ ឆ្នាំ២០១៣ ទទួល បានការចូលរួមពីភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន ១៧៩.១៥៤នាក់ មានការកើនឡើង ១៤,០៩% ធៀប ទៅនឹង ឆ្នាំ២០១២ ដែលមានចំនួនត្រឹមតែ ១៥៧.០១៩នាក់។ ដោយឡែក អាជ្ញាធរជាតិអប្សរា ក៏បានបង្ហាញឲ្យដឹងដែរថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ដឆ្នាំ២០១៤ បានទទួលភ្ញៀវទេសចរ សរុបចំនួន ៣៨៥.៦២៩ នាក់ ដែលក្នុង នោះភ្ញៀវ ជាតិ ប្រមាណ ៣៥៧.៨២០ នាក់ និងភ្ញៀវទេសចរ សរុបចំនួន ៣៨៥.៦២៩ នាក់ ពោលគឺមានការកើនឡើងទ្វេដង បើ ធៀបនឹងចំនួនភ្ញៀវទេសចរក្នុងអំឡុងពេលដូចគ្នា។
តាមរយៈទិន្ន័យនេះកម្ពុជា ជាពិសេសខេត្តសៀមរាបផ្ទាល់ ទទួលបានចំណូលសេដ្ឋកិច្ចប្រមាណជិត ៣០ លាន ដុល្លាអាមេរិក។ ដោយឡែក ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០១៥ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិ រហូតដល់ជិត ១លាននាក់ ក្នុងអត្រាកំណើនត្រីគុណនឹងស្ថិតិចំនួនភ្ញៀវទេសចរឆ្នាំកន្លងទៅដែលមានចំនួនសរុប ៣៨៥.៦២៩នាក់។ បើធៀបលំហូរចូលសេដ្ឋកិច្ចជាតិ ព្រឹត្តិការណ៍នៅឆ្នាំ២០១៥ បានទាញចំណូល សេដ្ឋកិច្ចខេត្តសៀមរាបដោយផ្ទាល់ចំនួន ៦០លានដុល្លាអាមេរិក ស្មើនឹងទេ្វដងនៃចំណូលឆ្នាំមុន ដែលមានជិត៣០លានដុល្លាសហរដ្ឋអាមេរិក៕
ដោយ VoY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!